ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៧​ឆ្នាំ ទិវា​បុណ្យ​ឯករាជ​ពី​អ​ណា​និគម​និយម​បារាំង​ឆ្នាំ​៥៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៧​ឆ្នាំ នៃ​ការ​ទទួល​បាន​ឯករាជ្យ​ជាតិ រួច​ផុត​ពី​អាណានិគមនិយម​បារាំង​ឆ្នាំ​១៩៥៣ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៧​ឆ្នាំ នៃ​ការ​ទទួល​បាន​ឯករាជ្យ​ជាតិ រួច​ផុត​ពី​អាណានិគមនិយម​បារាំង​ឆ្នាំ​១៩៥៣ ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សមាជិក​សមាជិកា​រដ្ឋសភា អញ្ជើញ​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៧ ។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារិក នៅ​បរិវេណ​វិមាន​ឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់​អាវុធ យុវជន សិស្ស​និស្សិត ក្រុម​យុវជន​កាយ​ឬ​ទ្ធិ និង​យុវជន​កាកបាទក្រហម ឯកអគ្គ​រា ជ​ទូត ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​នានា ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​អបអរសាទរ ទិវា​ឯករាជ្យ​ជាតិ យ៉ាងច្រើន​កុះករ ។

ក្នុង​ពិធី​នេះ ព្រះករុណា​ជា​អម្ចាស់​បាន​យាង​ប្រទាន​ភ្លើង​ជ័យ​ជា​និមិត្តរូប​នៃ​ជ័យ​ជំនះ សុខ​សន្តិភាព និង​ឯករាជ្យ​ពេញ​បរិបូរណ៍​របស់​កម្ពុជា ។ ថ្ងៃ​ទី​៩ វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​បង្ហាញ​ពី​ឯករាជ្យ​ជាតិខ្មែរ និង​ជា​ការ​ឧទ្ទិស​ដល់ ព្រះរាជ​បូជនីយកិច្ច របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​នៅ​ក្នុង​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។

វិមាន​ឯករាជ្យ​សាងសង់​ឡើង ដើម្បី​ជា​និមិត្តរូប​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ​រួច​ពី​ការ​គ្រប់គ្រង​របស់​បរទេស ។

ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ដដែល​ថា អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ។ សម្តេច​បាន​បញ្ជាក់​ថា ៖« ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង​ស្រប​ជាមួយនឹង​ខួប​៦៧​ឆ្នាំ នៃ​ការ​បង្កើត​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​» ។

ប្រមុខ​រាជរដ្ឋាភិបាល​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ