រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាថ្ងៃទី១០ ខែតុលានេះថា កម្ពុជានឹងបន្ដធ្លាក់ភ្លៀងច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត
ក្រសួងធនធានទឹកបានបញ្ជាក់ថា អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ និងយោងតាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញថា កម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាបនឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់ ។
លក្ខណៈបែបនេះនឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជាភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត ។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ ។
ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕