ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ដែល​អ្នក​គួរ​ជៀសវាង​ដាច់​ខាត​ក្នុង​អាជីព

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ជួប​មនុស្ស​ដែល​មាន​សមត្ថភាព និង​សក្តានុពល​ភាព​ខ្ពស់​ជា​ច្រើន​នាក់​ហើយ​ដែល​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​មិន​ថា ខិតខំ​ប្រឹងប្រែង​យ៉ាងណា ឬ​មាន​អ្នក​ជួយ​ចាំ​ណែនាំ​យ៉ាងណា​ក្តី​។ ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ធ្លាក់​ក្នុង​ស្ថាន​ការ​ដូច​គ្នា​នេះ​ដែរ អ្នក​គួរតែ​ជៀសវាង​នូវ​កំហុសឆ្គង​ធំ​ៗ​ខាងក្រោម​នេះ ៖ ១. ការ​មិន​មាន​ភាព​នឹងនរ​ក្នុង​ការងារមនុស្ស​ចូល​ចិត្ត​អ្នក​ដទៃ​ដែល​គោរព​តាម​ការ​សន្យា​របស់​ខ្លួន ប៉ុន្តែ​មិន​ខ្វល់​ច្រើន​ទេ​ថា…

អ្នក​ប្រហែលជា​ធ្លាប់​ជួប​មនុស្ស​ដែល​មាន​សមត្ថភាព និង​សក្តានុពល​ភាព​ខ្ពស់​ជា​ច្រើន​នាក់​ហើយ​ដែល​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​មិន​ថា ខិតខំ​ប្រឹងប្រែង​យ៉ាងណា ឬ​មាន​អ្នក​ជួយ​ចាំ​ណែនាំ​យ៉ាងណា​ក្តី​។ ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ធ្លាក់​ក្នុង​ស្ថាន​ការ​ដូច​គ្នា​នេះ​ដែរ អ្នក​គួរតែ​ជៀសវាង​នូវ​កំហុសឆ្គង​ធំ​ៗ​ខាងក្រោម​នេះ ៖

១. ការ​មិន​មាន​ភាព​នឹងនរ​ក្នុង​ការងារ
មនុស្ស​ចូល​ចិត្ត​អ្នក​ដទៃ​ដែល​គោរព​តាម​ការ​សន្យា​របស់​ខ្លួន ប៉ុន្តែ​មិន​ខ្វល់​ច្រើន​ទេ​ថា មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​ល្អ​ជាង ឬ​ច្រើន​ជាង​អ្វី​ដែល​បាន​សន្យា​ទេ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ឧស្សាហ៍​សម្រេច​​បាន​លទ្ធផល​ការងារ​ល្អ ឬ​សម្រេច​បានការ​ងារ​ច្រើន​ជាង​តួនាទី​ចាំបាច់​របស់​ខ្លួន​នោះ អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​អាច​បន្ត​គោរព​តាម​ការ​សន្យា​របស់​អ្នកជា​និច្ច​។ មនុស្ស​ដែល​ម្តង​ធ្វើការ​បាន​ល្អ និង​ម្តង​ធ្វើការ​មិន​បាន​ល្អ​មិន​អាច​លេចធ្លោ​ទេ​។

២. ការ​គ្មាន​ភាព​ចាស់ទុំ
បុគ្គលិក​ដែល​នៅ​ក្មេងខ្ចី​ជា​មនុស្ស​ដែល​ងាយ​នឹង​ខឹង និង​មិន​ចេះ​ទទួលខុសត្រូវ​សម្រាប់​សកម្ម​ភាព​របស់​ខ្លួន​។ បុគ្គល​ទាំងនេះ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ពួក​គេ​ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​ៗ​ទេ​។ ពួក​គេ​ចំណាយ​ថាមពល​ច្រើន​ទៅ​លើ​ការ​ប្រឆាំង​នឹង​កិច្ចការ​ដែល​ពួក​គេ​មិន​ចង់​ធ្វើ​។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​មិន​មាន​ស្តង់ដារ​ក្នុង​ការងារ និង​ចូល​ចិត្ត​ចោទប្រកាន់​អ្នក​ដទៃ​សម្រាប់​លទ្ធផល​ការងារ​របស់​ខ្លួន​។

៣. ភាព​អវិជ្ជមាន
អ្នក​ប្រហែលជា​ស្គាល់​មនុស្ស​ដែល​តែងតែ​រអ៊ូរទាំ​ពី​រឿង​អ្វី​ៗ​ទាំង​អស់ហើយ​។ តើ​អ្នក​ចូល​ចិត្ត​នៅ​ជិត​មនុស្ស​ទាំងនោះ​ទេ? មនុស្ស​ដែល​ជោគជ័យ​មិន​ចំណាយ​កម្លាំង​របស់​ពួក​គេ​លើ​ភាព​អវិជ្ជមាន​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ព្យាយាម​ដោះស្រាយ​បញ្ហា និង​ផ្តោត​ស្មារតី​លើ​គោលដៅ​ដែល​ខ្លួន​ចង់​សម្រេច​។

៤. ការ​និយាយដើម​អ្នក​ដទៃ
តើ​អ្នកមាន​ឋានៈ​អ្វី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​និយាយ​ពី​មនុស្ស​ម្នាក់​ទៀត​ពីក្រោយ​ខ្នង​គេ? ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​ប្រហែលជា​គិត​ថា​ខ្លួន​ពូកែ ឬ​ខ្ពស់​ជាង​អ្នក​ទាំងនោះ​ហើយ​។ តើ​វា​យុត្តិធម៌​ក្នុង​ការ​វាយតម្លៃ​មនុស្ស​ម្នាក់​នៅ​ពេល​ដែល​អ្នក​មិនដឹង​ពី​ជីវប្រវត្តិ ស្ថាន​ការ និង​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​ទេ? ការ​និយាយដើម​អ្នក​ដទៃ​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើលងាយ​អ្នក​វិញ​ណាស់​។

អាកប្បកិរិយា​របស់​អ្នក​អាច​ជា​គុណសម្បត្តិ ឬ​គុណវិបត្តិ​របស់​អ្នក​ក្នុង​កន្លែង​ការងារ​មួយ​។ បើ​អ្នក​ចង់​មានឱកាស​ជោគជ័យ​ខ្ពស់ អ្នក​គួរតែ​ជ្រើសរើស​អាកប្បកិរិយា​ដែល​អាច​ជា​គុណសម្បត្តិ​របស់​អ្នក​វិញ ដោយ​ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ ការ​ស្មោះត្រង់ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​វិញ​។ អ្នក​ថែម​ទាំង​អាច​ក្លាយជា​គំរូ​ដែល​ជួយ​បង្ក​ឲ្យ​បរិស្ថាន​ការងារ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ថែម​ទៀត​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ theladders

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ