រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានរំលឹកកាលនៅមុនថ្នាក់បឋមសិក្សាក្នុងខេត្តតាកែវ កាលពី៦០ឆ្នាំមុន ។ ការរំលឹកពីអតីតកាលនេះ ខណៈលោកនឹងសហការរីកមួយចំនួនបានកាន់បិណ្ឌនៅក្នុងវត្តដែលលោកធ្លាប់សំណាក់អាស្រ័យនៅដើម្បីរៀនសូត្រ ។
លោក កឹម សុខា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ថ្ងៃនេះ(ថ្ងៃទី១១ កញ្ញា ឆ្នាំ២០២០) ខ្ញុំព្រមទាំងសហការីបានមកចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តអង្គគោល (ដងស្ទឹងស្លាគូ) ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ លោកបញ្ជាក់ថា៖«នេះគឺជាវត្តដែលខ្ញុំធ្លាប់ស្នាក់នៅកាលពីកុមារភាព ហើយក៏ជាសាលាដែលខ្ញុំធ្លាប់បានរៀននៅបឋមសិក្សា រយ:ពេល ៦ឆ្នាំ កាលពី៦០ឆ្នាំមុន ។ មកដល់ទីនេះ ខ្ញុំនៅចងចាំនូវអនុស្សាវរីយជាច្រើន ជាពិសេសធ្វើឲ្យខ្ញុំនឹករលឹកដល់លោកតា ប្រាក់ ឌឹត ដែលធ្លាប់ជាព្រះគ្រូសូត្រស្តាំគង់នៅវត្តនេះ ។
លោកតា គឺជាព្រះសង្ឃដែលបានផ្តល់ជម្រកផ្តល់ចំណីអាហារ និងផ្តល់ការអប់រំ ទាំងផ្លូវធម៌ និងផ្លូវលោក ផ្ទាល់ដល់រូបខ្ញុំ មិនត្រឹមតែកាលពីខ្ញុំនៅវ័យកុមារនៅជនបទនោះទេ រហូតដល់ដើមទសវត្សរ៍ទី៧០ ពេលដែលខ្ញុំបានមកបន្តការសិក្សានៅមហាវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខ្ញុំក៏បានស្នាក់នៅក្នុងវត្តស្រះចកជាមួយលោកតា និងរស់រៀនក្រោមការគ្រប់គ្រង ឧបត្ថម្ភ និងអប់រំ ដោយលោកតា ប្រាក់ ឌឹត ដែលជាអ្នកមានគុណដ៏ធំរបស់ខ្ញុំដែរ»។
លោកបន្ថែមថា អ្វីដែលខ្ញុំបានរៀនសូត្របានយល់ដឹង និងនៅចងចាំមិនភ្លេចនោះ គឺលោកតាប្រាក់ ឌឹត បានប្រៀនប្រដៅខ្ញុំថា ៖ ទី១ ចៅត្រូវខំរៀនឲ្យមានព្រះធម៌នៅក្នុងចិត្តទើបចិត្តរឹងមាំ ចេះអត់ធ្មត់ ចេះអត់ឱន មិនគុំកួននសងសឹក មិនជ្រុលនិយម ។ ទី២ ចៅត្រូវមានកាយវិការទន់ភ្លន់ សុភាពរាបសា កុំហិង្សា កុំរើសអើង កុំឆ្មើងឆ្មៃ កុំប្រមាថអ្នកដ៏ទៃ និងទី៣ ចៅត្រូវមានទ្រឹស្តី មានន័យខ្លឹមសារក្នុងការនិយាយស្តី ងាយស្តាប់ ងាយយល់ មិនអសុរោះ មិនទ្រគោះញុះញង់ ។
លោកថា ក្នុងឱកាសបុណ្យកាន់បិណ្ឌថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ លោកតា ប្រាក់ ឌឹត បុព្វការីជន និងអ្នកមានគុណទាំងឡាយ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ជាពិសេស កុសលផលបុណ្យដែលយើងខ្ញុំកសាងនេះ សូមចែករំលែកទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តីសុខ ចាកផុតទុក្ខ និងឈប់ចងកម្មពៀរវេរាគ្នាចាប់ពីរដូវភ្ជុំបិណ្ឌនេះតរៀងទៅ ៕
ចែករំលែកព័តមាននេះ