ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចេះ​ដើរ​!

3 ឆ្នាំ មុន
  • កែប

នៅ​ចុងឆ្នាំ​២០១៩ យើង​នាំ​គ្នា​សប្បាយ​រីករាយ ដើម្បី​ចូលរួម​ក្នុង​ពិធី​ឆ្លង​ឆ្នាំ និង​អបអរសាទរ​ការ​ចូល​មក​នៃ​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​ ។ តែ​ជា​អកុសល រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​នេះ ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ជួប​ប្រទះ​នូវ​រឿង​រាវ​សោកសៅ​ជា​ច្រើន…

នៅ​ចុងឆ្នាំ​២០១៩ យើង​នាំ​គ្នា​សប្បាយ​រីករាយ ដើម្បី​ចូលរួម​ក្នុង​ពិធី​ឆ្លង​ឆ្នាំ និង​អបអរសាទរ​ការ​ចូល​មក​នៃ​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​ ។ តែ​ជា​អកុសល រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​នេះ ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ជួប​ប្រទះ​នូវ​រឿង​រាវ​សោកសៅ​ជា​ច្រើន ពិសេស​បញ្ហា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះឯង ​។ តែ​សំណាងល្អ​មិន​មាន​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​ណា​ម្នាក់​បាន​ស្លាប់​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ​។

ដោយឡែក​នៅ​ក្នុង​ខេត្ត​កែប​វិញ ផលវិបាក​នៃ​កូ​វី​ដ និង​ឧបទ្ទវហេតុ​ផ្សេង​ៗ ដែល​បាន​កើតឡើង​នៅ​ទីនោះ បាន​ធ្វើ​ឲ្យ​អ្នកខ្លះ​រង​ផល​ប៉ះពាល់​រហូត​ស្ទើរតែ​រក​អ្វី​ថ្លែង​ពុំ​បាន​។ តែ​ផ្ទុយ​ទៅ​វិញ ផលវិបាក​របស់​អ្នក​ដទៃ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ជន​ឱកាសនិយម​ផង​ដែរ ។ យ៉ាងណាមិញ​មន្ត្រី​សុរិយោ​ដីដុះ​ស្លែ​មួយ​រូប​ក្នុង​ខេត្ត​កែប បាន​ឆ្លៀតឱកាស​ប្រើ​អំណាច​របស់​ខ្លួន និង​ក្លែង​សិល្ប៍ ចេះ​ធ្វើ​ឲ្យ​ដី​មួយ​កន្លែង​ក្បែរ​តំបន់​ឆ្នេរកែប ដុះ​ជើង ចេះ​ដើរ​ចុះ ដើរ​ឡើង​បាន​។ ជាមួយនឹង​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​សុរិយោ​ដីដុះ​ស្លែ​រូប​នោះ ស្រាប់តែ​ក្លាយជា​អ្នកមាន​អំណាច​ខ្លាំង​ដើរ​ជាន់​គេឯង​គ្មាន​ញញើត ដោយ​បង្កើត​នូវ​បញ្ហា​ជា​ច្រើន​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅ​វិញ​។

ឥទ្ធិពល​នៃ​ទ​ង្វើ​របស់​គាត់​ទាំងនេះ បាន​នាំ​ឲ្យ​គាត់​បាន​ឡើងបុណ្យ ឡើង​ស័ក្តិ​យ៉ាង​លឿន​នៅ​ខេត្ត​កែប​តែម្តង​។ បច្ចុប្បន្ន ក្រោម​មហិទ្ធិឫទ្ធិ​ដ៏​ខ្លាំងក្លា​របស់​គាត់​នា​ពេល​នេះ សូ​ម្បី​តែ​តុលាការខេត្ត​បាន​ចេញ​ដីកា​បង្គាប់​មិន​ឲ្យ​មានការ​ទិញ លក់​ដី ឬ​ក៏​ធ្វើការ​កែ​លម្អ​ទីតាំង​ដី​ជាក់ស្តែង​យ៉ាងណា​ក៏​ដោយ ក៏​បុគ្គល​រូប​នេះ​មិន​យក​ត្រចៀក​ស្តាប់ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​សូ​ម្បី​តែ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​អាណាព្យាបាល​របស់​គាត់​ធ្លាប់​បាន​ចេញ​បញ្ជា​ជា​ច្រើន​លើក​ច្រើន​សា ឲ្យ​ស៊ើបអង្កេត​អំពី​រឿង​រាវ​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​កែប​នេះ ក៏​គ្រូសិល្ប៍​ដ៏​មាន​ឥទ្ធិពល​រូប​នេះ មិនរ​វីរ​វល់​ដែរ ហើយ​គេ​នៅ​តែ​ប្រើ​គ្រប់​វិធី​ធ្វើ​ឲ្យ​ដី​មាន​ជើង​ដើរ ដី​ចេះ​ដើរ​ឆ្លងផ្លូវ ឬ​បង្កើត​ជា​ដី​សិប្ប​និ​ម្មតិ​បាន​ដែរ​។

ឧទាហរណ៍​ជាក់ស្តែង​ដី​ឡូត៍​មួយ​កន្លែង ដែល​ស្ថិត​នៅ​ខាងកើត​ផ្លូវ​នៃ​ឆ្នេរកែប​ក្នុង​ព្រៃកោងកាង ……..​លេខ ដែល​មាន​លេខ​សម្គាល់​យ៉ាង​ច្បាស់​ពី​ទីតាំង​ដី​ជាក់ស្តែង​ពី​ព្រំ​ស៊ីម៉ងត៍ ទៅ​មាត់សមុទ្រ ពោល​គឺ​នៅ​ខាងកើត​ផ្លូវ បាន​ដើរ​ឆ្លងថ្នល់​ទៅ​នៅ​ខាងលិច​ផ្លូវ​ទៅ​វិញ​។ ក៏​ដូច​ជា​ដី​មួយ​កន្លែង​ទៀត​ដែល​មាន​ព្រំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​ព្រំ​ខាងលិច​ទល់​នឹង​ផ្លូវ មាន​ន័យ​ថា ដី​នេះ​នៅ​ខាងកើត​ផ្លូវ តែ​ដោយសារ​តែ​មហិទ្ធិឫទ្ធិ​នៃ​គ្រូសិល្ប៍​សុរិយោដី ស្រាប់តែ​ដី​មួយ​ដុំ​នេះ​មាន​ជើង​ដើរ​ឆ្លងផ្លូវ​ទៅ​នៅ​ខាងលិច​ផ្លូវ​ទៅ​វិញ ដែល​ខុស​ពី LMAP ទៀត​ផង​។ តើ​ដី​ពិតជា​មាន​ជើង​ដើរ​មែនឬ? ឬ​ក៏​ចុង​ប៊ិ​ច​របស់​គ្រូសិល្ប៍​បំ​លែង​ការ​ពិត? ក្នុង​បញ្ហា​នេះ បើ​ទោះជា​មាន​ដីកាហាមឃាត់​ពី​តុលាការខេត្ត​ក៏​ដោយ ក៏​អ្នកក្លាហាន​រូប​នេះ មិន​ញញើត និង​បំពាន​ចុះហត្ថលេខា ត​ជើង​ឲ្យ​ដី​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ប្តូរ​ទីតាំង​បាន​ដែរ​។

យោង​តាម​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ប្រទេស​ដ៏​កម្សត់​មួយ​នេះ ធ្លាប់​បាន​បាត់បង់​ដី​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​នា​សម័យនេះ​បាន​រួម​តូច​មក​ជា​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​។ ដូច្នេះ ជា​ឱកាស​ដ៏​មួយ​ល្អ​បំផុត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​តែងតាំង​វីរជន​សុរិយោដី ដែល​មាន​ថ្វីដៃ និង​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​រូប​នេះ ឲ្យ​គាត់​ធ្វើ​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ក្រសួង​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ទាំង​អស់នេះ​គឺ «​ក្រសួង​ប្រមូល​ដែនដី​» ។ ដូច្នេះ​ក្រសួង​ដែល​ដឹកនាំ​ដោយ​វីរជន​រូប​នេះ ប្រហែលជា​គេ​អាច​នឹង​ឈប់​ធ្វើ​ឲ្យ​ដី​ដើរ​ត្រ​ពី​ស​ត្រ​ពាស ហើយ​ជា​ពិសេស​គេ​អាច​នឹង​មាន​សមត្ថភាព​ប្រមូល​ដី​ដែល​កម្ពុជា​ធ្លាប់​បាត់បង់​ពី​មុន​មក​វិញ ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​វិបត្តិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​បាន​ទៀត​ផង​ក៏​ថា​បាន ​៕ អត្ថបទសហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ