ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ចៅក្រម​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់ ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ

3 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ទីបំផុត​នៅ​វេលា​រសៀល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ចៅក្រម​ស៊ើបសួរ ឌិន ស៊ី​វុ​ទ្ធី បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ម្នាក់​ឈ្មោះ ម៉ៅ…

ខេត្តស្វាយរៀង ៖ ទីបំផុត​នៅ​វេលា​រសៀល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ចៅក្រម​ស៊ើបសួរ ឌិន ស៊ី​វុ​ទ្ធី បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ម្នាក់​ឈ្មោះ ម៉ៅ វី​រៈ ហៅ​ចំរើន ដាក់​ពន្ធនាគារ​ខេត្តស្វាយរៀង​ជា​បណ្ដោះអាសន្ន ក្រោម​បទចោទប្រកាន់ ប្រទូស្ត​កេរ្តិ៍ខ្មាស មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​ទៅ​នឹង​ជន​រង​គ្រោះ ។

យោង​តាម​ដីកា សាលាដំបូង​ខេត្តស្វាយរៀង អោយ​ដឹង​ថា រយៈពេល​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ចំនួន​៤​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ រហូត​ដល់ ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ លើកលែងតែ​មាន​ដីកា​បង្គាប់​ឲ្យ​រក្សា​ជន​ត្រូវ​ចោទ​ក្នុង​ឃុំ រង​ចាំ​ការ​ជំនុំជម្រះ ។

សូម​រម្លឹក​ឡើង​វិញ​ថា «​បញ្ជូន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​ទៅ​តុលាការ ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ជាង​២​ខែ​មុន​» នៅ​ថ្ងៃ​ទី​២៤ កញ្ញា​នេះ កម្លាំង​នគរបាល​ខេត្តស្វាយរៀង បាន​ស្រាវជ្រាវ​រក​ឃើញ និង​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់ ពាក់ព័ន្ធ​នឹង​ប្រទូស្ត​កេរ្តិ៍ខ្មាស លើ​ក្មេង​ស្រី អាយុ​១៦​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​១៩ កក្កដា ២០២០ ពោល​គឺ​ជាង​២​ខែ​មុន ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ម៉ៅ វី​រៈ បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

បើ​យោង​តាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បានអោយ​ដឹង​ថា ករណី​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ម៉ៅ វី​រៈ បាន​ប្រទូស្ត​កេរ្តិ៍ខ្មាស លើ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ក្តុមពី ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខែ​ត្ត​ស្វាយ​រៀង ពិតប្រាកដ​មែន​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ២០២០ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

ជនសង្ស័យ​រូប​នេះ ត្រូវ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​ជម្រាប​ថា ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ខាងលើ​នេះ បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បង្ហោះ​សារ និង​រូប​ជនសង្ស័យ កាលពី​ថ្ងៃ​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា «​នេះ​ហើយ ជា​ប៉ូលិស ដែល​ចាប់រំលោភ​បំពាន​មក​លើ​ប្អូនស្រី​របស់ខ្ញុំ កាលពី​យប់​ថ្ងៃ​ទី​១៩ កក្កដា ២០២០ នៅ​ភូមិ​ក្តុមពី ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រុំ ខែ​ត្ត​ស្វាយ​រៀង ពេល​នោះ រំលោភ​មិន​បាន​សម្រេច ដោយសារ​ប្អូនស្រី​ខ្ញុំ រើ​រួច ហើយ​ស្រែក​ឲ្យ​គេ​ជួយ ប្អួ​ន​ស្រី ទើបតែ​អាយុ​១៦​ឆ្នាំ សូម​សមត្ថកិច្ច​ខេត្តស្វាយរៀង មេត្តា​តាម​ចាប់​ជនល្មើស​រូប​នេះ​ផង ។ ជនល្មើស​មិន​បានរ​ត់ទៅ​ណា​ទេ គឺ​នៅ​ក្នុងភូមិ ។ ហេតុ​អី បានជា​មិន​រក​យុត្តិធម៌​អោយ​គ្រួសារ​ខ្ញុំ ? ហេតុ​អី មិន​មានច្បាប់​ចាប់ខ្លួន​ជនល្មើស ? បើសិនជា​រឿង​នេះ កើត​ក្នុង​គ្រួសារ​អ្នក ហើយ​ឃើញ​ជនល្មើស ដើរ​លេង​ក្នុងភូមិ​យ៉ាង​សប្បាយ តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា ? ចំពោះ​ខ្ញុំ ខ្ញុំ​មានការ​ឈឺចាប់​ណាស់ ហើយ​ខឹង​ណាស់​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​អី​គេ​បាន តែ​ការ​ឈឺចាប់​នេះ ខ្ញុំ​ទុក​វា​នៅ​ក្នុង​ចិត្ត ។ ខ្ញុំ​ជា​បងស្រី មិន​អាច​ជួយ​ប្អូនស្រី​ខ្លួនឯង​បាន មាន​តែ​ផុស​តាម ហ្វេ​ស​ប៊ុ​ក អោយ​បងប្អូន​ជួយ​ចែករំលែក​ផង ។ សូម​អរគុណ ទុកជា​មុន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ