សម្ដេច​ក្រឡាហោម ស ខេ​ង ចូលរួម​រំលែក​ទុក្ខ ក្រុម​គ្រួសារ​នៃ​សពទាំង​៨​រូប​ ស្លាប់​ដោយសារ​រន្ទះ


រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង​លោក​ជំទាវ ញ៉ែ​ម សា​ខន ស ខេ​ង បាន​សម្ដែង​នូវ​សេចក្ដី​ក្រៀមក្រំ​យ៉ាង​ក្រែ​លែង ចូលរួម​រំលែក​មរណទុក្ខ ជាមួយ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ទាំង ០៨​រូប ដែល​រង​គ្រោះ​បាត់បង់​ជីវិត ដោយសារ​ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ នៅ​ភូមិ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ។

ដើម្បី​ចូលរួម​រំលែក​នូវ​សេចក្ដី​ទុក្ខ​លំបាក និង​សម្រាល​នូវ​បន្ទុក​តម្រូវការ​ផ្សេង​ៗ របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ តាម​រយៈ​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចូលរួម​បច្ច័យ​បុណ្យសព ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ស្លាប់​ទាំង ៨​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​ថវិកា​៣​លាន​រៀល​។
ដោយឡែក​ជន​រង​គ្រោះ​ដែល​រង​របួស និង​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​នោះ សម្ដេច​ក្រឡាហោម និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់​ចំនួន​២​លាន​រៀល ។

សូម​បញ្ជាក់​ថា ឧបទ្ទវហេតុ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ដែល​បាន​ផ្ដាច់​យក​ជីវិត​ជន​រង​គ្រោះ​៨​នាក់ និង​៣​នាក់​ទៀត​រង​របួស​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ស្ថិត​នៅ​ឃុំ​បឹង​ធ្មួ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ខណៈ​ជន​រង​គ្រោះ រួម​ទាំង​ញាតិ​មិត្ត​មួយ​ចំនួន​ទៀត កំពុង​ជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​សួរនាំ និង​ពិនិត្យ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងអស់​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នៅ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះ ក្រោម​ពន្លឺភ្លើង​សូ​ឡា ហើយ​ក៏​ស្រប​ពេល​នោះ​មេឃ​ចាប់ផ្ដើម​មាន​ភ្លៀងរលឹម​តិច​ៗ​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ស្រាប់តែ​អំ​ពូ​ល​សូ​ឡា​បាន​ដាច់ ហើយ​ម្ចាស់ផ្ទះ​បាន​ទៅ​ពិនិត្យ​ខ្សែ ប៉ុន្តែ​នៅ​ពេល​ម្ចាស់ផ្ទះ​យក​ខ្សែ​ដែល​ដាច់​មក​ត​វិញ ដើម្បី​ឱ្យ​មាន​ភ្លើង​ភ្លឺ ស្រាប់តែ​រន្ទះ​បាន​បាញ់​លាន់​ឡើង​កក្រើក​ចំ​តុ​អង្គុយ​ផឹកស៊ី បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត និង​របួស​នៅ​រាយ​ប៉ាយ​ជុំវិញ​តុ​ថ្ម​នោះ​តែ​ម្ដង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹងផង​ដែរ​ថា ដំបូង​មាន​ច្រើន​ជាង​១០​នាក់​រាប់​ទាំង​ក្មេង​ៗ​ផង​ដែរ ប៉ុន្តែ​មុន​កើតហេតុ​បន្តិច ក្មេង​ទាំងនោះ​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​អស់​ទៅ ដោយសារ​មេឃ​រលឹម​។ លុះ​ពេល​ក្មេង​ៗ​ចេញ​ផុត ស្រាប់តែ​រន្ទះ​បាន​បាញ់​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ដែរ​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ស្រាប់តែ​ជួប​សោកនាដកម្ម​បែប​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ