រាជធានីភ្នំពេញ ៖ ធ្វើអ្វីក៏ដោយមិនងាយក្រនោះទេ ប្រសិនជាអ្នកធ្វើវាដោយការពេញចិត្ត ឬចូលចិត្តការងារនោះ មានចំណង់ចំណូលចិត្តទៅលើវា មានចំណេះដឹងលើវា មានការពិសោធន៍និងមានជំនាញ បើសិនយើងធ្វើតាមអ្វីដែលយើងមានទាំងអស់នឹងគឺយើងមិនងាយក្រនោះទេ នេះជាការលើកឡើងរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education ថ្មីៗនេះលោកបានចែករំលែកបទពិសោធន៍ផ្ទាល់របស់លោកថា «តាមការឆ្លងកាត់នៃរសជាតិជីវិតរបស់ខ្ញុំកន្លងមក មានបរាជ័យខ្លះ ជោគជ័យខ្លះ មានន័យថាដូចបូកដកៗ ប៉ុន្តែបើចុងក្រោយចេញបូកមានន័យថាជោគជ័យហើយ។ ខ្ញុំបានយល់ថាមានយុវជនជាច្រើនចង់ក្លាយជាសហគ្រិនវ័យក្មេង ហើយខ្ញុំគ្រាន់តែមានមតិយោបល់បន្តិចនោះទេ ថា យើងចង់ធ្វើជាអ្វីក៏ដោយ ឱ្យបានជោគជ័យ ឱ្យក្លាហ៊ាន ឱ្យបានលូតលាស់ ឱ្យបានយូរ ឱ្យបានធំធាត់ហើយមាននិរន្តភាពវែងឆ្ងាយ ទាល់តែភាគច្រើនយើងត្រូវឆ្លងកាត់ការសិក្សា ពីព្រោះចំណេះដឹងគឺជាអាវុធមួយដែលអាចធ្វើឱ្យយើងវៃបែកនូវឧបសគ្គទាំងអស់ បានជោគជ័យ ហើយក៏ជាអាវុធមួយដែលធ្វើឱ្យយើងក្លាហ៊ាន រឹងប៉ឹង គិតវែងឆ្ងាយ មានការពិចារណាបានក្បោះក្បាយ ហើយអាចប្រើប្រាស់បានគ្រប់វិស័យ»។
លោកឧកញ៉ាវេជ្ជបណ្ឌិត បានប្រៀបធៀបចំណេះដឹង ទៅនឹងពាក្យ២ឃ្លារថា «ចំណេះដឹង ប្រៀបបានដូចបឹងដែលពោរពេញដោយត្រី” និង “ចំណេះដឹង ប្រៀបបានដូចសម្រស់ពោរពេញដោយស្នេហ៍» ។
លោកឧកញ៉ាវេជ្ជបណ្ឌិត បានបកស្រាយន័យនៃឃ្លាទាំងនោះថា «បឹងដែលពោរពេញដោយត្រី» មានន័យថា ជាទូទៅអ្នករៀនសូត្រមានចំណេះដឹងមិនដែលខ្វះអ្វីបរិភោគនោះទេ។ រីឯ «សម្រស់ពោរពេញដោយស្នេហ៍» មានន័យថា យើងទៅណាមកណា មនុស្សយើងមិនថាប្រុសមិនថាស្រីនោះទេ ទៅណាគេចូលចិត្តទៅណាគេរាប់អាន ទៅណាគេចង់ចងមិត្តភាព បូករួមជាមួយនៃភាពទន់ភ្លន់ រួសរាយ មិនមានរឬកពារ ឬមិនមានអាកប្បកិរិយាច្រងែងច្រងាង មិនក្រអើតក្រទម ហើយក៏មិនចេះជាន់ក្បាលគេទៀត វាធ្វើឱ្យយើងក្លាយជាមនុស្សជាទីចាប់អារម្មណ៍ គួឱ្យពេញចិត្ត គួឱ្យចង់រាប់អាន គួឱ្យចង់គោរពនិងធ្វើតាមចំពោះអ្នកផង ដូចនេះចំណេះដឹងសំខាន់ណាស់ ជាវិស័យមួយដែលធ្វើមនុស្សទទួលបានប្រជាប្រិយភាពច្រើន ។
លោកបានលើកយកមតិមួយចំនួនដែលគេថាហេតុអ្វី ប៊ៀល ហ្គេក មិចគាត់មិនបានរៀនខ្ពស់ផង មិចគាត់ក្លាយជាសេដ្ឋីបាន ? ឆ្លើយតបនឹងសំនួរនេះលោកឧកញ៉ាវេជ្ជបណ្ឌិត បានបកស្រាយថា «មនុស្សយើងស្រុកណាក៏ដូចស្រុកណាដែរ គេមានអា ១ភាគរយនឹង នៃមនុស្សទូទាំងប្រទេសរបស់គេ វាអាចថាមកពីគាត់មានសំណាង ឬមានភាពចៃដន្យណាមួយដែលបណ្តាលឱ្យគាត់មានឳកាស អាចថាមកពីបក្សពួក ដោយខ្សែរយៈ ដោយមិត្តភក្ត្រ ដោយគ្រួសារ ហើយជួលកាលដោយវាសនាមនុស្សនឹង ប៉ុន្តែអានឹងកាលៈទេសៈភាគរយតិច ។
ដូចនេះតើយើងចង់ក្លាយជាមនុស្សក្នុង ១ភាគរយនឹង មកប្រៀបធៀបឬក៏ចង់យក ៩៩ភាគរយ ជាក់ស្តែងនៅលើលោកនេះមកប្រៀបធៀប ចឹងជាទូទៅគេមិនដែលយក ១ភាគរយទេ វាធ្វើឱ្យយើងស្ត្រេសណាស់ ហើយយើងទៅក៏មិនទាន់ដែរ ទៅក៏មិនដល់ដែរ ហើយប្រសិនជាដល់នឹងជួលកាលយើងស្លាប់បាត់ហើយ ចឹងសំខាន់ណាស់ធ្វើអ្វីក៏ដោយកុំយក ១ភាគរយមកប្រៀបធៀប»៕
ចែករំលែកព័តមាននេះ