រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន កាលពីព្រឹកថ្ងៃទី២១ កញ្ញា ២០២០ តាមរយៈវីដេអូអនឡាញ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាបើទោះបីជាពិភពលោកកំពុងជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ ដែលរុញអោយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី សូមធុរជនអាមេរិក ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា កុំព្រួយបារម្ភ និងគ្រាដែលរាជរដ្ឋាភិបាលមិនបន្ថយល្បឿននៃការកែទម្រង់ផ្សេង និងកំពងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីៗ ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ ។ នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាល កម្ពុជានឹងរៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បណ្ដុំ កសិ-ឧស្សាហកម្ម គ្រឿង បន្លាស់ ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត ។
សម្ដេចមានប្រសាសន៍បន្តទៀតថា កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះផងដែរ ដើម្បីអោយការធ្វើពាណិជ្ជកម្មកម្ពុជានិងចិនកាន់តែមានភាពទូលំទូលាយ ។ សម្តេចតេជោ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ។
សម្តេចតេជោ បានស្នើឲ្យតំណាងក្រុមហ៊ុនទាំងអស់ជួយផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញវិនិយោគិនអាមេរិក មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជាក់ស្ដែងរយៈពេល៨ខែ ឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ៥,៤ពាន់លានដុល្លារ ក្នុងនោះ ទំនិញសំខាន់ៗសម្រាប់កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិករួមមាន សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរជាដើម ៕
ចែករំលែកព័តមាននេះ