ខេត្តព្រះសីហនុ ៖ ស្នូរផ្ទុះអាវុធបានលាន់ឮឡើងជាច្រើនគ្រាប់ ដែលជាករណីបាញ់រះមួយលាន់ឮខ្ទរខ្ទារកាលពីវេលាម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
យោងតាមរបាយការណ៍ឲ្យដឹងថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយជនសង្ស័យ៣នាក់ជាសន្ដិសុខរបស់ក្រុមហ៊ុនអចលនទ្រព្យតុងហ្វាមីងជូ ។

តាមប្រភពព័ត៌មានថា ក្រោយពីផឹកស៊ីស្រវឹងនៅខាងក្រោយអតីតសាលា UME ជនឈ្មោះ សៅ បូណា បានបើករថយន្តម៉ាក Buick ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BE-២៣៧៦ ដែលនៅក្នុងរថយន្ដមានគ្នា៣នាក់ ។ របាយការណ៍របស់នគរបាលថា ពួកគេមានកាំភ្លើងខ្លី២ដើម គឺម៉ាកឡុក១ដើម ជារបស់ឈ្មោះ លីវ ភារម្យ និងម៉ាកឡុក-៩២ មួយដើម ជារបស់ឈ្មោះ សៅ បូណា។

ពួកគេបានឈប់រថយន្តនៅមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្នុងភាពស្រវឹងស្រែកឡូឡា និងដើរចុះពីរថយន្តសំដៅមកសមត្ថកិច្ចដែលឈរជើងការពារសណ្តាប់ធ្នាប់ ដោយនៅក្នុងដៃមានកាន់កាំភ្លើង១ដើមបញ្ចូលគ្រាប់រួចជាស្រេច ។ ភ្លាមនោះ សមត្ថកិច្ចដែលមានគ្នា៣នាក់ដែរ បានស្ទុះទៅចាប់ដៃជននោះ ដើម្បីរារាំងមិនឲ្យធ្វើសកម្មភាពធ្ងន់ធ្ងរណាមួយ ហើយអាវុធក៏ជ្រុះពីដៃ ធ្វើឱ្យជននោះខឹងសម្បារត់ឡើងរថយន្ដ ទាញកាំភ្លើង១ដើមទៀតក្នុងរថយន្តបាញ់មកលើសមត្ថកិច្ចបណ្ដាលឲ្យរងរបួសម្នាក់ ។ ក្រោយពីផ្ទុះអាវុធ ជននេះបានព្យាយាមបើករថយន្តដេញបំបុកសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចបាញ់បំបែកកង់រថយន្ដនោះ ។

នៅក្នុងហេតុការណ៍ផ្ទុះអាវុធនោះ ភាគីជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ធី បានរងរបួសភ្លៅស្ដាំ១គ្រាប់ ។ ឯអ្នកបើកម៉ូតូកង់៣ម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ដោយសារតែការបាញ់រះពាសវាលពាសកាលរបស់ក្រុមជនទាំងនោះ ។
ក្រោយពីផ្ទុះអាវុធរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់គឺឈ្មោះ ម៉ៅ ធី និងឈ្មោះ សៅ បូណា ។ ពួកគេបានសារភាពថា មានគ្នា៣នាក់គឺ ឈ្មោះ សៅ បូណា ឈ្មោះ ម៉ៅ ធី និងឈ្មោះ លីវ ភារម្យ មកធ្វើការនៅខេត្ដព្រះសីហនុ ជាអ្នកការពារនៅក្រុមហ៊ុនអចលនទ្រព្យតុងហ្វាមីងជូ ទទួលបានប្រាក់ខែ៥០០ដុល្លារក្នុង១ខែ ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីយប់ ពួកគេទាំង៣នាក់ បានទៅផឹកស៊ីជាមួយនារី៥ទៅ៦នាក់ នៅខាងក្រោយអតីតសាលា UME ។ ក្រោយពីផឹកស៊ីអស់ស្រា
បៀរ២កេស ពួកគេបានបើករថយន្តដឹកឈ្មោះម៉ៅ ធី មកកន្លែងធ្វើការនៅមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។ ពេលមកដល់ ឈ្មោះ ម៉ៅ ធី បានបើកទ្វាររថយន្តចុះ ដោយជជែកគ្នាជាមួយនឹងមិត្ដភក្ដិរបស់ខ្លួនឮខ្លាំងៗ ហើយត្រូវសមត្ថកិច្ចល្បាតសង្ស័យក៏ចូលទៅសួរនាំរកមូលហេតុ ទើបបណ្ដាលឲ្យមានរឿងហេតុកើតឡើងដូចបានរៀបរាប់ខាងលើ ។

សូមបញ្ជាក់ថា ឈ្មោះ លីវ ភារម្យ ក្រោយពេលបាញ់រួច បានគេចខ្លួនដោយយកកាំភ្លើងខ្លី១ដើមទៅជាមួយផង ។ រីឯឈ្មោះ សៅ បូណា និង ឈ្មោះ ម៉ៅ ធី ត្រូវបានឃាត់ខ្លួន និងដកហូតកាំភ្លើងខ្លី២ដើម គឺម៉ាកឡុកអូទ្រីស ១ដើម និងម៉ាកឡុក-៩២ មួយដើម ។ ជនទាំង២នាក់រួមនឹងកាំភ្លើង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ត ដើម្បីសាកសួរតាមនីតិវិធី។
គួររំលឹកថា ៖ បាញ់រះកណ្តាលក្រុងព្រះសីហនុ ឆក់យកជីវិតអ្នករត់កង់បីម្នាក់ និងរបួស២នាក់(វីដេអូ) ៕











អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ