ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯកឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិស្តីពីការបង្ក្រាបគ្រឿងញៀនក្រោមរូបភាពដូចភ្លៀងរលឹមនោះ កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កម្លាំងនគរបាលការិយាល័យទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវនិងចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន១ករណី នៅសណ្ឋាគារឆាងឆឹង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លទ្ធផលនៃការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ម្នាក់ឈ្មោះ Huang Xiao Hui ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hu Jun ភេទប្រុស អាយុ២៩ឆ្នាំ ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) មានទម្ងន់សុទ្ធ៩២២,២ក្រាម(ជិត១គីឡូក្រាម) ។
លោក ឡឹក វណ្ណៈ បន្តថា ដោយមានការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនតាមរូបភាពដូចភ្លៀងរលឹម ទោះបីករណីនោះតូចក្តីធំក្តី ពោលគឺឲ្យតែបទល្មើសគ្រឿងញៀន មិនបណ្តោយឲ្យជនឧក្រិដ្ឋរួចផុតពីសំណាញ់ច្បាប់ឡើយ ។

ជនសង្ស័យជាជនជាតិចិនទាំង២នាក់ និងថ្នាំញៀនជិត១គីឡូក្រាមនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ