ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​សិង្ហ​បុរី​បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទឹកប្រាក់​ជាង​១០​ពាន់​លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ទុន​វិនិយោគ​មក​ពី​ប្រទេស​សិង្ហ​បុរី មាន​ទំហំ​សរុប​ប្រមាណ​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​រាប់​ចាប់ពី​ឆ្នាំ ២០១៨ មក ធ្វើ​ឱ្យ​សិង្ហ​បុរី​ជាប់​ជា​ប្រទេស​កំពូល​ទាំង​១០​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ទុន​វិនិយោគ​មក​ពី​ប្រទេស​សិង្ហ​បុរី មាន​ទំហំ​សរុប​ប្រមាណ​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​រាប់​ចាប់ពី​ឆ្នាំ ២០១៨ មក ធ្វើ​ឱ្យ​សិង្ហ​បុរី​ជាប់​ជា​ប្រទេស​កំពូល​ទាំង​១០​មាន​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា ។

តាម​ប្រសាសន៍​លោក​ម៉ៃ​ឃើ​ល តាន់​កេង​ស៊ឹង ឯកអគ្គរដ្ឋទូត​ប្រទេស​សឹ​ង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែងប្រាប់​សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​តុលា ថា ទុន​វិនិយោគ​របស់​សឹ​ង្ហ​បុរី​បាន​ហក់ ឡើង​ខ្ពស់​កាលពី​ឆ្នាំ​២០១៨ និង​២០១៩ ក្នុង​នោះ​កាលពី​ឆ្នាំ​២០១៨ មាន​ប្រមាណ ៤​ពាន់​លាន​ដុល្លា អា​មេ​រិ​ក ហើយ​ឆ្នាំ​២០១៩ មាន​ប្រមាណ ៤,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តែ​វា​បាន​ធ្លាក់​ចុះ​ទៅ​វិញ​នៅ​ដើមឆ្នាំ ២០២០ ដោយសារ​តែ​វិបត្តិ​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​ទុន​វិនិយោគ​របស់​សឹ​ង្ហ​បុរី​នៅ​កម្ពុជា​ក្នុង ឆ្នាំ​២០២០​នេះ​មាន​ប្រហែលជា ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។

លោក​បាន​មាន​ប្រសាសន៍​ថា ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សឹ​ង្ហ​បុរី មានការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នៅ​លើ​គ្រប់​វិស័យ​មាន​ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន បើ​ទោះជា នៅ​ឆ្នាំ​២០១៩ មានការ​រំខាន​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី ។

សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​បោះទុន​វិនិយោគ​របស់​សឹ​ង្ហ​បុរី​នៅ​កម្ពុជា គឺជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា បង្កើត​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​រាប់ ម៉ឺន​នាក់ ហើយ​វា​ក៏​បាន​បញ្ជាក់​ពី​គុណ​តម្លៃ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង ទាំង​ពីរ កម្ពុជា​-​សឹ​ង្ហ​បុរី ផង​ដែរ​។

សម្តេច​បាន​គូសបញ្ជាក់​ថា រដ្ឋសភា​កម្ពុជា​ពេញចិត្ត​ចំពោះ​ផ្លែផ្កា នៃ​កិច្ច សហប្រតិបត្តិការ​នានា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សឹ​ង្ហ​បុរី លើ​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ទេសចរណ៍ អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដែល​បាន​រួមចំណែក​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។

គម្រោង​វិនិយោគ​របស់​សិង្ហ​បុរី​ធំ​ៗ​មួយ​ចំនួន​ក៏​បាន​ជំរុញ​ឱ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​អគារ ខ្ពស់​ជាងគេ​មួយ​នៅ​កណ្ដាល​ភ្នំពេញ The Bridge , អគារ​ពាណិជ្ជកម្ម​កំពុង​សាងសង់ The Peak, អគារ​ខុន​ដូ ទំនើប​មួយ​នៅ​ប៉ែក​ខាងលិច​រាជធានី Axis Resident និង​គម្រោង​ជា​ច្រើន​ទៀត​ដែល​កំពុង​សាងសង់​នៅ​កម្ពុជា ព្រមទាំង​ក្រុមហ៊ុន​លក់​ផលិតផល ក្រុមហ៊ុន​បម្រើសេវា​កម្ម​ជា​ច្រើន​ទៀត​ផង​ដែរ ។

បើ​តាម​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ( DCD ) បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់​ឃើញ​ថា ទោះ​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្ដី តែ​កម្ពុជា​នៅ​តែ​ទទួល​បាន​គម្រោង​វិនិយោគ​ពី​បរទេស​និង​ក្នុងស្រុក​ជា​បន្តបន្ទាប់ ទាំង​អចលនទ្រព្យ និង​សេវាកម្ម​និង​ឧស្សាហកម្ម ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​កន្លង​មក​ក៏​សង្កេត​ឃើញ​ថា កំណើន​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ ក៏​ទទួល​បាន​កំណើន​គួរសម​ដែរ (​គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ ២០២០ ) តែបើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​វិញ​ក៏​បាន​និយាយ​ថា​គម្រោង​ខ្លះ​ត្រូវ​បាន​គិត​តាំងពី​មុន​កូ​វី​ដ​១៩​មក​ម្ល៉េះ ដូច្នេះ​គម្រោង​ទាំងនោះ​នៅ​បន្ត​តែ​ក៏​មាន​គម្រោង​មួយ​ចំនួន​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ​ព្រោះ​វិធាន​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ