មជ្ឈមណ្ឌលស្រាវជ្រាវនិងកោសល្យវិច្ច័យលើបទឧក្រិដ្ឋគ្រប់ប្រភេទអាចនឹងមាននៅកម្ពុជា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលស្រាវជ្រាវនិងកោសល្យវិច្ច័យលើបទឧក្រិដ្ឋគ្រប់ប្រភេទអាចនឹងមាននៅកម្ពុជា

6 ខែ មុន

រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលកោសល្យវិច្ច័យមួយនឹងចាប់ផ្ដើមមានវត្តមាននៅប្រទេសកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកូរ៉េ ក្រោយពីមានសំណើរជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង ។ លោកឯកអគ្គរាជទូតបានមានប្រសាសន៍ឲ្យដឹងថា «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម…

រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលកោសល្យវិច្ច័យមួយនឹងចាប់ផ្ដើមមានវត្តមាននៅប្រទេសកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកូរ៉េ ក្រោយពីមានសំណើរជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង ។

លោកឯកអគ្គរាជទូតបានមានប្រសាសន៍ឲ្យដឹងថា «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ, គ្រឿងញៀន, ភេរវកម្ម, អ៊ីនធឺណេត ជាដើម» ។ លោកបានបញ្ជាក់ថានេះជាលទ្ធផលមួយដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងមកនៅប៊ូសាន។

លោក ឡុង ឌីម៉ង់ ក៏បានឲ្យដឹងផងដែរថា រូបលោកនិងលោកស្រីទីប្រឹក្សាស្ថានទូត និងសហការី នៅថ្ងៃទី ២៩ ខែកញ្ញានេះ បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសម្ព័ន្ធផ្នែកច្បាប់ LIN លោក Jin Seok LIM និងអតីតប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងកោសល្យវិច្ច័យ លើបទឧក្រិដ្ឋគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃប្រទេសកូរ៉េ លោក Joong Seok SEO និងលោក Young Shik Choi។

Picture

កិច្ចប្រជុំក៏បានពិភាក្សា លើកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការចូលរួមជួយអភិវឌ្ឍន៍មជ្ឈមណ្ឌល ស្រាវជ្រាវ និងកោសល្យវិច្ច័យ លើបទឧក្រិដ្ឋ ដែលប្រទេសកូរ៉េកំពុងមានសមត្ថភាពខ្ពស់ និងជឿនលឿនលើវិស័យនេះ ស្របពេលដែលកម្ពុជាកំពុងមានតម្រូវការអភិវឌ្ឍន៏កិច្ចការនេះឱ្យបានល្អប្រសើរ។

Picture

លោកឯកអគ្គរាជទូត បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព នៅថ្ងៃដដែលថាមជ្ឈមណ្ឌលនេះ មិនទាន់ធ្វើសម្រេចថានឹងធ្វើការសាងសង់នៅពេលណា និងទីកន្លែងណានោះទេ ក៏ព្រោះតែពួកយើងត្រូវរង់ចាំពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្រេចផ្ញើសំណើរជាផ្លូវការដល់ប្រទេសកូរ៉េ ទើបគេចាប់ផ្តើមធ្វើ ហើយចង់បញ្ជាក់ផងដែរថា វាជាកិច្ចសហប្រតិបត្តិការមួយនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការកូរ៉េ-មេគង្គ ហើយដែលក្នុងនោះ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការប្រឆាំងលើបទឧក្រិដ្ឋគ្រប់ប្រភេទ ដូចបានរៀបរាប់ខាងលើ។

លោកបានមានប្រសាសន៍បន្ថែមថា «ហើយនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងកោ សល្យវិច្ច័យនេះ មិនមែនត្រឹមតែពិនិត្យទៅលើសាកសពខ្លួនប្រាណមនុស្សនោះទេ នៅមានការពិនិត្យ DNA ឆែក DNA ជាការធ្វើការស្រាវជ្រាវ និងការប្រឆាំងបទល្មើសផ្សេងៗ ដូចជារឿងបញ្ហាលាងលុយកង្វក់ជាដើមនេះឯង។ សម្រាប់កម្មវិធីយើង គឺយើងពិតជាត្រូវការមជ្ឈមណ្ឌលបែបនេះណាស់ ដើម្បីធ្វើការបណ្តុះបណ្តាលដល់ជន បង្គោលរបស់យើង ដើម្បីយើងកសាងមនុស្សបន្តទៀត និងកសាងសមត្ថភាព ដែលបណ្តុះបណ្តាលទៅលើចៅក្រម ព្រះរាជអាជ្ញា និងសមត្ថកិច្ច ប៉ូលីស នរគបាលជាដើម។ ហើយវារឹតតែមានផលប្រយោជន៍នាពេលបច្ចុប្បន្ន ដែលយើងកំពុងជួបប្រទះនៃវិបត្តិ កូវីដ១៩ គឺនឹងផ្តល់នៃការស្រាវជ្រាវ រកអ្នកដែលឆ្លងជំងឺនេះឯង»។

លោកបានបន្តថា ការស្មើសុំជាផ្លូវការនេះ ទាល់តែក្រសួងការបរទេស និងក្រសួងជំនាញពាក់ព័ន្ធដូចជាក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងហរិញ្ញវត្ថុ ទើបខាងយើងអាចដាក់សំណើរទៅប្រទេសកូរ៉េ បន្ទាប់មកប្រទេសកូរ៉េ គេយកទៅចាត់ចែងតាមនិតិវិធីនឹង។ ហើយសូមជម្រាបជូនបន្តថា ប្រសិនជាគម្រោងនេះត្រូវបានឯកភាពថានឹងធ្វើ ហើយទោះបីជានៅក្នុងកិច្ចសហប្រតិបត្តិការមែន ប៉ុន្តែនៅក្នុងកម្ចីទេ មិនមែនជាការជួយឥតសំណងនោះទេ នៅក្នុងក្របខណ្ឌ EDCF ដែលក្រសួងហរិញ្ញវត្ថុកម្ពុជាយើងត្រូវរាយការណ៍ជូនសម្តេចតេជោ និងតាមរយៈក្រសួងហរិញ្ញវត្ថុ ត្រូវធ្វើការកំណត់ជាអាទិភាព ថាតើគម្រោងនឹងមានអាតិភាពកំរិតណា ទើបយើងអាចកំណត់នៃសាងសង់បាន និងទាល់តែបានការទទួលហរិញ្ញប្បទានពេលណា ទើបយើងអាចកំណត់បាន។

លោកឯកអគ្គរាជទូត បានបន្ថែមថា «ដូចនេះយើងត្រូវកសាងឯកសារបានគ្រប់គ្រាន់ និងសម្រាប់លោកផ្ទាល់ក៏លោកបានទៅមើលមជ្ឈមណ្ឌលដែលមានស្រាប់នៅប្រទេស កូរ៉េនេះផងដែរ។ លោកត្រូវធ្វើការទស្សកិច្ច មជ្ឈមណ្ឌលដែលមានស្រាប់នេះជាមុន សិន ដើម្បីលោកអាចមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការបង្ហាញជូនរាជរដ្ឋាភិបាលដើម្បីពិចារណា»៕

Picture