ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! បុរស​វ័យ​ចំណាស់​ម្នាក់​ទៅ​ច្រូត​ស្មៅ​​ឱ្យ​គោ​ស៊ី បែរជា​ជួប​គ្រោះថ្នាក់​​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ក្បែរ​ទូក​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អាង​កណ្តោល ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ក្បែរ​ទូក​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អាង​កណ្តោល ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ ។

បើ​តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ រឿង ពន្លក ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​អុំទូក​ម្នាក់ឯង​ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​នៅ​ចំណុច​អាង​កណ្តោល ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​សំដី​របស់​ប្រជាពលរដ្ឋ​នៅ​នឹង​អាង​កណ្តោល ក៏​ដូច​ជា​ពលរដ្ឋ​ឈ្មោះ អឿ​ន កំសត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កសិករ បាន​រៀបរាប់​ថា មុន​ពេល​ជន​រង​គ្រោះ​បាត់បង់​ជីវិត ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​កំពុង​តែ​ច្រូតស្មៅ​ម្នាក់ឯង​នៅ​ក្នុង​អាង លុះ​រយៈ​ពេល​១​ម៉ោង​ក្រោយ​ក៏​ស្រាប់តែ​បាត់​គាត់ ដោយ​មានការ​សង្ស័យ​ថា បុរស​ឈ្មោះ​អឿ​ន កំសត់ ដែល​រាយ​សន្ទូច​នៅ​ក្បែរ​នោះ ក៏​ស្រែកហៅ​មិត្តភក្តិ​ម្នាក់​ទៀត​ដើរទៅ​មើល​ជន​រង​គ្រោះ ក៏​ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ឈរ​ទ្រោប​ជាប់​នឹង​ស្មៅ​ក្បែរ​ទូក​បាន​បាត់បង់​ជីវិត​ទៅ​ហើយ បន្ទាប់​មក​ក៏​នាំ​គ្នា​លើកសព​ជន​រង​គ្រោះ​ដាក់​លើ​ទូក រួច​យក​សព​មក​លើគោក​វិញ​។

ក្រោយមក​នគរបាល​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​វ័យ​ចំណាស់ ដូច្នេះ​អាច​មក​ពី​គាត់​ធ្វើការ​ហួសកម្លាំង​រហូត​ខ្យល់គ ទើប​បណ្តាល​ឲ្យ​លង់​ទឹកតែ​ម្តង​។ ក្រោយ​ពេល​កើត​ហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​រយៈពេល​នៃ​ទឹកជំនន់​មក​ទល់​នឹង​ថ្ងៃ​ទី​២៧ ខែតុលា​នេះ បើ​យោង​តាម​របាយការណ៍​របស់​សាលាខេត្ត​បាន​បង្ហាញ​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយ​សារ​លង់ទឹក មាន​ចំនួន​២៦​នាក់ ។ នេះ​បើ​គិត​មក​ទល់​នឹង​ថ្ងៃ​ទី​២៨ ខែតុលា​នេះ គឺ​កើន​ម្នាក់​ទៀត ឡើង​ដល់​ចំនួន​២៧​នាក់ ។ ដែល​ក្នុង​នោះ​ក្រុង​សិរី​សោភ័ណ​កើន​១​នាក់ ឡើង​៤​នាក់​, ក្រុង​ប៉ោយ​ប៉ែ​ត ចំនួន​៤​នាក់​, ស្រុក​អូរ​ជ្រៅ​ចំនួន​២​នាក់​, ស្រុក​ស្វាយចេក​ចំនួន​៣​នាក់​, ស្រុក​ព្រះនេត្រព្រះ​ចំនួន​៣​នាក់​, ស្រុក​ថ្មពួក​ចំនួន​៣​នាក់​,​ស្រុក​ភ្នំស្រុក​១​នាក់​, ស្រុក​មង្គល​បូ​រី​៣​នាក់ និង​ស្រុក​ម៉ា​ឡៃ​ចំនួន​៤​នាក់ សរុប​ត្រឹម​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ គឺ​សរុប​ចំនួន​២៧​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ