រាជធានីភ្នំពេញ ៖ ខណៈតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានជួបនឹងប្រទះនឹងឥទ្ធិពលព្យុះ ប្រជានេសាទជាច្រើនបានរងផលប៉ះពាល់ និងមិនអាចចេញទូកទៅនេសាទបានជាប់លាប់ធ្វើឱ្យទិន្នផលនេសាទធ្លាក់ចុះក្នុងរយៈពេលថ្ងៃនេះ ។

ទាំងអ្នកនេសាទ និងអាជីករបានលើកឡើងថា នៅថ្ងៃឈប់សម្រាកបុណ្យអុំទូកខាងមុខ ខេត្តកែបអាចនឹងមិនមានគ្រឿងសមុទ្រគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅភ្ញៀវទេសចរដែលកម្សាន្តនៅខេត្តកែប ។
លោក កឹប ខា ប្រជានេសាទនៅខេត្តកែបបានឱ្យដឹងថា ដោយសារតែភ្លៀង និងព្យុះជាប់ៗគ្នា កាលពីប៉ុន្មានមុន និងបន្តមកដល់ពេលនេះធ្វើឱ្យរូបលោក និងប្រជានេសាទផ្សេងទៀតមិនអាចចេញទូកទៅនេសាទបានទេ បើចេញបានក៏បានត្រឹមតែមួយភ្លេតៗដែរ ពោល គឺបានតិចតួចប៉ុណ្ណោះ ។ លោកថា ៖«ពេលនេះ (ព្រឹកថ្ងៃទី២៨ តុលានេះ) ក៏មានរលកធំៗដែរ ពួកយើងកំពុងនៅកោះមិនអាចចេញទៅនេសាទបានទេ ហើយទឹកក៏លិចផ្ទះទៀត វាពិតជាពិបាកក្នុងការចេញទូកទៅណាស់» ។

លោកបន្តថា សម្រាប់បុណ្យអុំទូកខាងមុខនេះ បើភ្ញៀវមកច្រើនអាចនឹងខ្វះខាតគ្រឿងសមុទ្រដូចជា ក្ដាមបង្កាជាដើម ហើយតម្លៃវិញទោះបីជាខ្សត់កម្រិតណាក៏ដោយក៏ប្រជានេសាទមិនអាចឡើងថ្លៃដោយខ្លួនឯងដែរ គឺអាស្រ័យលើអាជីករ ឈ្មួញកណ្ដាលជាអ្នកផ្ដល់ឱ្យ ។ ក្នុងមួយគីឡូក្រាមក្ដាមល្អ ប្រជានេសាទ លក់បានត្រឹម២ម៉ឺនរៀលប៉ុណ្ណោះ តែអាជីវករលក់ចេញទៅវិញបានក្នុងតម្លៃ៥ម៉ឺនឯណោះ ។ លោកថា ៖« រៀងរាល់បុណ្យទានម្ដងៗ ប្រជានេសាទសុំឡើងថ្លៃពីអាជីវករ គឺពិបាកណាស់ ពួកគេមិនចង់ឡើងឱ្យទេ តែបើឡើងក៏ក្នុងកម្រិតមួយតិចតួចដែរ » ។
ដោយឡែកអ្នកស្រី ទ្រី ចិន្ដា អាជីវករនៅផ្សារក្ដាមខេត្តកែប បានអោយដឹងថាប្រជានេសាទជាច្រើនមិនបានចេញទូកទៅសមុទ្រ ធ្វើឱ្យទិន្នផលក្ដាម និងគ្រឿងសមុទ្រផ្សេងទៀតក៏មិនមានដែរច្រើនសម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវដែលនឹងមកលេងខេត្តកែបនៅពេលខាងមុខដែរ ។ ម្យ៉ាងទៀត តម្លៃក្ដាម និងគ្រឿងសមុទ្រផ្សេងទៀត ក្នុងពេលបុណ្យទានតែងតែឡើងថ្លៃ ។ អ្នកស្រីបានដាក់បន្ទុកការឡើងថ្លៃនេះ ថាមកពីប្រជានេសាទ ជាអ្នកឡើងថ្លៃទៅវិញ មិនមែនអាជីវករជាអ្នកឡើងនោះឡយ ។

អ្នកស្រីបន្តថា បញ្ហាឡើងថ្លៃវាជៀសមិនរួចទេ ដោយសារតែឆ្នាំនេះមានជួបព្យុះជួបភ្លៀង អ្នកនេសាទតិចណាស់ ដែលហ៊ានចេញទូកទៅនេសាទ ហើយទិន្នផលវិញក៏បានតិចជាងរាល់ដង ដូច្នេះអ្នកនេសាទ នឹងសុំឡើងថ្លៃ ដូច្នេះអាជីវករលើកយកមកលក់បន្តក៏ត្រូវឡើងថ្លៃតាមនោះដែរ ៕
ចែករំលែកព័តមាននេះ