ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ទទូច​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​នាំ​ចូល អ្វី​ដែល​អ្នក​ក្នុងស្រុក​អាច​ផលិត​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជំរុញ​ដល់​ការ​ផលិត និង​រក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក សហគ្រិន​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ទំនិញ​ដែល​អាច​ផលិត​ក្នុងស្រុក​បាន​។ ធ្វើ​បែប​នេះ​នឹង​អាច​ជួយ​ជំរុញ​ដល់​អ្នក​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជំរុញ​ដល់​ការ​ផលិត និង​រក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក សហគ្រិន​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ទំនិញ​ដែល​អាច​ផលិត​ក្នុងស្រុក​បាន​។ ធ្វើ​បែប​នេះ​នឹង​អាច​ជួយ​ជំរុញ​ដល់​អ្នក​ក្នុងស្រុក មានទឹក​ទឹកចិត្ត​ក្នុង​ការ​ផលិត​ហើយនឹង​មាន​ទីផ្សារ​សម្រាប់​ផលិតផល​ផលិត​ក្នុងស្រុក​ផង​ដែរ​។

លោក លាង ឡេ​ង ម្ចាស់​សិប្បកម្ម​ផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ នៅ​ម្ដុំ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ផលិតផល​ក្នុងស្រុក​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អ្នក​ក្រៅ​ស្រុក ដោយសារ​តែ​ទំនិញ​របស់​យើង​ផលិត​ឡើង​ដោយ​ប្រើ​ដើមទុន​ច្រើន​ជាង​ទំនិញ​នាំ​ចូល ហើយ​ទំនិញ​នាំ​ចូល​ក៏​មិនដឹង​ប្រភព​ច្បាស់លាស់​តែ​គេ​មាន​តម្លៃ​ទាប​ជាង​ទំនិញ​ក្នុងស្រុក​។ លោក​បាន​បន្ត​ថា បើសិន​មានការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ខាងក្រៅ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្នុងស្រុក​មាន​ទឹកចិត្ត​ផលិត​បន្ថែម ហើយនឹង​អាច​ផ្គត់ផ្គង់​បាន​លើ​ទីផ្សារ​។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​របស់​អ្នក​ក្នុងស្រុក​ព្រមទាំង​អាច​ធានា​បាន​នូវ​គុណភាព​សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ​។ ម្យ៉ាងទៀត​ពលរដ្ឋ​ក្នុងស្រុក​ជា​ច្រើន​នឹង​ទទួល​បាន​ទំនិញ​ដែល​ផលិត​ពី​ក្នុងស្រុក​ប្រើប្រាស់​កាន់តែ​ច្រើន​។ ជា​ពិសេស​នោះ​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​កាន់តែ​ច្រើន​បង្កើត​ការងារ​កាន់តែ​ច្រើន និង​អាច​រួមចំណែក​ក្នុង​ការ​ផ្ដល់​ប្រាក់​បៀរ​វត្សរ៍​ដល់​ពលរដ្ឋ​កម្ពុជា និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​បាន​ច្រើន​ផង​ដែរ​។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ធានា​អះអាង​ថា បើសិនជា​រដ្ឋាភិបាល​អាច​ធ្វើ​បាន ដោយ​កាត់​បន្ថយ និង​ឈាន​ដល់​បញ្ឈប់​ការ​នាំ​ចូល​ទំនិញ ដែល​អាច​ផលិត​ក្នុងស្រុក​បាន​នោះ កម្ពុជា​នឹង​មិន​ខ្វះខាត​ផលិតផល​សម្រាប់​ប្រើប្រាស់​នោះ​ឡើយ ដោយសារ​តែ​សហគ្រិន​ក្នុងស្រុក​ជា​ច្រើន​បាន និង​កំពុង​ពង្រីក​អាជីវកម្ម និង​សហគ្រាស​របស់​ខ្លួន​កាន់តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ តែ​អ្វី​ដែល​សហគ្រិន​ក្នុងស្រុក​ពិបាក​នោះ​គឺ​ការ​ប្រកួតប្រជែង​ពី​ផលិតផល​ខាងក្រៅ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ បាន​ដាក់​ចេញ​រួច​ហើយ​ឲ្យ​ជំរុញ​ការ​កែ​ច្នៃ​ការ​ផលិត​នៅ​ក្នុងស្រុក និង​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស ដោយ​ទុក​លទ្ធភាព​អោយ​អ្នក​ក្នុងស្រុក ផលិត​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​វិញ​។ ប៉ុន្តែ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​តែ​បន្ត​បើកដៃ​ឲ្យ​ឈ្នួ​ញ​នាំ​ចូល​ទំនិញ​ដែល​កម្ពុជា​អាច​ផលិត​បាន​មក​ចែកចាយ​ដដែល ដោយ​មិន​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្ដេច​អោយ​បាន​ខ្ជាប់ខ្ជួន​នោះ​ឡើយ​។ នៅ​ក្នុង​វិស័យ​កសិកម្ម ឃើញ​ថា​រដ្ឋាភិបាល​បាន​អនុវត្តន៍​បណ្ដើរ​ៗ​ហើយ​នូវ​ការ​កាត់​បន្ថយ​របស់​ដែល​ផលិត​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ​នាំ​ចូល​ដើម្បី​តែ​បង្គ្រប់​ទីផ្សារ​ប៉ុណ្ណោះ​ជាក់ស្ដែង​ដូច​ជា​ជ្រូក​រស់ មាន់ ទា ជាដើម​។

ធ្វើ​ដូច្នេះ​វា​នឹង​ជំរុញ​ឲ្យ​តម្លៃ​កសិផល​ក្នុងស្រុក​កើនឡើង​មួយ​កម្រិត ដើម្បី​ឲ្យ​កសិករ​អាច​រក​ប្រាក់​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។ ជា​លទ្ធផល​វិស័យ​កសិកម្ម​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​នេះ ដោយ​វិស័យ​នេះ​បាន និង​កំពុង​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ឡើង​ថែម​ទៀត ហើយ​បាន​ជួយ​ដល់​ប្រជា​កសិករ​កាន់តែ​ច្រើន រក​ប្រាក់​ចំណូល​ក្រៅពី​ការងារ​ដែល​ធ្លាប់​ទទួល​បាន​មុន​កូ​វី​ដ​-១៩៕ ដោយ ៖ សុវណ្ណ ណែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ