ខេត្តកោះកុងបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមនៃរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ដោយព្រះរាជក្រមលេខ ២៤៦ ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែលបានកាត់ចេញពីខេត្តកំពត និងតាំងនៅកន្លែងមួយហៅថា «ចាំយាម» ក្នុងឃុំកោះប៉ោ មានផ្ទៃដីទំហំ៦០៦.៦៤០ ហិកតា និងមានស្រុកចំនួន២ កាលជំនាន់នោះគឺកំពង់សោម និងកោះកុង ។
ឯកសាររដ្ឋបាលខេត្តបន្តថាខេត្តកោះកុង បានកែប្រែ និងបង្កើតជាខេត្តមួយហៅថា ខេត្តកោះកុង ដែលមានទីតាំងនៅភូមិបាងចាក ក្នុងឃុំពាមក្រសោប ដោយព្រះរាជក្រម លេខ ៣៣២-ន.ស. ចុះថ្ងៃទី១៣ សីហា គ.ស១៩៥៩ នៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត វិសុទ្ធមហាខត្តិយវង្សវិសិដ្ឋហរិពង្ស គុណាតិរេក ធម្មចរិយោត្តម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ។

ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់
-វរសេនីយ៍ត្រីសុខ ជៀប ថ្ងៃទី២៨/១១/១៩៥៩ ។
-អនុសេនីយ៍ឯកសេក សំអៀត ថ្ងៃទី២៨/០៤/១៩៦១ ។
-វរៈសេនីយ៍ត្រីយង់ យុក ហង់ ថ្ងៃទី០៣/០៥/១៩៦៨ ។
-លោកមូលហ៊ាង ឧត្តមមន្ត្រី ថ្នាក់លេខ៣ ថ្ងៃទី០៦/១០/១៩៧០ ។
-ឧត្តមសេនីយ៍ត្រីសី អ៊ឹង ថ្ងៃទី១០/០៧/១៩៧២ ។
-វរសេនីយ៍ឯកចេង គឹមនួន ថ្ងៃទី០៨/០១/១៩៧៤ ។
-ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ឯកឧត្តមរុង ផ្លាមកេសន លេខាបក្សខេត្ត និង ឯកឧត្តមមុន សិរិ អនុលេខាបក្សខេត្ត និងជាប្រធានខេត្ត ។
-ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ឯកឧត្តម រុងផ្លាម កេសន អភិបាលខេត្ត ។
-ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ ឯកឧត្តម យុទ្ធ ភូថង អភិបាលខេត្ត ។
-ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ឯកឧត្តម ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្ត ។
-ឆ្នាំ២០១៧ ដល់បច្ចប្បន្ន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ។

ខេត្តកោះកុង (ជាភាសាអង់គ្លេស Koh Kong province និងមានអក្សរកាត់ KKG) គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន និងស្ថិតនៅប៉ែកនីរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រ និងប្រទេសថៃ និងខាងជើងជាប់ខេត្តពោធិ៍សាត់ ។
ខេត្តកោះកុងមានក្រុងចំនួន១ និងស្រុកចំនួន៦ ឃុំចំនួន ២៦ និងសង្កាត់ចំនួន ៣ ដែលបានបែងចែកជា ១១៩ ភូមិ និងមានផ្ទៃដីសរុប ១០,០៤៥.៥៨ គីឡូម៉ែត្រការេ៉ ។ ជាមួយនឹងធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប ខេត្តកោះកុងមានឆ្នេរសមុទ្រសរុប ២១៥ គីឡូម៉ែត្រ ស្នើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល ៕
ចែករំលែកព័តមាននេះ