រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជូនខ្លួនជនសង្ស័យដែលជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្ម វាយកាប់ប្លន់ម៉ូតូ និងឆក់តាមដងផ្លូវ ព្រមទាំងអ្នកទទួលផលចោរកម្មសរុបចំនួន៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីការស្រាវជ្រាវនិងបង្ក្រាបបានជាបន្តបន្ទាប់។
ជនសង្ស័យទាំង៦នាក់ខាងលើរួមមាន ១-ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជននេះធ្លាប់ធ្វើសកម្មភាពឆក់ចំនួន២លើក ២-ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ៣-ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
៤-ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ៥-ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំ៥នាក់នេះគឺជាមុខសញ្ញាឆក់និងវាយកាប់ប្លន់ និង៦-ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកទទួលទិញផលចោរកម្មទិញម៉ូតូនៅពេលចោរប្លន់បានយកទៅលក់ឲ្យ ជននេះមានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបាននិយាយថា កាលពី៥ថ្ងៃមុន គឺនៅវេលាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌកំបូល បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យឈ្មោះ សួគ៌ ពួង កំពុងជិះម៉ូតូ១គ្រឿងម៉ាក ZOOMER -X ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កណ្តាល 1S-2047 ប៉ុន្តែគឺជាស្លាកលេខមិនប្រក្រតីឡើយ។
តាមប្រភពដដែលបានបន្តថា ខណៈនោះដោយមានការសង្ស័យ កម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនសាកសួរ ទើបដឹងថាម៉ូតូដែលជននេះជិះនោះគឺទិញពីក្រុមចោរប្លន់ក្នុងតម្លៃ១៥០ដុល្លារអាមេរិក ហើយកម្លាំងក៏ចាប់ខ្លួននាំទៅសាកសួរបន្ត ហើយធ្វើការស្រាវជ្រាវ និងបានរកឃើញថាម៉ូតូម៉ាកZOOMER -Xខាងលើពាក់ស្លាកលេខពិតប្រាកដ ភ្នំពេញ 1DH-5464 ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ ហង្ស ចាន់រតនា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដែលត្រូវជនសង្ស័យខាងលើធ្វើសកម្មភាពប្លន់យកកាលពីពេលថ្មីកន្លងទៅនេះ ហើយកម្លាំងក៏បានចុះទៅឆែកឆេរផ្ទះជននេះរកឃើញស្លាកលេខម៉ូតូនិងគ្រឿងបន្លាស់ម៉ូតូដែលជននេះដោះក្រោយពេលទិញបានជាច្រើនទៀត។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកកម្លាំងនគរបាលអធិការដ្ឋានខណ្ឌកំបូលបានបន្តធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាវាយប្លន់និងឆក់ខាងលើដោយរយៈពេល៣ថ្ងៃ ទើបឃាត់បានទាំងសម្បុកចំនួន៥នាក់ទៀត។
ក្រោយមកជនសង្ស័យទាំងនោះត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌ លុះមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីការកសាងសំណុំរឿងរួចរាល់ទើបបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ