ខេត្តព្រះសីហនុ ៖ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលសម្របសម្រួលនីតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីវប្បធម៌និងវិចិត្រសីល្បៈខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលលាក់ទុកក្រឡចាស់ៗចំនួន២៨១ក្រឡ ដែលជឿជាក់ថាជាវត្ថុបុរាណរបស់ខ្មែរនៅក្នុងផ្ទះរបស់ខ្លួន ។

ប្រភពព័ត៌មានអះអាងថា ជនជាតិវៀតណាមនេះជាអ្នកនេសាទបានប្រទះឃើញក្រឡបុរាណទាំងនេះនៅក្នុងបាតសមុទ្រក្បែរកោះឫស្សី ដែលមានចម្ងាយពីមូលដ្ឋានរាមប្រមាណពី៧ទៅ៨គីឡូម៉ែត្រ ។ លំនៅឋានជនជាតិវៀតណាមនេះស្ថិតនៅចំណុចផែរ៉ូយ៉ាល់ ក្នុងក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អ្នកនេសាទវៀតណាមដែលជាប់ចោទលាក់ទុកក្រឡចាស់ៗសង្ស័យថាជាវត្ថុបុរាណនេះឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យក៏បានដកហូតក្រឡទាំងតូចទាំងធំចំនួន២៨១ក្រឡផងដែរ ។

ជនដែលត្រូវឃាត់ខ្លួននេះនិងវត្ថុតាងកំពុងរក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត ។
លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងជាចុងក្រោយថា វត្ថុតាងក្រឡតូចធំទាំង២៨១ គឺជាវត្ថុបុរាណដែលមនុស្សជំនាន់មុនដ៏យូរលង់បានធ្វើអំពីដីដុតនៅក្នុងចន្លោះសតវត្សទី១៥-១៧ ដែលពេលនេះប្រទេសនីមួយៗតែងចងសម្ព័ន្ធមេត្រីភាព អាចជូនវត្ថុទាំងនេះជាសួយសារអាករឬជូនជាវត្ថុអនុស្សាវរីយ៍ពីគ្នាទៅវិញទៅមក ។ នេះអាចចាត់ទុកថាជាលើកដំបូងហើយដែលមានការប្រទះឃើញវត្ថុបុរាណនៅបាតសមុទ្រកម្ពុជា ដែលអាចបណ្តាលមកពីលិចសំពៅឬទូកក្នុងឧបទ្ទវហេតុណាមួយ ។ បើតាមការវាយតម្លៃពីអាយុកាលក្រឡនេះអាចមានប្រមាណ៦០០ឆ្នាំ ។

សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា ជនជាតិវៀតណាមរូបនេះមិនមែនជាអ្នកនេសាទទេ នេះបើយោងតាមការសារភាព ។ បុរសវៀតណាមនេះថា ខ្លួនបានជួលអ្នកនេសាទមុជរាវរកក្រឡក្នុងបាតសមុទ្រនេះ៣ខែមកហើយ ដែលក្នុង១ថ្ងៃរាវរកបានជាង១០ក្រឡ ។ ចំណុចដែលមានក្រឡនៅបាតសមុទ្រនេះគឺមានចម្ងាយ២០០ម៉ែត្រពីកោះឫស្សី និងមានជម្រៅ៧ម៉ែត្រ ៕



ចែករំលែកព័តមាននេះ