ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​នៅ​ស​ណ្ឋា​គារ​ឆាង​ឆឹង



ខេត្តព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ស្តី​ពី​ករណី​បង្ក្រាប​គ្រឿងញៀន​ក្រោម​រូបភាព (​ភ្លៀងរលឹម​) កាលពី​វេលា​ម៉ោង​ប្រមាណ​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តម សេនីយ៍​ទោ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប ករណី​រក្សា​ទុក​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​១​ករណី នៅ​សណ្ឋាគារ​ឆាង​ឆឹង ស្ថិត​ក្នុង​ក្រុម​១៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​ចិន​២​នាក់ ម្នាក់​ឈ្មោះ HUANG XIAO HUI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ម្នាក់​ឈ្មោះ HU JUN ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ ក្នុង​នោះ​ដែរ​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) និង​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY)​ទម្ងន់​សុទ្ធ ៩២២.២​គីឡូក្រាម (​ជិត​១​គីឡូ​)​។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ដោយ​មានការ​ណែនាំ​ជា​ប្រចាំ​ពី​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​នគរបាល​ជាតិ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​.​ខេត្ត​.​ក្រុង បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​តាម​រូបភាព​ភ្លៀងរលឹម ទោះបី​ករណី​នោះ​តូច​ក្តី​ធំ​ក្តី ពោល​គឺ​ឲ្យ​តែ​បទល្មើស​គ្រឿងញៀន មិន​បណ្តោយ​ឲ្យ​ជនឧក្រិដ្ឋ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​។ ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ និង​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម​នោះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ