ជិត​២០​នាក់​ចេញ​ប្លន់ កាំភ្លើង​​ផង អាវុធ​​ផង​គ្រប់​ដៃ លុះ​យក​មិន​​បាន​ដក​សោ​រត់


រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កុប​ភី​ស៊េរី​ឆ្នាំ​២០២០​មួយ​គ្រឿង ចេញ​មក​ពី​ផ្ទះ​របស់​មិត្តភក្តិ ក្នុង​បំណង​ទៅ​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្តភក្តិ​ផ្សេង​ជា​បន្ត​ទៀត ក៏​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ស្ទើរ​គ្រប់​ដៃ បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់ និង​បាញ់​គំរាម​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ តែ​មិន​សម្រេច ដោយសារ​តែ​ម៉ូតូ​ជាប់​ហ្វ្រាំង​ទៅ​មិន ក៏​ដក​យក​តែ​កូនសោ​ម៉ូតូ រួច​ក្រុម​ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយទូរទស្សន៍​ហង្ស​មាស តាម​បណ្ដោយ​ផ្លូវ​ស្រា​បៀរ ថែ​ហ្គ័​រ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ម៉េ​ង ឡា​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​បឹង​កេងកង​។

តាម​សម្តី​ពី​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស្កុប​ភី​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1II-8171 ទើបតែ​ចេញ​មក​ពី​លេង​ផ្ទះ​របស់​មិត្តភក្តិ​នៅ​ឯ​ស្ពាន​ព្រែក​សំរោង ក្នុង​បំណង​ជិះ​ដឹក​គ្នា​ទៅ​ផឹកស៊ី​នៅ​ឯ​ត្រើយម្ខាង​ជ្រោយចង្វារ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ស្រា​បៀរ ថៃ​ហ្គ័​រ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ដែល​ពួក​គេ​ជិះ​ដឹក​គ្នា​ដល់​ចំណុច​ខ្លោងទ្វារវត្ត​និគ្រោធ​វ័ន ហៅ​វត្ត​គល់​ទទឹង ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជិត​២០​នាក់ ជិះ​ម៉ូតូ​៨​ទៅ​៩​គ្រឿង​មិន​ចាំ​ម៉ាក ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម និង​កាំបិត​ផ្គាក់ រួម​ជាមួយ​ដុំ​ថ្ម​ស្ទើរ​គ្រប់​ដៃ បាន​ជិះ​ដេញ​តាម​ពីក្រោយ​ជន​រង​គ្រោះ និង​បាន​ធ្វើ​សកម្មភាព​កាប់ និង​គប់​ដុំ​ថ្ម​ទៅ​ជន​រង​គ្រោះ​ទៀត បណ្តាល​ឲ្យ​គប់​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ​ផ្នែក​ខាងក្រោយ ថែម​ទាំង​បាន​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​ជន​រង​គ្រោះ​ចំនួន​១​គ្រាប់​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​ក៏​បន្ថែម​ល្បឿន​ព្យាយាម​បើក​គេចខ្លួន​ពី​ក្រុម​ជន​សង្ស័យ តែ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ជិះ​ដេញ​តាម​កាប់​ពីក្រោយ​យ៉ាង​ប្រសាច​ពេញ​លើ​ដងផ្លូវ​តែ​ម្តង​។ លុះ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​រត់គេច​ទៅ​ដល់​ចំណុច​កើតហេតុ ដោយ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ជន​រង​គ្រោះ​ក៏​ក្រឡាច់​កង់​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិច​បន្តួច។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ និង​មិត្តភក្តិ​ក៏​បាន​នាំ​គ្នា​ស្ទុះ​ងើប​រត់​ចោល​ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃ​ស្មៅ​ដែល​នៅ​ជាប់​ដងផ្លូវ​នោះ ដើម្បី​យករួចខ្លួន ក៏​បាន​ស្រែក​ឆោឡោ​ឱ្យ​គេ​ជួយ​ផង​ដែរ ។ ប៉ុន្តែ​នៅ​ពេល​នោះ​ជនសង្ស័យ​ក៏​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​១​គ្រាប់​ទៀត និង​បាន​លើក​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បំរុង​ជិះ​គេចខ្លួន​។ ប៉ុន្តែ​ដោយសារ​ម៉ូតូ​នោះ​បាន​ជាប់​ហ្វ្រាំង​ជិះ​បន្ត​ទៅ​មុខ​មិន​រួច ទើប​ជនសង្ស័យ​ដក​យក​តែ​កូនសោ រួច​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​ចេញ​ទៅ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​ជួយ​មើល និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ធ្វើការ​សួរនាំ​និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ឯង ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ