ខេត្តបន្ទាយមានជ័យ ៖ អគារសំណាកប្រាសាទកំពូលបី(ប្រាសាទឋានសួគ៌)លើអតីតទីតាំងរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលកន្លងមកផ្តួចផ្តើមកសាងឡើងដោយលោកសាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត ដែលអស់ប្រាក់ជាង៣០ម៉ឺនដុល្លារនោះ តែនៅថ្ងៃទី១២ តុលា នេះ បានឃើញគេចាប់ផ្តើមរុះរើកម្ទេចវិញ ក្រោយមានចំណារពីក្រសួងមហាផ្ទៃ កាលពីចុងខែកក្កដា។
គួរបញ្ជាក់ថា អគារសំណាកប្រាសាទកំពូលបី (ប្រាសាទឋានសួគ៌) នេះ មានទំហំអង្កត់ផ្ចិត៤០ម៉ែត្រ ហើយក្នុងគម្រោងនិងមានកំពស់រហូត៣៦ម៉ែត្រ ។ ការសាងសង់អគារសំណាកប្រាសាទកំពូលបី (ប្រាសាទសួគ៍) នេះ មានកាចាក់ឡាយតាមអេក្រង់ទូរទស្សន៏ដ៏ធំរបស់កាស៊ីណូ២កន្លែង នៅចំណុចរង្វង់មូល និងលើដងផ្លូវច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងយប់ទាំងថ្ងៃជាច្រើនខែផងដែរ។
ទីបំផុត អគារសំណាកប្រាសាទកំពូលបីនេះ ត្រូវបានថ្នាក់លើចេញលិខិតមករដ្ឋបាលខេត្តឲ្យបញ្ឈប់កាសាងសង់ និងឲ្យរុះរើចេញវិញបន្ទាប់ពីពិនិត្យឃើញថា កាសាងសង់អគារស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានរូបប្រាសាទកំពូលបីនិងមានរចនាបទជាខ្មែររួចហើយ។
ម្យ៉ាងការសាងសង់នេះ និងមានផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិនៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករវៀងព្រះរាជាណាចក្រកម្ពុជានិងថៃទៀតផង ។ យោងចំណារបស់ក្រសួងមហាផ្ទៃក្រោយរុះរើអាជ្ញាធរនិងរៀបចំជាសួនច្បារដើម្បីកែលម្អសោភ័ណភាពចំណុចនេះឡើងវិញ។
ទោះជាយ៉ាងណាពិធីក្រុងពិលីបុកគ្រឹះសាងសង់ដំបូង និងពិធីបួងសួងសុំរុះរើវិញថ្ងៃនេះខុសគ្នាដូចមេឃនិងដីព្រោះក្នុងពិធីក្រុងពិលីមានអ្នកតូចអ្នកធំចូលរួមគគ្រឹកគគ្រេងឯពិធីបួងសួងសុំរុះរើពេលនេះមានតែព្រះសង្ឃ, អាចារ្យ និងក្រុមជាងហើយគ្មានវត្តមានអ្នកធំចូលរួមឡើយ៕