​មនុស្ស​ជា​ច្រើនពិតជា​ធ្លាប់​លឺ​ពាក្យ​ «​ទុក្ខ​ស្រី​ប្តី​កាន់​លុយ​»តោះ​មកដឹង​មាន​អ្វី​នៅ​ពី​ក្រោយ​ពាក្យ​នេះ!


រាជធានីភ្នំពេញ ៖ «ទុក្ខស្រីប្តីកាន់លុយ» មានមនុស្សមួយចំនួន ប្រាកដជាបានលឺ និងបានជួបប្រទះនូវពាក្យនេះ ។ នៅក្នុងសង្គមគ្រួសារ ក្នុងប្រទេសកម្ពុជាមានភាគច្រើនក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ជាធម្មតាភរិយាតែងតែគ្រប់គ្រងនៃផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ (ភាសាសាមញ្ញ ប្រពន្ធជាអ្នកទុកដាក់លុយកាក់ដែលបានរក ឬចំណូល) ។

ដោយឡែក មានគ្រួសារខ្លះក៏មានការគ្រប់គ្រងលុយកាក់ពីសំណាក់ខាងស្វាមីផងដែរ (និយាយសាមញ្ញប្តីកាន់លុយ) ដែលយើងដកស្រង់ពាក្យ «ទុក្ខស្រីប្តីកាន់លុយ» នេះមកធ្វើការបកស្រាយ ។

លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&L គ្រុប សង្កត់ធ្ងន់ថា ប្រធានបទដែលលោកស្រីលើកយកមកថ្ងៃនេះ គឺជាសារជូនចំពោះតែបងប្រុសៗ ដែលមិនអោយប្រពន្ធ ដឹងលឺរឿងលុយកាក់ប៉ុណ្ណោះ ដូចនេះលោកស្រីមិនបាននិយាយចំពោះស្វាមីដែលឱ្យប្រពន្ធទុកដាក់លុយកាក់នោះទេ។ លោកស្រីបានបន្តថា ការចេញវីដេអូរបស់លោកស្រីពេលនេះ ប្រាកដជាមានបងប្រុសៗមួយចំនួនមិនពេញចិត្តនោះទេ ប៉ុន្តែលោកស្រីគ្រាន់តែចង់បង្ហាញនូវទុកលំបាកខ្លះដែលជាទុក្ខ ស្រីប្តីកាន់លុយនេះឯង។

លោកស្រី តាំង ហ្គេចលៀង បានបន្តថា «ខ្ញុំយល់នៃពាក្យថា ទុក្ខស្រីប្តីកាន់លុយ ប្រពន្ធៗទាំងនោះកំពុងមានការឈឺចាប់ ពិបាកចិត្តនិងនិយាយមិនចេញ ចឹងខ្ញុំសូមពាំនាំចិត្តដែលបានលាក់ទុកក្នុងចិត្តមនុស្សស្រីនេះ យកមកប្រាប់បងៗឱ្យបានយល់ពីគាត់ខ្លះទៅ។ ខ្ញុំឃើញមានគ្រួសារខ្លះ ឱ្យលុយប្រពន្ធចាយ ក្នុងមួយខែ ៣០០ ទៅ ៥០០ដុល្លារអាមេរិក ហើយអាហារហូបចុកដើរផ្សារនៃលុយប៉ុណ្ណឹង ខ្ញុំមិនជឿថាបងៗមិនដែលមើលរឿងមាតាដៃមួយរយ ឬក៏មិនដែលមើលឃើញថាប្រពន្ធរវល់អ្វីខ្លះ ប៉ុន្តែមកពីបងៗជាស្វាមីមិនចង់ដឹងមិនចង់លឺ មិនចង់កែទំលាប់មួយនឹង ហើយបងៗដែលជាស្វាមីបែរសប្បាយចិត្តនូវអ្វីដែលខ្លួនកំពុងអោបក្រសោប ឬសប្បាយនូវលទ្ធផលដែលបងៗកំពុងគ្រប់គ្រងបាន និងមានអំណាចលើគ្រួសារមួយនឹង»។

លោកស្រីបានបន្តថា ជីវិតប្តីប្រពន្ធ គឺមានសិទ្ធស្មើរគ្នា នៅថ្ងៃដែលយើងសំរេចចិត្តរៀបការជាមួយមនុស្សម្នាក់ ថ្ងៃនោះហើយដែលយើងបានសំរេចចិត្តប្រើប្រាស់ ជីវិតជាមួយគាត់ និងប្តេជ្ញាចិត្ត ព្រមរួមទាំងសុខ រួមទាំងទុក្ខជាមួយនិងគាត់។ ពេលរៀបការ យើងមិនមានអ្វីទាំងអស់ (បាតដៃទទេ) ដូចគ្នា យើងបើកទំព័រជីវិតថ្មីជាមួយគ្នា។ លោកស្រី តាំង ហ្គេចលៀង បានចោទជាសំនួរជាច្រើនដូចនេះថា ៖ ហេតុអីមានប្តីមួយចំនួន ស្រឡាញ់លុយជាងប្រពន្ធ? ទុក្ខចិត្តអ្នកដ៏ទៃជាងប្រពន្ធ ដោយព្រមយកលុយទៅរកស៊ីជាមួយគេ ហើយលាក់បាំងប្រពន្ធ ? ស្និទ្ធស្នាលជាមួយអ្នកដ៏ទៃជាងប្រពន្ធ?

លោកស្រីបានបកស្រាយនូវសំនួរទាំងនោះថា «អោយតំលៃអ្នកដ៏ទៃជាងមនុស្សស្រី ដែលកំដរអ្នកពេលអ្នកមានទុក្ខ មានមោទនភាពនៅពេលដែលអ្នកថ្កុំ ថ្កើន , នាងតែងតែបន់ស្រន់ អោយអ្នកសុខសប្បាយ បន់អោយអ្នករកស៊ីមានបាន ជោគជ័យ ដល់ពេលជោគជ័យភ្លេចនាងអោយឆឹង ។ល។ តើមានដឹងទេថា នាងកើតទុក្ខរាល់ថ្ងៃ?»។លោកភ្លេចនាងយូរពេកហើយ សូមងាកមកចាប់អារម្មណ៍នាងផង គិតតិចមើល លោកបានផ្តល់ក្តីសុខអីខ្លះអោយនាង ? នាងមិននិយាយ មិនមែនមានន័យថា នាងមិនឈឺទេ ។

តើលោកមានផ្តល់សិទ្ធសេរីភាពដើរហើរអោយនាងទេ?
លោកស្រីបានបន្តចោទជាសំណួរថា តើលោកបានអោយនាងមានសិទ្ធលើចំណែកលុយ ៥០ភាគរយ របស់នាងទេ? ទោះលុយនោះលោករកតែម្នាក់ឯងក៏ដោយ ក៏វាជាលុយរបស់គាត់ ៥០ភាគរយ ស្របច្បាប់ស្រាប់ទៅហើយ។មានដឹងអត់ថា ៖
ប្រពន្ធ ជាមនុស្សដែលលោកគួរទុក្ខចិត្តបំផុត។
ប្រពន្ធ ជាមនុស្សដែលលោកគួរសំដែងការស្មោះត្រង់បំផុត។
ប្រពន្ធ ជាបុគ្គលដែលរួមសុខ មិនមែនរួមតែទុក្ខទេចា ត្រូវចាំទុកថា។
ប្រពន្ធញញឹមច្រើន មានន័យថា ប្តីអោយតំលៃ។
ប្រពន្ធ សប្បាយចិត្ត មកពីប្តីយល់ចិត្ត។
ប្រពន្ធ ជាបេះដូងនៃគ្រួសារ។
លោកស្រីក៏បានសំណូមពរថា គួរតែបណ្តើរប្រពន្ធចេញក្នុងសង្គមញឹកញយ នោះក៏ជាមូលហេតុដែលនាំឱ្យប្តីកាន់តែមានកិត្តិយសផងដែរ ចង់បានសុភមង្គលក្នុងក្រុមគ្រួសារ ត្រូវអោយប្រពន្ធសប្បាយចិត្ត បើចង់មានចង់បានត្រូវអោយប្រពន្ធជួយកាន់លុយ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ