ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ទូល​ក្អម​​ក្លាយជា​តុលាការ​ស្តាប់​ការ​ស្បថស្បែ​គូ​​ជម្លោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេល​ដែល​លោក​អ្នក​ចូលទៅ​ដល់​បរិវេណ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌពោធិ៍​សែន​ជ័យ លោក​អ្នក​នឹង​បានឃើញ​រូប​សំណា​ក​យាយ​ទូល​ក្អម​ឈរ​ក្រោម​ដើមឈើ​ទាលនិង​ដើម​គគីរ នៅ​មុខ​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ បែរមុខ​ទៅ​ទិស​ខាងត្បូង​ទៅ​រក​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នៃ​សាលាសង្កាត់​នេះ ។ ចំណែក​នៅ​ពីក្រោយ​រូបសំណាក​យាយ​ទូល​ក្អម​នេះ ក៏​មាន​រូបសំណាក​មេគោ​១​ក្បាល…

រាជធានី​ភ្នំពេញ ៖ ពេល​ដែល​លោក​អ្នក​ចូលទៅ​ដល់​បរិវេណ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌពោធិ៍​សែន​ជ័យ លោក​អ្នក​នឹង​បានឃើញ​រូប​សំណា​ក​យាយ​ទូល​ក្អម​ឈរ​ក្រោម​ដើមឈើ​ទាលនិង​ដើម​គគីរ នៅ​មុខ​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ បែរមុខ​ទៅ​ទិស​ខាងត្បូង​ទៅ​រក​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នៃ​សាលាសង្កាត់​នេះ ។ ចំណែក​នៅ​ពីក្រោយ​រូបសំណាក​យាយ​ទូល​ក្អម​នេះ ក៏​មាន​រូបសំណាក​មេគោ​១​ក្បាល ព្រមទាំង​កូន​គោ​១​ក្បាល​ទៀត ហើយ​នៅ​ពីមុខ​យាយ​ទូល​ក្អម​មាន​រាន​ទេវតា​១ ។ រូបសំណាក​នៅ​ទីនោះ ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​និង​នគរបាល​ប៉ុស្តិ៍​គោរព​បូជា​ខ្លាំង​ណាស់​ ដោយ​ជា​រៀងរាល់ថ្ងៃ​សីល តែងតែ​ទិញ​ផ្លែ​ឈើ​ដាក់​អុជ​ធូប​បែ​បន់​សុំ​សេចក្ដីសុខ និង​សុំ​កុំ​ឲ្យ​កើតមាន​បទ ល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ជាងនេះ​ទៀត កន្លង​មក​ក៏​ធ្លាប់​មាន​អ្នក​ដែល​មានរឿង​ទំនាស់​ក្ដីក្ដាំ​ចោទប្រកាន់​គ្នា​ផ្សេង​ៗ​មួយ​ចំនួន​ដែល​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា សុខចិត្ត​បញ្ចប់រឿង​ដោយ​ការ​អុជ​ធូប​ស្បថស្បែ​នៅ​នឹង​មុខ​រូបសំណាក​យាយ​ទូល​ក្អម និង​រូបសំណាក​មេគោ កូន​គោ​នោះ​ទៀត​ផង ។
ចំពោះ​អ្នក​ដែល​ធ្លាប់​ចេញចូល​ទៅ​ទទួល​សេវា​ផ្សេង​ៗ​នៅ​ទីនោះ ភាគច្រើន​តែងតែមាន​ច​ម្ង​ល់​អំពី​ការ​ដាក់​តាំង​រូបសំណាក​ខាងលើ​ដែលមាន​លក្ខណៈ​ខុស​ប្លែក​ពី​សាលាឃុំ សង្កាត់​នានា ហើយ​ពេល​ដែល​បានឃើញ​រូបសំណាក​ខាងលើនេះ​ហើយ ពិតជា​ធ្វើ​ឲ្យ​យើង​នឹក​ដល់​អ្នក​កសាងឡើង​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ លោក សុទ្ធ សាធ អតីត​ចៅសង្កាត់​ចោម​ចៅ ។ លោក​គឺជា​មន្ត្រី​មួយ​រូប ដែល​មាន​ប្រជាប្រិយភាព​និង​មាន​ស្នាដៃ​ច្រើន​រាប់​មិន​អស់ ព្រមទាំង​មានការ​គោរព​ស្រឡាញ់​រាប់អាន​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​ក្រោម​ឱវាទ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដោ​យ​លោក​បាន​ទទួលមរណភាព​ប្រមាណ​៣​ឆ្នាំ​កន្លង​ទៅ​ហើយដោយ​រោគាពាធ ។

បើ​តាម​លោក វ៉ា សា​រ៉​ង អតីត​ចៅសង្កាត់រង​សង្កាត់​ចោម​ចៅ ដែល​បច្ចុប្បន្ន​ជា​ចៅសង្កាត់
ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា រូបសំណាក​ខាងលើ​ត្រូវ​បានលោក សុទ្ធ សាធ អតីត​ចៅសង្កាត់​ចោម​ចៅកសាង​ឡើង​អំពី​ស៊ីម៉ង់ត៍​នៅ​ចុងឆ្នាំ​២០០៧ ។លោក​រៀបរាប់​ថា គាត់​បាន​ជួល​ជាងចម្លាក់​ម្នាក់​ឈ្មោះ រេ​ន ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គាត់​ដែរ គឺ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​មក​បាន​យក​ទៅ​ដាក់​តាំងនៅ​ក្នុង​បរិវេណ​សាលាសង្កាត់​ចោម​ចៅ​នេះ ។ ប៉ុន្តែ​ពុំ​មែន​ត្រឹមតែ​ដាក់​តាំង​លម្អធម្មតា​ៗ​ប៉ុណ្ណោះ​ទេ គឺ​នៅ​កន្លែង​តាំង​រូបសំណាក​នេះ​លោក សុទ្ធ សាធ បាន​ដាំ​ដើមឈើ​ទាស ដើម​គគីរ និង​ដើម​ស្វាយ​ច្រើន​ដើម បំណង​រំឭក​ពី​អតីត​កាលពី​កុមារភាព​របស់​លោក ។

លោក វ៉ា សា​រ៉​ង បាន​ថ្លែង​ទៀត​ថា កាល​លោក សុទ្ធ សាធ នៅ​រស់រាន​មានជីវិត ធ្លាប់​ប្រាប់លោក​ថា គាត់​កសាង​រូប​យាយ​ទូល​ក្អម​នេះ​ឡើង គឺជា​តំណាង​ឲ្យ​ម្ដាយ​របស់​គាត់​ផ្ទាល់ ដែល​ខិតខំ​រក​សុ​ី​ចិញ្ចឹម​គាត់​និង​បងប្អូន​របស់​គាត់​ទាំងអស់​តាំងពី​នៅ​តូច​ៗ ដោយ​មិន​គិត​ពី​ការ​នឿយហត់​និង​លំបាក​ឡើយ ។ នៅ​ជំនាន់​នោះ មិន​ទាន់​មានការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​ទេ ហើយ​គាត់​នៅ​ចាំ​បាន​ថា ម្ដាយ​គាត់​បាន​ទូល​ទឹក​ត្រពាំង​យក​មក​ឲ្យ​គាត់​ផឹក​និង​ងូត ជា​ហេតុ​ធ្វើ​ឲ្យ​ក្នុង​១​ជីវិត​គាត់​មិន​អាច​បំភ្លេច​នូវ​សកម្មភាព​ម្ដាយ​បាន​ឡើយ ។ចំណែក​រូបសំណាក​មេគោ​និង​កូន​គោ ដែល​ដាក់​នៅ​ពីក្រោយ​រូប​យាយ​ទូល​ក្អម​នោះ​វិញ គឺ​លោក សុទ្ធ សាធ ចង់​រំឭក​ដល់​ពេល​ដែល​ម្ដាយ​គាត់​ទូល​ទឹក​ផង​និង​ដឹកគោ​ផង រស់នៅ​តាម​ជីវភាព​បែប​កសិករ ហើយ​កាលពី​នៅ​កុមារភាព​គាត់​ក៏​ធ្លាប់​ជួយ​ឃ្វាល គោ​ឪពុក​ម្ដាយ​ដែរ ដោយសារ​តែ​បែប​នេះ​ទើប​គាត់​កសាង​រូបសំណាក​នេះ​ឡើងជា​ការ​គោរព​និង​នឹក​ដល់​គុណ​ម្ដាយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លោក សុទ្ធ សាធ បាន​ចូល​បម្រើ​ការងារ​នៅសាលា សង្កាត់​ចោម​ចៅ​តាំងពី​អំឡុង​ឆ្នាំ​១៩៧៩ ហើយ​បាន​ឡើងធ្វើ​ជា​ចៅសង្កាត់​ចោម​ចៅ​នេះ នៅ​ក្នុង​ឆ្នាំ​១៩៨៨មក រហូត​មក​ដល់​ឆ្នាំ​២០១៧ គាត់​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៧១​ឆ្នាំ​ដោយ​រោគាពាធ ។នៅ​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ ដែល​គាត់​ធ្វើ​ជា​ចៅសង្កាត់ គឺ​មាន​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​ការ​ដឹកនាំ​និង​អភិវឌ្ឍន៍​មូលដ្ឋាន ។ ក្នុង​ដំណាក់​កាលនោះ សង្កាត់​ចោម​ចៅ​តែ​មួយ​មិន​ទាន់​បំបែកចេញ​ជា​៣​ដូច​សព្វថ្ងៃ​នៅឡើយ​ទេ ។ លោក​ជា​ចៅសង្កាត់​ដែល​ធ្វើ​ការងារ​ច្បាស់លាស់​គោរព​ពេលវេលា​ការងារ ចាត់​ទុក​សាលាសង្កាត់​ជា​ផ្ទះសម្បែង គោរព​មេកោយ និង​មិន​ចេះ​ឆ្មើងឆ្មៃ​ឡើយ ។ នៅ​ក្នុង​ឆ្នាំ​២០០៩ លោក​បាន​សាងសង់​អគារ​សាលាសង្កាត់​ដ៏​ធំ​ស្កឹមស្កៃ​កម្ពស់​៣​ជាន់ ដែល​ចំណាយ​ថវិកា​ផ្ទាល់ ខ្លួន​មួយ​ចំនួន​ធំ​និង​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផង​ដែរ ព្រមទាំង​សមិទ្ធផល​និង​វិស័យ​ហ​ដ្ឋា​រចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត ។

មិនតែប៉ុណ្ណោះ លោក​តែងតែ​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​បំផុត ដោយ​លោក​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​ទម្ងន់​រហូត​ទទួលមរណភាព​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ។ លោក ថេ​ង កុសល នាយ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ចោម​ចៅ​ទី​៣ បាន​ប្រាប់​ថា សម្រាប់​រូប​លោក​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទាំងអស់​តែងតែ​មាន​ជំនឿ និង​ធ្វើការ​គោរព​បូជា​រូបសំណាក​ខាងលើ​មិន​ដែល​ប្រមា​ទទេ ហើយ​បាន​ដាក់​ផ្លែ​ឈើ ដាក់​ផ្កា និង​អុជ​ធូប​នៅ​រៀងរាល់ថ្ងៃ​សីល ដើម្បី​សុំ​សេចក្ដីសុខ​ដល់​ខ្លួនឯង​ផង និង​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ផង ។ លោក​បញ្ជាក់​ថា ចំពោះ​រូបសំណាក​មេគោ​និង​កូន​គោ​មាន​ពាក់​ចង្ក្រង់​ផង​ដែរ ហើយ​លោកបាន​ហាម​មិន​ឲ្យ​មាន​អ្នក​ទៅ​អង្រួន​ចង្ក្រង់​នេះ
លេងសើច​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​មានរឿង​អាក្រក់​ៗ​និង​បទល្មើស​កើតឡើង​ហូរ​ចូល​ប៉ុស្តិ៍​ផង​ដែរ ។

ជាក់ស្ដែង កាលពី​ពេល​កន្លង​ទៅ មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយ​រូប ដែល​ចុះ​មក​សហការ​ធ្វើ​ការងារ​ជាមួយ​កម្លាំង​របស់​ប៉ុស្តិ៍ បានអង្រួន​ចង្ក្រង់​រូបសំណាក​គោ​លេងសើច ។ ខណៈនោះ​លោក​ហាម​មិន​ស្ដាប់​ទេ លុះ​ពេល​ជិះ​ម៉ូតូ​ចេញពី​ប៉ុស្តិ៍​ស្រាប់តែ​ដួល​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស ហើយ​ក្រោយមក​ទើប​យក​ចេញ​ទៅ​ដាក់​និង​អុជ​ធូប​សុំ​លា​មាត់ លា​-​ក​វិញ ។ មិនតែប៉ុណ្ណោះ ក៏​ធ្លាប់​មាន​អ្នកក្ដី​ក្ដាំ​គ្នា​ដោះ ស្រាយ​មិន​ចេញ នាំ​គ្នា​មក​ស្បថ​នៅ​ទី​នេះ​ជា​ការ​បញ្ចប់រឿង​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ