ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អ្នក​បើករថយន្ត​ដឹក​ស៊ីម៉ង់​តិ៍ ទៅ​តុលាការ ករណី​បុក​ម៉ូតូ​កង់បី ផ្ដាច់ជីវិត​មនុស្ស​២​នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​ធន់​ធំ​មួយ​គ្រឿង បើក​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា រុញ​ផ្ទប់​គូទ​រថយន្ត hilux revo មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ម៉ូតូ​កង់​បី បាត់បង់​ជីវិត​ទាំង​២​នាក់…

រាជធានី​ភ្នំពេញ ៖ ករណី​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​ធន់​ធំ​មួយ​គ្រឿង បើក​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា រុញ​ផ្ទប់​គូទ​រថយន្ត hilux revo មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ម៉ូតូ​កង់​បី បាត់បង់​ជីវិត​ទាំង​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា​នោះ អ្នក​បើករថយន្ត​ដឹក​ស៊ីម៉ង់​តិ៍ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា​នេះ ។

ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មានឈ្មោះ មឿ​ន ចក់ អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកបើកបរ ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១០១៩ ប្រសព្វ​ផ្លូវ​ម៉ុង​រិ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក សែ​ម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ មឿ​ន ចក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ នៅ​វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​រម្លឹក​ថា លឿន​ដូច​ហោះ​! ពន្លះ​ម៉ូតូ​កង់​បី​កៀប​ជាប់​ពីក្រោម​ឡាន​ទាំង​មនុស្ស រួច​បើក​គេច

រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់​តិ៍ ធន់​ធំ​មួយ​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3667 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ រួច​ក៏​បើករថយន្ត​លឿន​ដូច​ហោះ​អ៊ីចឹង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​មាន​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ម៉ូតូ​កង់​បី​កៀប​ជាប់​ក្រោម​រថយន្ត រួច​ក៏​រុញច្រាន​ទៅ​បុក​គូទ​រថយន្ត hilux revo មួយ​គ្រឿង​ទៀត​។ ចំណែក​រថយន្ដ​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ បែរជា​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ទាំង​ម៉ូតូ​កង់​បី​កៀប​ជាប់​ក្រោម​រថយន្ត បណ្តាល​ឲ្យ​អ្នក​នៅ​ក្នុង​ម៉ូតូ​កង់​បី​បាត់បង់​ជីវិត​ទាំង​2​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​13 ខែកញ្ញា ឆ្នាំ​2020 នៅ​ចំណុច​ស្តុ​ប​ប្រចាំការ​24​ម៉ោង ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

យោង​តាម​ប្រ​ភ​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ រួច​ក៏​មាន​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​ផង​ដែរ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ភ្លើងស្តុប​កើតហេតុ ក៏​ឈប់​ម៉ូតូ​កង់​បី​ដើម្បី​រង់ចាំ​ភ្លើងស្តុប ដែល​នៅ​ពីក្រោយ​រថយន្ត hilux revo មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BG-6001 បើកបរ​និង​រួម​ដំណើរ​ដោយ​បុរស​ស្ត្រី​២​នាក់​នៅ​ក្នុង​រថយន្ត​នោះ​។

ប្រជាពលរដ្ឋ​បន្ត​ថា ខណៈនោះ​ក៏​មាន​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​ធន់​ធំ​មួយ​គ្រឿង ជា​រថយន្ត​បង្ក ខាងលើ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​មក​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​តៃកុង​ស្រវឹងស្រា​ជោកជាំ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ឥណ្ឌា​ពេញទំហឹង រហូត​ធ្វើ​ឱ្យ​ម៉ូតូ​កង់​បី​កៀប​ជាប់​ពីក្រោម​រថយន្ត​បង្ក​តែ​ម្តង ។

ប្រជាពលរដ្ឋ​បន្ត​ថា នៅ​មិន​ទាន់​អស់​ល្បឿន រថយន្ត​បង្ក​ក៏​រុញ​ទៅ​បុក​ផ្ទប់​គូទ​ក្រោយ​រថយន្ត hilux revo ចំណែក​រថយន្ដ hilux revo នោះ​ក៏​ខ្ទាត​ទៅ​មុខ​ទទឹង​កណ្ដាលផ្លូវ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BH-2135 បើកបរ​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​មក បុក​ចំពាក់​កណ្តាល​រថយន្ត hilux revo នោះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បន្ថែម​ទៀត ។

ក្រោយ​បង្កហេតុ​រួច រថយន្ដ​បង្ក​មិន​បាន​ឈប់​រថយន្ដ​ដើម្បី​ដោះស្រាយ​នោះ​ទេ បែរជា​បាន​បន្ថែម​ល្បឿន​រថយន្ត​បើក​រត់គេច​ខ្លួន​ទាំង​ម៉ូតូ​កង់​បី​នៅ​កៀប​ជាប់​ពីក្រោម​រថយន្ត ដោយ​បើក​អូស​ប្រមាណ​៣០០​ម៉ែត្រ​រហូត​ទៅ​ដល់​មុខ​ធនាគារជាតិ​ក៏​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​នៅ​កន្លែង​កើតហេតុ​នោះ ប្រដេញ​តាម​ឃាត់ខ្លួន​រថយន្ត​បង្ក​បាន​ភ្លាម​ៗ និង​ឃាត់ខ្លួន​តៃកុង​នាំ​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​កង់​បី​ខូចខាត​ទាំងស្រុង​មើល​លែង​ស្គាល់ រីឯ​អ្នក​បើក​កង់​បី​បោក​ក្បាល​បែកក្បាល​ធ្លាយ​ខួរ​ហូរ​ឈាន ពេញ​ផ្លូវ​តែ​ម្តង រួម​ជាមួយ​ស្ត្រី​ជា​ភ្ញៀវ​ម្នាក់​ក៏​ត្រូវ​កៀប​ជាប់​ក្នុង​កង់​បី​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​ដឹក​សព​យក​តម្កល់​នៅ​វត្ត​ទឹកថ្លា​បណ្ដោះអាសន្ន រង់ចាំ​ទាក់ទង​រក​សាច់ញាតិ ចំណែក​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ដើម្បី​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ