វាមិនងាយស្រួលក្នុងការរក្សាគំនិតសុទិដ្ឋិនិយមក្នុងកំឡុងពេលមានការផ្ទុះជំងឺកូវីដ ១៩ ទេ។ រវាងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនិងភាពមិនប្រាកដប្រជាដែលមានក្នុងទីផ្សារ ជំងឺនេះបានបង្កការប៉ះពាល់ទាំងផ្នែកផ្លូវចិត្ត និងផ្លូវកាយដល់អាជីវករជាច្រើន។

ប៉ុន្តែសម្រាប់អាជីវករដែលរឹងមាំពិតប្រាកដ ពេលនេះមិនតែងតែមិនល្អទេ។ ផ្ទុយមកវិញ ពេលមានវិបត្តអាចជំរុញនូវគំនិតច្នៃប្រឌិត និងការបង្កើតថ្មីៗថែមទៀតផង ដូចជាក្នុងកំឡុងពេលសង្គ្រាមលោកលើលទីពីរជាដើមដែលបង្កឲ្យមានការបង្កើតថ្មីផ្សេងៗដូចជារ៉ាដា និងរថយន្ត Jeep។ខាងក្រោមគឺជាគន្លឹះដែលអាជីវករអាចសាកល្បងដើម្បីគិតឃើញគំនិតអាជីវកម្មថ្មីៗ៖
១. ផ្តោតស្មារតីលើអ្វីដែលលឿន
អ្នកមិនចាំបាច់ត្រូវមានការស្រាវជ្រាវស៊ីជម្រៅខ្លាំងទេ តែអ្នកត្រូវព្យាយាមធ្វើវាឲ្យចេញជារូបរាង។ ក្រៅពីនេះហើយ អាជីវកម្មរបស់អ្នកត្រូវតែចាប់ផ្តើមប្រើបច្ចេកវិទ្យាផ្សេងៗ និងព្រមទាំងបង្កើតវត្តមានលើប្រព័ន្ធសង្គមផងដែរ។ លើសពីនេះទៅទៀត អ្នកត្រូវតែផ្តោតសារៈសំខាន់ខ្លាំងទៅលើការយល់ដឹងពីតម្រូវការរបស់អតិថិជន និងព្យាយាមបង្កើតផលិតផល និងសេវាកម្មដែលផ្គត់ផ្គង់តាមតម្រូវការទាំងនោះ។
ក្នុងពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានបិទ ឬមានការព្យាពេល អ្នកត្រូវតែមានគំនិតច្នៃប្រឌិតក្នុងការរកធាតុផ្សំដើម្បីបន្តដំណើរការអាជីវកម្មរបស់អ្នក។
២. ធ្វើទំនើបកម្មនៃការបំពេញការងារ
ទោះជាប្រទេសកម្ពុជាមិនមានបទបញ្ជាប្រាប់ឲ្យបុគ្គលិកធ្វើការពីផ្ទះពិតមែនក្តី វាជាឱកាសល្អសម្រាប់អាជីវកម្មនានាក្នុងការសាកល្បងវិធីសាស្ត្រធ្វើការងារបែបថ្មីដែលមានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផ្សេងៗ។ វាក៏អាចជាវិធីសាស្ត្រមួយដែលអ្នកអាចកាត់បន្ថយការចំណាយដែរ។
៣. ត្រូវមានភាពសកម្ម
ប្រសិនបើអ្នកមានពេលទំនេរច្រើនព្រោះតែកូវីដ ១៩ នោះ អ្នកត្រូវតែធានាថាអ្នកចំណាយពេលវេលាដែលនៅសល់ដោយមានប្រយោជន៍។ ក្រៅពីពេលវេលាសម្រាប់សម្រាក និងសម្រាប់គ្រួសារហើយ អ្នកត្រូវតែទុកពេលសម្រាប់រៀបចំផែនការទៅថ្ងៃមុខផងដែរ។ អ្នកអាចយកពេលនេះដើម្បីគិតពីវិធីសាស្ត្រដែលអាចធ្វើឲ្យអាជីវកម្មអ្នកឈានមុខដៃគូប្រកួតប្រជែងដទៃបាន ៕
ចែករំលែកព័តមាននេះ