ការកំណត់គោលដៅក្នុងអាជីពមានសារៈសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តខ្លួនឯង និងកំណត់នូវផ្លូវ និងយុទ្ធសាស្ត្រដែលមនុស្សម្នាក់ត្រូវអនុវត្តដើម្បីសម្រេចបាននូវអ្វីដែលខ្លួនចង់បាន។ ក្នុងពេលដែលគោលដៅរបស់មនុស្សនីមួយៗមានភាពខុសគ្នាទៅតាមអាជីព និងស្ថានការផ្សេងៗជុំវិញខ្លួនរបស់ពួកគេ មានគោលដៅមួយចំនួនដែលមនុស្សគ្រប់គ្នាគួរតែមានដើម្បីជួយបង្កើនឱកាសជោគជ័យរបស់ខ្លួន។

១. ការគ្រប់គ្រងពេលវេលា
មិនថាអ្នកធ្វើការក្នុងវិស័យអ្វី និងមានតួនាទីអ្វីទេ ការគ្រប់គ្រងពេលវេលាមានសារៈសំខាន់ណាស់ព្រោះពេលវេលាជាធនធានដ៏មានតម្លៃជាងគេលើលោក។ អ្នកត្រូវការជំនាញគ្រប់គ្រងពេលវេលាដើម្បីរក្សាលំនឹងរវាងការងារ និងជីវិតផ្ទាល់ខ្លួនប្រសិនបើអ្នកចង់រក្សាសុខភាពផ្លូវចិត្តនិងផ្លូវកាយឲ្យបានល្អ។
២. ជំនាញទំនាក់ទំនង
ការប្រាស្រ័យទាក់ទងជាផ្នែកដ៏សំខាន់ក្នុងជីវិតរបស់មនុស្ស។ ក្នុងអាជីពវិញ មនុស្សដែលមានជំនាញក្នុងការទំនាក់ទំនងខ្ពស់ក៏មានឱកាសជោគជ័យខ្ពស់ដែរ។ មិនថាអ្នកមានគំនិតច្នៃប្រឌិតប៉ុនណា ឬមានសមត្ថភាពប៉ុនណាទេ ប្រសិនបើអ្នកមិនមានជំនាញទាក់ទងខ្ពស់ អ្នកនឹងជួបនូវឧបសគ្គច្រើន។
៣. ជំនាញធ្វើបទបង្ហាញ
គោលដៅសំខាន់មួយទៀតដែលអ្នកគួរតែមានគឺជំនាញក្នុងការធ្វើបទបង្ហាញ។ វាជាការទំនាក់ទំនងដែលផ្លូវការ និងមានសារៈសំខាន់ក្នុងបរិបទការងារគ្រប់វិស័យ។ វាមិនត្រឹមតែទាមទារឲ្យអ្នកមានសមត្ថភាពក្នុងការនិយាយទេ តែសូម្បីតែការស្លៀកពាក់ ការលើកដាក់សម្លេង និងកាយវិការរបស់អ្នកក៏មានសារៈសំខាន់ដែរ។
៤. ការធ្វើការជាក្រុម
មិនមានមនុស្សច្រើនដែលចូលចិត្តធ្វើការជាក្រុមទេ ប៉ុន្តែនៅកន្លែងការងារនីមួយៗតែងតែមានការងារក្រុមច្រើន។ ប្រសិនបើអ្នកដឹងថាអ្នកត្រូវធ្វើការជាមួយអ្នកដទៃក្នុងក្រុមច្រើននោះ អ្នកត្រូវតែមានសមត្ថភាពក្នុងការធ្វើការជាក្រុមដោយមានប្រសិទ្ធភាព។ ក្រៅពីការរៀនធ្វើការជាមួយមនុស្សខុសៗគ្នាហើយ អ្នកត្រូវតែរៀនសម្របសម្រួល។
៥. ការរៀបចំឲ្យមានសណ្តាប់ធ្នាប់
ការមានបរិស្ថានដែលមានសណ្តាប់ធ្នាប់ល្អអាចជះឥទ្ធិពលដល់ការធ្វើការរបស់អ្នកបាន។ មិនថាអ្នកធ្វើការផ្នែកអ្វីទេ អ្នកត្រូវតែចេះរៀបចំការងារ និងបរិស្ថានជុំវិញខ្លួនអ្នកឲ្យបានល្អ។ លើសពីនេះទៅទៀត វាអាចជួយឲ្យអ្នកគ្រប់គ្រងពេលវេលាបានល្អជាងមុនថែមទៀត ៕
ចែករំលែកព័តមាននេះ