ខេត្តបន្ទាយមានជ័យ ៖ បុរសជាឪពុកបាននាំកូន២នាក់ ទៅមើលផ្ទះដែលលិចទឹកជំនន់ហូរពីថៃ ក៏បានជួបនឹងគ្រោះអកុសលដោយសារតែទឹកហូរខ្លាំងពេក បានបុកធ្វើឱ្យបាក់ល្វែងផ្ទះខាងមុខ បណ្តាលឱ្យធ្លាក់លង់ទឹកទាំង៣នាក់ឪពុក និងកូន តែត្រូវបានជួយសង្គ្រោះភ្លាមៗកូនប្រុសស្រី២នាក់ ។ ចំណែកបុរសជាឪពុកត្រូវទឹកហូរនាំយកទៅបាត់រកមិនទាន់ឃើញ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិកស្សិន ឃុំថ្មពួក ស្រុកថ្មពួក ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានប្រាប់ថា ទឹកជំនន់បានហូរធ្លាក់ពីថៃ បណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋនិងលិចផ្លូវ ។ ៣នាក់គឺឪពុកកូន២នាក់បានទៅយកអីវា៉ន់ និងសម្ភារពីក្នុងផ្ទះ ពេលទៅដល់បានឡើងលើផ្ទះទៅយកអីវ៉ាន់ក៏ត្រូវទឹកជំនន់ដែលហូរកាត់ផ្លូវនៅក្បាលស្ពានថ្មខាងត្បូងបានហូរបុកផ្ទះ បណ្តាលឱ្យបាក់ផ្នែកខាងមុខ ហើយកូនស្រីធ្លាក់តោងជាប់សសរផ្ទះ ។ ចំណែកកូនប្រុសហូរទៅតាមទឹកប្រមាណជាជាង១០០ម៉ែត្រក៏បានតោងជាប់មែកឈើហើយស្រែកឱ្យគេជួយបានផុតពីគ្រោះថ្នាក់ តែអកុសលបុរសជាឪពុកត្រូវបានទឹកហូរយកទៅបាត់ ព្រោះទីនោះចំមុខទឹកហូរកួច ។
លោកបានបញ្ជាក់ថា ក្រោយពេលទឹកហូររសាត់ឪពុកទៅបាត់ កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសដែលមានអូប័ររួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុកបានសហការគ្នាចុះរករហូតដល់ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ តែមិនទាន់រកឃើញជនរងគ្រោះជាឪពុកដែលហូរទៅបាត់នោះឃើញនៅឡើយទេ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ៖ នៅស្រុកថ្មពួក មានជនរងគ្រោះដោយទឹកជំនន់លង់បាត់បង់ជីវិតមាន២ករណីហើបណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន៣នាក់ ។ លោកបានអំពាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះកូនចៅកុំឱ្យមានគ្រោះថ្នាក់កើតឡើង ៕
ចែករំលែកព័តមាននេះ