ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​សាលារៀន​ទាំងអស់​ត្រូវ​បង្កើន​ការ​អនុវត្ត​វិធានការ សុវត្ថិភាព​សម្រាប់​ការ​ចូល​រៀន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នា​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ…

ខេត្តសៀមរាប ៖ លោក ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នា​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​មើល​តាម​សាលារៀន​មួយ​ចំនួន​នៅ​ក្នុង​ខេត្តសៀមរាប ដែល​បាន​បើក​ឱ្យ​សិស្ស​ចូល​រៀន​ថ្ងៃ​ដំបូង ជា​សំខាន់​ផ្តោត​ទៅ​លើ​កុមារ​តូច​ៗ បន្ទាប់​ពី​បាន​បិទ​អស់​មួយ​រយៈ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។ លោក ហង់ ជូន​ណា​រ៉ុ​ន បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឱ្យ​សិស្ស​ចូល​រៀន​ឡើង​វិញ​នេះ ឃើញ​ថា នៅ​តាម​សាលា​នានា​ក្នុង​ខេត្តសៀមរាប មានការ​អនុវត្ត​វិធានការ​សុវត្ថិ ភាព​របស់​ក្រសួងសុខាភិបាល​យ៉ាង​តឹងរ៉ឹង និង​បាន​ល្អ​ប្រសើរ​ទៀត​ផង​។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ​ទាំងអស់​បង្កើន​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព ដើម្បី​បង្កា​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដូច​ជា​ក្រៅពី​ការ​បាញ់ វាស់​កម្ដៅ លាង​អាកុល និង​រក្សា​គម្លាត​ពី​១​ម៉ែត្រ កន្លះ​ទៅ​២​ម៉ែត្រ សុវត្ថិភាព​ត្រូវ​បង្កើត​កន្លែង​លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ច្រើន ហើយ​លោកគ្រូ អ្នកគ្រូ ត្រូវធ្វើ​ជា​គំរូ​ដល់​សិស្ស ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​អនាម័យ និង​សុវត្ថិភាព​ជា​មុន ដើម្បី​ឱ្យ​សិស្ស​ក្លាយទៅជា​ទម្លាប់ ហើយ​ពួក​គាត់​នឹង​ទៅ​បង្រៀន​ដល់​ក្រុម​គ្រួសារ​គាត់​ឱ្យ​អនុវត្ត​វិធានការ​សុវត្ថិភាព​នេះ​ទៀត​ផង​ដែរ​។

លោក​បាន​បន្ត​ថា ការ​ចូល​រៀន​ដំបូង​នេះ​សម្រាប់​ថ្នាក់រៀន​មួយ​បន្ទប់​អាច​ដាក់​សិស្ស​ឱ្យ​សិក្សា​ត្រឹម​ពី​១៥​នាក់ ទៅ​២០​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​ដែរ​សម្រាប់​ថ្នាក់មធ្យមសិក្សា​មាន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ សិស្ស​ត្រូវ​សិក្សា​ចំនួន​១៨​ម៉ោង ក្នុង​មួ​យស​ប្ដា​ហ៍ រីឯ​ចំណែក​សិស្ស​បឋម​សិក្សា​ចំនួន​៨​ម៉ោង​ក្នុង​មួ​យស​ប្ដា​ហ៍ ដោយ​មាន​ចែក​ជា​បី​ក្រុម​ទៀត​ផង​។ សាលារៀន​បឋម​សិក្សា​វត្ត​បូព៌ ដែល​ជា​សាលា​គំរូ​ទូ​ទាំង​ប្រទេស ក្នុង​ថ្ងៃ​ចូល​រៀន​ដំបូង​នេះ​ដែរ យើង​ក៏​សង្កេត​ឃើញ​មាតាបិតា អាណាព្យាបាល​សិស្ស​បាន​នាំ​កូន​ៗ​របស់​ខ្លួន​ទៅ​កាន់​សាលា​ប្រកបដោយ​ទឹកចិត្ត​រីករាយ ប្រកប​ទៅ​ដោយ​វិធានការ​ក្នុង​ការ​ការពារ​ខ្ពស់​ទៀត​ផង​។

ក្នុង​សកម្មភាព​ចូល​រៀន​ថ្ងៃ​ដំបូង​នេះ លោកគ្រូ អ្នកគ្រូ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពិនិត្យ​តាមដាន ការពារ ដោយ​ធ្វើការ​វាស់​នូវ​កម្តៅ និង​បាញ់​អាល់កុល​លាង​សម្អាត​ដៃ មុន​ចូល​ទៅ​ក្នុង​ថ្នាក់រៀន តែ​ចំពោះ​សិស្ស​ណា ដែល​មាន​កម្តៅ​ឡើង​ដល់​៣៨​អង្សា ត្រូវ​ឱ្យទៅ​អង្គុយ​ដាក់​ដាច់​ដោយឡែក​ពី​គេ ដើម្បី​រង់ចាំ​ធ្វើការ​ពិនិត្យ​វាស់​កម្តៅ​សារ​ជា​ថ្មី​ម្តងទៀត តែបើ​កម្តៅ​មិន​បាន​ចុះ​ទេ​នោះ គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​ថ្នាក់រៀន​ឡើយ ព្រមទាំង​ធ្វើការ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទៀត​ផង​។ ក្នុង​នោះ​ដែរ​ក៏​សង្កត​ឃើញ​មានការ​ចូលរួម​ពី​មាតាបិតា អាណាព្យាបាល​សិស្ស ដើម្បី​សុខភាព​កូន​ៗ​របស់​ខ្លួន ក៏​បាន​ធ្វើការ​វេច​ខ្ចប់​អាហារ​សម្រន់​សម្រាប់​កូន​ៗ​របស់​ខ្លួន​ភ្ជាប់​មក​ជាមួយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល ក្រសួង អប់រំ​យុវជន និង​កីឡា បាន​ជូនដំណឹង​ជា បន្តបន្ទាប់ ស្តី​ពី​ដំណើរការ​បើក​សាលារៀន​ឡើង​វិញ ជា​បី​ដំណាក់កាល​រួម​មាន​៖ ដំណាក់កាល​ទី​១ សាលារៀន មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​, ដំណាក់កាល​ទី​២ សាលារៀន​មាន​ស្តង់ដា​មធ្យម និង ដំណាក់កាល​ទី​៣ សាលារៀន​មាន​ស្តង់ដារ​អប្បបរមា​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ