តៃកុង​​ងោក​​មួយ​ភាំង​ អន្ត​រាយ​ដល់​មនុស្សជិត២០នាក់


ខេត្តសៀមរាប ៖ រថយន្តឈ្នួល​ម៉ាក​សាំ​យ៉ុ​ង​ចំណុះ​១៥​កៅអី​មួយ​គ្រឿង ដឹក​អ្នកដំណើរ​ពេញមាន​ប្រុស​មាន​ស្រី​ក្មេង​ចាស់ ដោយសារ​អ្នកបើកបរ​ងោក​មួយភាំង ក៏​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី​កែ​ច្នៃ​ពេញទំហឹង បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​ខ្ទាត​មនុស្ស​ចេញពី​ក្នុង​រថ យន្ត​រដូករណែល​ពេញ​ផ្លូវស្លាប់​ក្មេង​អាយុ​២​ឆ្នាំ​ម្នាក់ និង​របួសធ្ងន់​ស្រាល១៧​នាក់ ។
ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់​ធ្វើ​អន្តរាគមន៍ និង​ឃាត់ខ្លួន​អ្នកបើកបរ រីឯ​អ្នក​រងរបួស​ទាំងអស់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។

ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឱ្យ​រន្ធត់​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅវេលា​ម៉ោង​ប្រមាណ​៧​និង​៤៥​នាទី​យប់ នៅ​លើផ្លូវជាតិ​លេខ​៦ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៥១​និង​លេខ​៣៥២ ក្នុងភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង
ចំណុះ​១៥​កៅអី​នេះ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២M-៤៤០៦ អ្នកបើកបរ​ឈ្មោះ ឯក វាសនា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​របួសស្រាល​)រស់នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​បាទី ស្រុក​ច​ន្ទ្រា ខេត្តស្វាយ​រៀង ធ្វើ​ដំណើរ​ពី​កើត​ទៅ​ខាងលិច ដឹក​អ្នកដំណើរ​ចំនួន​១៥​នាក់ ។

ចំណែក​ម៉ូតូ​កង់​បី​កែ​ច្នៃ​ម៉ាក​វ៉េវ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ិ​ន សោម​លយ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ជា​កម្មករ​ភ្លើង និង​អ្នក​រួម​ដំណើរ​ឈ្មោះ ថង មិត្ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ឈប់​លើ​ផ្លូវ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

នៅ​ពេល​បុក​ហើយ​នោះ រថយន្ត​បាន​រេ​ចង្កូតក្រឡាប់​ទៅ​ជាយ​ផ្លូវ​ខាងត្បូង បណ្តាល​ឱ្យ​ស្លាប់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ សឿ ស៊ុ​យ អាយុ​២​ឆ្នាំ រស់នៅ​ភូមិស្រ​ណា​ល ឃុំ​ស្រ​ណា​ល
ស្រុក​ក្រឡាញ់ ។ ចំណែក​អ្នក​រង​របួសស្រាលប្រុស​ស្រី​ក្មេង​ចាស់​មាន​ចំនួន​៨​នាក់ និង​អ្នក​របួសធ្ងន់​ចំនួន​៧​នាក់ ។ក្នុង​ករណី​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ធ្ងន់ ឯ​ម៉ូតូ​កង់​បី​ខូចខាត​ស្រាល ។ ចំពោះមូលហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ កើតឡើង​ដោយសារ​រថយន្ត​សាំ​យ៉ុ​ង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ដែល​សម្រាក​មិន​គ្រប់គ្រាន់​បាន​ងោក​១​ភាំង ពេល​កំពុង​កាន់ចង្កូត​រថយន្ត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ