ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីមានគូស្រករដូចនារីដទៃក្នុងភូមិនាងរំពឹងថា នឹងរស់នៅសាងសុភមង្គលគ្រួសារដូចមិត្តភក្តិដទៃថ្វីត្បិតតែជីវភាពមិនសូវធូរធាក្តី តែទីបំផុតក្រោយរស់នៅជាមួយគ្នាបានជាង៥ឆ្នាំ លោកប្តីកំហូចបានរត់ទៅតាមស្រីថ្មីបាត់ធ្វើឱ្យបំណង និងក្តីសង្ឃឹមរបស់នាងត្រូវរលាយសូន្យសុង ដោយរស់នៅជាមួយកូនស្រីទាំង២នាក់យ៉ាងវេទនា។
ជួបជាមួយអ្នកយកព័ត៌មានយើង ប្អូនស្រីបានប្រាប់ថា នាងមានឈ្មោះថា អ៊ឺត អាយុ22ឆ្នាំរស់នៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាងបានរៀបរាប់ថា នាងជាក្មេងកំព្រា (ឪពុកម្តាយបានចែកឋានចោល) ហើយរស់នៅជាមួយនឹងសាច់ញាតិ លុះពេលពេញវ័យកាលណា នាងក៏ត្រូវបានសាច់ញាតិរៀបចំឱ្យមានគូស្រករជាមួយបុរសក្នុងភូមិម្នាក់ឈ្មោះ សាវ៉ា អាយុ២៨ឆ្នាំ នៅចន្លោះឆ្នាំ២០១៥។ ក្រោយពេលចាប់ដៃគ្នា នាងបង្កើតបានកូនស្រី២នាក់ដែលកូនបងអាយុជិត៥ឆ្នាំ ចំណែកកូនប្អូនអាយុ២ឆ្នាំ ។
នាងរៀបរាប់បន្តថា សព្វថ្ងៃ សូម្បីតែផ្ទះក៏គ្មាននៅដែរ (ព្រោះត្រូវលក់យកលុយមកព្យាបាលឪពុកមុនពេលបាត់បង់ជីវិត) ក្រោយពីប្តីរត់ចោលទៅតាមស្រីថ្មីបាត់ទៅធ្វើឱ្យនាងរឹតតែលំបាកកាន់តែខ្លាំងពីមួយថ្ងៃទៅៗ ណាមួយខ្លួនមានជំងឺប្រើសបេះដូង (តែអ្នកភូមិថា នាងកើតជំងឺគាំងបេះដូង)។
នាងបន្តទៀតថា ពីមុននាងសុំផ្ទះគេស្នាក់នៅ ជូនកាលនៅជាមួយបងប្អូនម្ដងម្កាល ហើយសព្វថ្ងៃនៅជាមួយមីង ពេលខ្លះឆ្លៀតទៅធ្វើកម្មករចំការស្វាយ ដើម្បីយកលុយមកទិញអង្ករជួយម្តាយមីង ព្រោះគាត់ក៏មានជីវភាពក្រីក្រដែរ។ ពេលធ្វើការបានលុយ នាងត្រូវសន្សំលុយទុកខ្លះ ដើម្បីទុកទិញថ្នាំនៅពេលដែលជំងឺធ្វើទុកម្តងៗ មានពេលខ្លះអ្នកភូមិជួយដែរតែជួយបានមួយគ្រាប៉ុណ្ណោះ។ ចំណែកការងារដែលនាងទៅស៊ីឈ្នួលគេ គ្មានអ្វីក្រៅពីជម្រះស្មៅស្វាយ និងដំឡូងនោះឡើយ (មួយថ្ងៃបាន១៥០០០រៀល) ។
នារីកម្សត់រូបនេះបន្តថា ជួនកាលក៏បានទៅ ជូនកាលក៏ទៅធ្វើមិនកើត ដោយសារមានជំងឺក្នុងខ្លួន ណាមួយកូនៗនៅតូចយំទារនំចំណី ហើយនាងរកលុយដើម្បីយកមកទិញនំឱ្យកូនៗស្ទើរតែមិនបាន ។
នារីដ៏កម្សត់បានរៀបរាប់ទាំងហូរទឹកភ្នែករហាម និងលើកដៃសំពះសុំដល់សប្បុរសជនដែលមានចិត្តធម៌ មេត្តាសូមជួយដល់រូបនាងផង។
បើតាមអ្នកមីងម្នាក់ត្រូវជាម្តាយមីងរបស់នារីកម្សត់រូបនេះបានប្រាប់ថា ប្តីនាងបានរត់ចោលនាង ក្រោយពីដឹងថានាងមានជំងឺបេះដូង គឺទៅបាត់តាំងពីកូនពៅមិនទាន់កើតម្ល៉េះ។ អ្នកដែលដឹងរឿងបានបន្ទោសដល់បុរសជាប្តីថា ជាមនុស្សគ្មានគុណធម៌ ជាឪពុកខ្វះភាពទទួលខុសត្រូវនូវទង្វើរបស់ខ្លួន បណ្តោយឱ្យក្មេងស្រី២នាក់ដែលមិនទាន់ដឹងក្តី ត្រូវរស់នៅរងទុក្ខជាមួយម្តាយដែលកំពុងមានជំងឺ៕
ចែករំលែកព័តមាននេះ