ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៤​នាក់​ចេញ​ធ្វើ​សកម្មភាព តែ​ចប់​ត្រឹម​នាង​ដេញ​តាម អស់លក្ខណ៍​២ រត់​រួច​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់ ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់​ខ្លួន​បាន ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច​កាលពី​ម៉ោង ១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​គ្នា​៤​នាក់ ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់​ខ្លួន​បាន ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច​កាលពី​ម៉ោង ១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ចំណែកឯ​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បើ​តាម​នគរបាល​និយាយ​ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ សុខ សាន់​ដេ​ត ហៅ​ដេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ជា​អ្នក​បើក​ម៉ូតូ​។ ២-​ឈ្មោះ ឡ​ន ពន្លឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​ត្នោត​ម្ដើ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល អ្នក​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​។ ជនសង្ស័យ​ពីរ​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៦ ឡើង​តែម​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DO-1562 ។

នគរបាល​ដដែល​បន្ត​ថា ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​រួច​នោះ គឺ​ម្នាក់​ឈ្មោះ អៀង ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ មុខរបរ​មិន​ពិត និង​ម្នាក់​ទៀត​ឈ្មោះ ចាក ហៅ​កុ​ដ ភេទ​ប្រុស​អាយុ​ប្រហែល​១៧​ឆ្នាំ មុខរបរ​មិន​ពិត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ មិន​ស្គាល់​ស្លាក​លេខ​។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ មាស ពិសី អាយុ​២០​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​ភូមិ​ល្វី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ចំណែក​របស់​ដែល​បាត់បង់​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone XS Max ដែល​ជនសង្ស័យ​បាន​បោះចោល​នៅ​តាម​ផ្លូវ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដើម្បី​យក​អីវ៉ាន់​លក់​តាម​អន​ឡាញ​ទៅ​ឲ្យ​ភ្ញៀវ​នៅ​ម្ដុំ​ភូមិ​ឡ​ឃ្យូ​ង ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​បាន​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​។ លុះ​ជិះ​ដល់​ចំណុច​កើតហេតុ ក៏​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​សង់ ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សង់ ឆ្នាំ​២០២០ ពណ៌​ក្រហម ជិះ​គ្នា​ពីរ​នាក់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈនោះ​ជនសង្ស័យ​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ពណ៌​ក្រហម បាន​ឆក់​យក​ទូរស័ព្ទ​ពី​ឃ្លុប​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ជិះ​គេចខ្លួន ប៉ុន្តែ​ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» លុះ​បាន​ជួប​សមត្ថកិច្ច​កំពុង​ល្បាត​នៅ​តាម​ផ្លូវ ក៏​បាន​ជួយ​ដេញ​ស្ទាក់​ចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា ចំពោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ សាន់​ដេ​ត មាន​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន លេខ​៤៦០​ដក​.​ប​ច​ខ ពី​បទ​៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ចេញ​ដោយ​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើប​សួរ ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩​ផង​ដែរ ។ ហើយ​ជន​រង​គ្រោះ​រូប​នេះ​ក៏​ធ្លាប់​ជាប់​មណ្ឌល​​អប់រំ​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ចំនួន​៨​ខែ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ