ចង់បាន​បុត្រ អ្នក​ម្តាយ​ត្រូវ​ដឹង​ពី​អ្វីខ្លះ​!


រាជធានី​ភ្នំពេញ ៖ សុខភាព​អ្នក​ម្តាយ និង​ទារក គឺ​មាន​សារៈសំខាន់​ណាស់ ដូចនេះ​នៅ​ពេល​អ្នក​កំពុង​ពរ​ពោះ អ្វី​ដែល​ចាំបាច់​នោះ គឺ​អ្នក​ត្រូវ​មក​ធ្វើការ​តាមដាន​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់ តែ​ត្រូវ​ចាំ​ថា អ្នក​មិនមែន​ជា​អ្នកជំងឺ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ឈឹ​ម គា​រ៉ែ​ន​ណា ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោកស្រី​វេជ្ជបណ្ឌិត ឈឹ​ម គា​រ៉ែ​ន​ណា លើក​ឡើង​ទៀត​ថា ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រួម​មាន​៖

ក​-​ពិនិត្យ​ផ្ទៃពោះ ៖
១) ការ​ពិនិត្យ​ផ្ទៃពោះ​ក្នុង​អំឡុង​ត្រីមាស​ទី​១ គឺ​ដើម្បី​បញ្ជាក់​ថា​៖
– តើ​អ្នក​មានកូន​មែន ឬ​អត់​?
– កូន​ចាប់កំណើត​ថ្ងៃ​ណា​?
– គ្រប់​ខែ​ថ្ងៃ​ណា​?
– អ្នកមាន​កត្តា​ប្រឈម គ្រោះថ្នាក់​ឬទេ​?

២) ការ​ពិនិត្យ​ក្នុង​អំឡុង​ត្រីមាស​ទី​២ ៖
-​ តើ​ទារក​ក្នុង​ផ្ទៃ​លូតលាស់ សម​ស្រប​តាម​អាយុ​របស់​គេ ដែរ​ឬទេ​?
– តើ​អ្នកមាន​ជំងឺ​អ្វី​កើតឡើង​ទេ អំឡុង​ពេល​ពរ​ពោះ​? (​ឧ​. លើសឈាម​,​ទឹកនោមផ្អែម​, បេះដូង​…)
– តើ​កូន​អាច​ប្រឈម​កើត​មុន​ខែ​ឬទេ​?

៣) ការ​ពិនិត្យ​ក្នុង​ត្រីមាស​ទី​៣ ៖
– មើល​ការ​លូតលាស់​របស់​ទារក
– ដើម្បី​វាយតម្លៃ និង​រៀបចំ​ទុកជា​មុន ថា​តើ​កូន​របស់​អ្នក​អាច​កើត​បាន​តាម​ធម្មជាតិ ឬ​ក៏​ត្រូវការ​អន្តរា​គម​ន៌​វះកាត់​បែប​វេជ្ជសាស្ត្រ​។
– ការ​ពិនិត្យ​អេកូ​ផ្ទៃពោះ​ចំពោះ​ស្ត្រី​មានគភ៌ មាន​សារៈសំខាន់​ណាស់​ក្នុង ការ​តាមដាន​ការ​វិវត្តន៍​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេង​ៗ​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។

ខ​) ការ​ពិនិត្យ​ឈាម និង​ទឹកនោម ៖
១. នៅ​ពេល​ចាប់ផ្តើម​មានកូន ៖
– ការ​ពិនិត្យ​រក​ក្រុម​ឈាម គ្រាប់​ឈាម និង​ជំងឺ​ផ្សេង​ៗ
– ពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោមផ្អែម​ពេល​មាន​ទំងន់​?

២. នៅ​ពេល​ជិត​សម្រាល ៖ ការ​ពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​)​។

គ​) ការ​ពិនិត្យ​រោគ​ស្ត្រី ៖
– រលាកមាត់​ស្បូន រលាក​ទ្វា​មាស
– ធ្លាក់ស បង្ក​ដោយ​មេរោគ (​មេរោគ​អាច​បណ្តាល​ឲ្យ​កូន​លូតលាស់​មិន​សម​ស្រប បែក​ទឹកភ្លោះ​ខុស​ប្រក្រតី ឬ កូន​កើត​មិន​គ្រប់​ខែ​)

ឃ​) ការ​ចាក់​វ៉ាក់សាំង ៖ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ វ៉ាក់សាំង​សំខាន់​ចាំបាច់​ដែល​ត្រូវ​ចាក់ និង​គ្មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។

ង​) ការ​ទទួល​ថ្នាំ​ជាតិ​ដែក acide folique និង វីតាមីន​ផ្សេង​ៗ​ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ លូតលាស់​បាន​ល្អ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ ព្រមទាំង​អាច​បង្ការ​ពី​ជំងឺ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង ។

ហើយ​អ្នក​ម្តាយ​ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​ជា​រៀង​រាល់​ខែ ទៅ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល​ម៉ែ​ត​។ ក្នុង​ករណី​មាន​ភាព​មិនធម្មតា (​ឧ​. ធ្លាក់ឈាម ឈឺពោះ ឫ​មាន​សញ្ញា​អ្វីមួយ​មិន​ប្រក្រតី …) អ្នក​ត្រូវ​មក​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​កុំ​រង់ចាំ​ថ្ងៃ​ណាត់ជួប​។

លោកស្រី​វេជ្ជបណ្ឌិត ឈឹ​ម គា​រ៉ែ​ន​ណា​, វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ថា ៖ ការ​គោរព​បាន​ទៅ​តាម​តំបូន្មាន​គ្រូពេទ្យ​ជំនាញ និង​ការ​ពិនិត្យ​សុខភាព​បាន​ទៀងទាត់​ជា​កត្តា​ដែល​នាំ​ឱ្យ​អ្នក​ម្តាយ និង​បុត្រ​ធីតា​ជៀស​ផុត​ពី​គ្រោះថ្នាក់​ក្នុង​កំឡុង​ពេល​សម្រាល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ