នេះជាវិធីសាស្រ្តល្អក្នុងការរកលុយទៅតាមអាយុកាលរបស់អ្នក !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នមនុស្សមានវ័យក្មេងៗ មានប្រាជ្ញា ការគិត ចំណេះដឹងទូលំទូលាយ ជាពិសេសសមត្ថភាពទាំងដំណេះដឹងទាំងជំនាញ ពិតជាអស្ចារ្យ រហូតអ្នកខ្លះមានវ័យក្មេង ប៉ុន្តែបានធ្វើអាជីវកម្មដោយជោគជ័យខ្លាំង។
ប៉ុន្តែប្រសិនជាអ្នកមិនមានដើមទុន ហើយចង់គិតគូរទៅថ្ងៃអនាគត ក្នុងការរកស៊ី អ្នកអាចគិតពិចារណាលើចំណុចខ្លះៗ ដែលបង្ហាញអ្នកថា ក្នុងវ័យនេះអ្នកគួរតែធ្វើអ្វីខ្លះ និងវ័យណាអ្នកអាចក្លាយជាមនុស្សម្នាក់ ក្នុងការចែករំលែកបទពិសោធន៍របស់អ្នកទៅមនុស្សជំនាន់ក្រោយ ។

លោកបណ្ឌិតគីម ហាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត បានលើកយកចំណុច ខ្លះៗដែលទាក់ទងនូវវ័យរបស់មនុស្សដែលគួរតែគិតថា វ័យណា អ្នកនឹងត្រូវធ្វើអ្វី ហើយវ័យណាជាវ័យដែលអ្នកគួរចែលរំលែកបទពិសោធន៍របស់អ្នកទៅមនុស្សជំនាន់ក្រោយ។
លោកបណ្ឌិតគីម ហាង បន្តថា «មានអាយុ ២០ ទៅ ៣០ ឆ្នាំ យើងអាចធ្វើការឱ្យគេសិន ហើយការធ្វើការនោះទាល់តែខំខ្លាំងណាស់បានល្អ។ បន្ទាប់ពីការងារ យើងក៏ត្រូវចេះអភិវឌ្ឍន៍ខ្លួន និងត្រូវមានគំនិតថាថ្ងៃក្រោយចង់រកស៊ីអ្វីផងដែរ»។
លោក បានបន្តថា អ្នកគួរតែមានការគិតទៅលើអនាគតរបស់ខ្លួន ថាអាយុប៉ុណ្ណេះ ត្រូវធ្វើអ្វី អាយុប៉ុណ្ណោះត្រូវធ្វើអ្វី។ លោកបានណែនាំវិធីនៃការគិតទៅតាមអាយុកាលរបស់មនុស្សដូចនេះថា ពីអាយុ ២០ ទៅ ៣០ ឆ្នាំ ពិតជាត្រូវធ្វើការឱ្យគេ និងរៀននូវបទពិសោធន៍ រីឯអាយុ ៣០ ទៅ ៤០ ឆ្នាំ គួរពិចារណាលើការវិនិយោកឬការប្រកបអាជីវកម្មខ្លួនឯង ហើយចំពោះអាយុ៤០ទៅ ៥០ឆ្នាំវិញ គួរតែចាប់អាជីពណាមួយឱ្យជាប់ ហើយអាយុនេះផងដែរគឺជាអាយុដែលមានប្រាក់ចំណូលថេរ។

លោកបញ្ជាក់ថា «អាយុដែលរកលុយបានច្រើន គឺអាយុចាប់ពី ២០ ទៅដល់ ៤០ ឆ្នាំ គឺជាពេលមួយ ឡើងចុះៗ និងជាវ័យមួយដែលមានភាពក្លាហាន អ្វីក៏ហ៊ានធ្វើ ។ និងលុយដែលមានលំនឹងគឺអាយុ ៤០ដល់៥០ឆ្នាំ ដោយសារវ័យនេះជាវ័យមានបទពិសោធន៍ច្រើន មានការគិតពិចារណាច្រើនមុននឹងធ្វើអ្វីមួយ ដូចនេះគាត់មើលតែបញ្ហា ចឹងវាធ្វើឱ្យគាត់រារែកប្រសិនជាគាត់ចិត្ត»។
លោកបណ្ឌិតគីម ហាង បានបកស្រាយទៅតាមអាយុកាលនីមួយៗរបស់ មនុស្សគួរធ្វើអ្វីខ្លះ ដូចនេះថា៖សម្រាប់អ្នកមានវ័យ ២០ទៅ៣០ ដែលមានបំណងចង់ធ្វើសិន ដូចនេះគេត្រូវធ្វើអ្វីខ្លះនៅវ័យនេះ អ្នកខ្លះគាត់ចង់ធ្វើការនៅកន្លែងមួយដ៏ធំ ឬល្បីល្បាញចឹងទៅ ប៉ុន្តែសម្រាប់លោក លោកគិតថា ជាអ្នកមានអាយុឬវ័យនេះ ប្រសិនបើចង់ធ្វើការ គឺមិនសំខាន់ថាក្រុមហ៊ុនធំប៉ុណ្នានោះទេ ប៉ុន្តែសំខាន់ថាតើម្ចាស់ក្រុមហ៊ុន ជាមនុស្សប្រភេទណា ព្រោះអីនៅក្នុងក្រុមហ៊ុនខ្លះ ម្ចាស់ក្រុមហ៊ុន គឺមនុស្សដែល បុគ្គលិកមិនដែលឃើញមុខ មិនដែលជួប និងមិនដែលនិយាយស្រ្តីគ្នា ហើយមិនដែលមានផលប្រយោជន៍ ទទួលបានចំណេះដឹងពីគាត់ទេ។ ប៉ុន្តែម្ចាស់ក្រុមហ៊ុនផ្សេងទៀត បុគ្គលិកជួបបានគ្រប់ពេលវេលា សួរបានគ្រប់ពេលវេលា។ ចឹងអាយុ ២០ ទៅ ៣០ ឆ្នាំំ គឺជាពេលមួយដែលអ្នករើសក្រុមហ៊ុនធ្វើការជារឿងមួយសំខាន់ដែរ និងការរើសម្ចាស់ដែលល្អ ម្ចាស់ដែលល្អនឹងបង្រៀនអ្នកចេះច្រើន។
ដល់ពេលចូលដល់ពីអាយុ ៣០ ទៅ ៤០ ឆ្នាំ គឺជាចន្លោះ ដែលយើងត្រូវចេញរកស៊ីហើយ ព្រោះអីយើងរៀនចប់មហាវិទ្យានៅខ្ទង់អាយុ ២៣ទៅ២៥ឆ្នាំ ចឹងធ្វើការ៤ទៅ៥ឆ្នាំអីនឹង គឺត្រឹមអាយុ ៣០ ដូចនេះត្រូវគិតគូរមុខរបររកស៊ី។
លោកបន្តថា «មុខរបររកស៊ីមានច្រើនណាស់ នៅក្នុងប្រទេសកម្ពុជា យើងមានរាប់រយរាប់ពាន់ មុខរបររកស៊ីខ្លះ មួយកេរៗ មានន័យថាមួយហូបៗ និងមុខរបរខ្លះមធ្យម មុខរបរខ្លះអាចធ្វើឱ្យយើងក្លាយជាអ្នកមាន។ សម្រាប់ខ្ញុំ ខ្ញុំគិតថា មុខរបរណាដែលមិនក្លាយជាអ្នកមាន ខ្ញុំមិនធ្វើទេ ព្រោះអីខ្ញុំមានមហិច្ចតាធំ ចឹងខ្ញុំមើលឃើញថា មុខរបរខ្លះមិនអាចក្លាយទៅជាអ្នកមាន ចឹងហើយខ្ញុំមិនចាប់អារម្មណ៍។ ប៉ុន្តែមិនមែនមានន័យថា អ្នកផ្សេងមិនអាចធ្វើមុខរបរតូចៗនោះទេ គឺទៅតាមអ្វីដែលជាគោលដៅរបស់គេ»។
ក្នុងវ័យនេះ ប្រសិនបើយើងប្រកបមុខរបរ វាមានការឡើងមានការចុះ មានខាតមានចំណេញ ដូចនេះវ័យនេះយើងអាចហក់លោត ឬក៏អាចនិយាយបានថា អាចដូរមុខរបរបាន។

លោក បានបន្តថា «អាយុ ៣០ ទៅ ៤០ ឆ្នាំ យើងអាចដូរមុខរបរបាន ប៉ុន្តែបើចូលដល់អាយុ៤០ ឆ្នាំហើយ ត្រូវចាប់មុខរបរណាមួយឱ្យជាប់លាប់ ប្រសិនបើយើងចង់ធ្វើអ្វីមួយនៅអាយុ ៤០ ហើយត្រូវចាប់វាឱ្យជាប់ កុំប្រលែងហើយកុំដូរមុខរបរ ត្រូវធ្វើឱ្យប្រាកដ»។
ចូលដល់វ័យ ប្រសិន ៤០ទៅ៥០ ហើយគឺគាត់មើលឃើញរឿងគ្រប់យ៉ាង គាត់មើលឃើញបញ្ហា ដូចនេះលែងហ៊ានហើយ ។ ដូចនេះទ្រព្យសម្បត្តិគ្រប់យ៉ាងនៅអាយុ ៥០ គឺកំណើននៃលុយ មិនច្រើនប៉ុន្មាននោះទេ។ ប៉ុន្តែលោកគិតថា ជាវ័យដែលត្រូវធ្វើអ្វីមួយដល់សង្គម ដូចជាការបង្រៀនមនុស្ស អប់រំកូនចៅ បង្រៀនបុគ្គលិកដែលខំជាដើមនឹង។ យើងគួរគិតថា ដល់វ័យ ៥០ឆ្នាំហើយតើយើង មាន ១០ឆ្នាំប៉ុន្មានដងទៀត និយាយនេះមិនបំភ័យនរណាម្នាក់នោះទេ។ ឧទាហរណ៍ថា យើងមាន ១០០លានដុល្លាអាមេរិក នៅអាយុ ៥០ ឆ្នាំជាងនេះ សួរតើយើងមាន១០ឆ្នាំប៉ុន្មានដងទៀតសម្រាប់ ការចាយវាយនេះ ដូចនេះអ្នកមាន ហើយក្នុងវ័យនេះ គួរតែចំណាយពេល ដើម្បីចែករំលែកក្នុងសង្គម ដើម្បីប្រទេសជាតិ ដើម្បីក្មេងជំនាន់ក្រោយ។ ព្រោះថាវ័យនេះហើយ ប្រសិនជារកលុយបានច្រើនជាង ១០ដងទៀត ក៏មិនដឹងត្រូវយកទៅណាដែរ ដូចពាក្យព្រះពុទ្ធបាននិយាយចឹង «មកដៃទទេ ទៅវិញក៏ដៃទទេដែរ» ។

លោកបន្ថែមថា «ខ្ញុំស្គាល់អ្នកមានច្រើនណាស់ មានលុយតែមិនបានចាយលុយនោះទេ ព្រោះអីគាត់ជាទាសករនៃលុយអស់មួយជីវិត ពីក្មេងក្រ ដល់ពេលធំឡើងខំរកលុយ ហើយខំមានលុយហើយ គាត់នៅតែខំទៀត ខំគ្មានទីបញ្ចប់ ចឹងក្នុងមួយជីវិតគាត់មានទ្រព្យសម្បត្តិច្រើន ប៉ុន្តែគឺជាខ្សល់សុទ្ធ ពេលដែលស្លាប់ទៅ យកទៅមិនបានទេ»។
ដូចនេះវ័យ ៥០ ឆ្នាំ ហើយមានលុយប៉ុណ្ណឹងហើយ អ្នកគួរគិតពិចារណា យកពេលវេលាខ្លះ មកចែករំលែក ចំណេះដឹងបទពិសោធន៍ ទៅក្នុងសង្គមនិងមនុស្សជំនាន់ក្រោយ៕
ចែករំលែកព័តមាននេះ