រាជធានីភ្នំពេញ ៖ ធ្លាប់តែឮ និងឃើញពេលបុណ្យជាតិម្ដងៗ បងប្អូនប្រជាជនខ្មែរយើងដើរលេងលំហែកាយនៅតាមតំបន់ទេសចរណ៏មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអ្នកលក់ខ្លះ ដំឡើងថ្លៃកប់ពពកតែម្តង ចំណែកករណីមួយនេះវិញ អាហារដ្ឋានមួយកន្លែងដែលកំពុងរងនូវទឹកជំនន់ បែរជាលក់ម្ហូបអាហារថ្លៃ សូម្បីតែក្រុមជួយសង្គ្រោះ ក៏មិនលើកលែងដែរ គុយទាវមួយចាន ៣ម៉ឺនរៀល, បាយម្ហូប៤មុខ អស់រហូតដល់ ២៩ ម៉ឺនរៀលឯណោះ ។
បើយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា Sopheak Chan បានបង្ហោះសារ នៅព្រឹកថ្ងៃទី១៩ តុលា ២០២០នេះដូច្នេះថា «ម៉ែអើយគុយទាវមួយចាន ៣ម៉ឺន អាហារពេលថ្ងៃ ញ៉ាំដប់នាក់ ៖ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩ម៉ឺន ព្រះ! គេជួយគាត់ គាត់ជួយគេវិញដែរតែជួយមួយទំហឹងម៉ង ? ទាហាន គេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកម្លាំងកាយចិត្ត ។ គាត់វិញ មិនបានជួយអី តែលក់តម្លៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតម្លៃធម្មតាទៅ កុំលក់ឡើងពេក បើគេដឹងថាថ្លៃ ក៏មិនចូលដែរ» ។
ក្រោយគណនីខាងលើធ្វើការបង្ហោះ ធ្វើអោយមហាជនជាច្រើនមានការហួសចិត្តយ៉ាងខ្លាំង និងអ្នកខ្លះបានរិះគន់ទៅលើអាហារដ្ឋានមួយកន្លែង នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់ទឹកជន់លិចហើយ លក់ម្ហូបអាហារថ្លៃហួសហេតុ នលើកលែងសូម្បីកងទ័ពជើងទឹកជួរមុខដែលប្រចាំការជួយសង្គ្រោះ នៅផ្សារព្រែកជ្រៃក៏ដោយ ។
ទោះជាយ៉ាងណា នេះជាការលើកឡើងរបស់កងទ័ពជើងទឹកម្នាក់ ភាក់ងារយកព័ត៌មានកោះសន្តិភាពប្រចាំខណ្ឌដង្កោ នៅមិនទទួលបានការបំភ្លឺពីម្ចាស់អាហារដ្ឋានមួយកន្លែង នៅផ្សារព្រែកជ្រៃនោះ នៅឡើយទេ ៕
ចែករំលែកព័តមាននេះ