រាជធានីភ្នំពេញ ៖ ដុំមហារីកសាច់ថ្លើមភាគច្រើន គឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis) ហើយមហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្តូរថ្លើមថ្មី ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេស ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត ។
លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ក៏បានឲ្យដឹងទៀតថា ៖ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសារគ្រឿងស្រវឹងច្រើន ហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយ គឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលក្រិននោះ (80-90%)។ មូលហេតុខ្លះៗបន្ថែមទៀតមាន ៖

-សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចំអិនមិនឆ្អិនល្អ។
– ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលអោយកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។
ចំណាំ ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរ៉ៃ (chronic hepatitis B )។
ក) រោគសញ្ញា ៖ រោគសញ្ញាដែលអាចឲ្យយើងដឹងអំពីជំងឺមួយនេះ គឺមានដូចជា ៖
-មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ
-ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)
-អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជំងឺគ្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង…)
-មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនិត្យមើលអេកូពោះ (Medical checkup)…។

ខ) ការធ្វើរោគវិនិច្ឆ័យ ៖ យើងអាចធ្វើឡើងបានតាមរយៈ
-ការសាកសួរអំពីប្រវត្តិរបស់ជំងឺ
-ការពិនិត្យរបស់វេជ្ជបណ្ឌិត (Physical examination)
-ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម
-ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker
-ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy)
-ការធ្វើស្កាន់នែរពោះដោយចាក់ថ្នាំ (Injection abdominal CT scan) ។
គ) ការព្យាបាល ៖ វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល និងសារជាតិគីមី (Chemo embolisation) ដើម្បីកំទិចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំ ដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។
គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកំពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឱ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះ មានការព្យាបាលទំនើបថ្មីមានដូចជា ៖

១. ការព្យាបាលដោយថ្នាំឆ្លាតកំទេចហ្សែន អាចពន្យាជីវិតអ្នកជំងឺបានយូរដល់២ឆ្នាំភាគច្រើន ហើយគុណភាពជីវិតរបស់អ្នកជំងឺប្រសើរជាងការមិនព្យាបាលឆ្ងាយណាស់។ អ្នកជំងឺភាគច្រើនរស់នៅដូចមនុស្សធម្មតា មិនមានការឈឺចាប់អ្វីទាំងអស់។
២. មហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្តូរថ្លើមថ្មី បន្ទាប់មកបន្តការព្យាបាលដោយថ្នាំឆ្លាត រយៈពេល២ឆ្នាំ អ្នកជំងឺរស់បានលើសពី៥ឆ្នាំ ៥០%។
បញ្ជាក់ ៖ ការប្រើប្រាស់ថ្នាំគីមីចាក់តាមសរសៃ (Chemotherapy) និងការបាញ់កាំរស្មី (Radiotherapy) ទៅលើដុំសាច់មហារីកនេះ គឺមិនមានចម្លើយល្អជាវិជ្ជមាននោះទេ សំរាប់ប្រភេទនៃដុំមហារីកមួយនេះ។ ជំងឺមហារីកថ្លើមមិនអាចបង្ការបាន100%ទេ។
វេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេស ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ៖ ដំបូន្មានរបស់ក្រុមការងារវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត គឺមានតែការបង្ការ និងការពារតែមួយគត់ដែលជាវិធីល្អបំផុតសំរាប់គ្រប់អ្នកជំងឺ។ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ បេ និង សេ អោយបានត្រឹមត្រូវ និងប្រាកដប្រជាមុនពេលវិវត្តទៅដល់ដំណាក់កាលក្រិនថ្លើមនេះ ការចាក់ថ្នាំបង្ការការពារមេរោគរលាកថ្លើមប្រភេទ បេ ពីដំបូងទី និងជៀសវាងការពិសារគ្រឿងស្រវឹងរយៈពេលយូរជាដើម គឺជាវិធានការដ៏ប្រសើរបំផុត។

យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) ប្រជាជនប្រមាណប្រហែល ២៥៧លាននាក់ មានផ្ទុកមេរោគរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ (Chronic hepatitis ក្នុងនោះភាគច្រើនប្រមូលផ្តុំនៅប្រទេសអាស៊ី និង ១៦,៧% កំពុងព្យាបាល។ ជាទូទៅនៅក្នុងដំណាក់កាលផ្ទុកមេរោគថ្លើមប្រភេទបេរ៉ាំរ៉ៃភាគច្រើន អ្នកជំងឺមិនមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ទេ នេះជាមូលហេតុចម្បងដែលធ្វើអោយអត្រាក្រិននិងមហារីកថ្លើមបង្កឡើងដោយមេរោគរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេខ្ពស់ ៕

ចែករំលែកព័តមាននេះ