រាជធានីភ្នំពេញ ៖ ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនទើបតែបានប្រកាសថា បានបញ្ចប់ជាផ្លូវការមួយរយៈខ្លីមកត្រូវការពលរដ្ឋ ក្នុងស្រុកតាមដាន ឬចង់ដឹងពីមួយពេលទៅមួយពេលថា ភាគីទាំងពីរនឹងធ្វើពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះនៅពេលណា?
ពាក់ព័ន្ធការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា ចិន នេះបើតាមមន្ត្រីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មប្រាប់ឱ្យដឹង នៅថ្ងៃទី១ កញ្ញានេះថា ការចុះហត្ថលេខាជាក់លាក់មកដល់ពេលនេះ ក្រសួងពុំទាន់ទទួលបានព័ត៌មានអ្វីនោះទេ ។
លោក ស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា «ខ្ញុំអត់ទាន់មានព័ត៌មានអំពីថ្ងៃខែនៃការចុះហត្ថលេខាជាផ្លូវ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅឡើយទេ ។
ក្រសួងពាណិជ្ជកម្មទទួលដឹកនាំមន្ត្រីជំនាញពីក្រសួងនានាឱ្យចរចា ហើយការចរចាដូចធ្លាប់បានដឹងហើយថា បានបញ្ចប់រួចរាល់អស់ហើយទៅតាមផ្លូវច្បាប់ទាំងមូល ឯកសារមានទាំងភាសាចិន ខ្មែរ និងអង់គ្លេសរងចាំតែពេលចុះហត្ថលេខា ។ តែខាងយើង(ក្រសួង)មិនមែនជាអ្នករៀបចំកិច្ចការនេះទេ» ។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះថា« ខ្ញុំបានសាកសួរអ្នកទទួលបន្ទុកការងារនេះ គាត់ប្រាប់មកវិញថាគាត់អត់មានព័ត៌មានទាក់ទងការចុះហត្ថេលខាជាផ្លូវការធ្វើឡើងនៅពេលណាច្បាស់ដែរ។តែកិច្ចការអ្វីៗបានរៀបចំរួចរាល់អស់ហើយ។ការយឺតយាវនេះមិនដឹងមកពីខាងណាហើយថាចុះហត្ថលេខាផ្លូវការថ្ងៃណាក៏នូវពុំទាន់ដឹងច្បាស់នោះទេ»។
ទន្ទឹមនឹងឯកសារនៃការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កម្ពុជា ចិន ស្ថិតក្នុងការរង ម្ចាស់ក្រុមហ៊ុនឈានមុខរបស់កម្ពុជាមួយមើលឃើញថាបើ FTAនេះប្រកាសជាផ្លូវការ ពេលណា នោះការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារចិននឹងមានច្រើនជាងពេលមុនៗ ។
លោកស្រី កែវ មុំនាយិការក្រុមហ៊ុនផលិតនំស្រួយលីលី មានប្រសាសន៍ថាចំពោះក្រុមហ៊ុនលីលីសម្រាប់ការនាំចេញផលិតផលទៅក្រៅប្រទេសក្នុងកាលៈទេសៈសព្វថ្ងៃនេះមិនមានអ្វីជាឧបស័គ្គទេ តែការលក់នៅក្នុងប្រទេសមានផលប៉ះពាល់ខ្លះ។ ការនាចេញទៅចិន លោកស្រីលើកឡើងថា«ការនាំចេញផលិតផលទៅកាន់ប្រទេសចិន យើងមានក្រុមហ៊ុនចំនួន២។ក្រុមហ៊ុនទី១ យើងនាំចេញ១០០ភាគរយ ដោយក្នុងមួយសប្តាហ៍ប្រមាណ១០កុងតេន័រ អីចឹងក្នុងមួយខែអាចមានដល់៤០កុងតេន័រ ហើយរោងចក្រមួយផ្សេងទៀតមាន៥ទៅ៦កុងតេន័រ។ជារួមការនាំចេញក្នុងមួយខែសរុបប្រហែល៥០កុងតេន័រ»។
លោកស្រី បញ្ជាក់ថា«យើងមើលឃើញចិន ជាទីផ្សារដ៏ធំ តែសម្រាប់យើងការប្រកួតប្រជែងរបស់វាក៏ខ្លាំងណាស់ដែរ ព្រោះជាប្រទេសដែលគាត់អាចផលិតអ្វីៗដោយខ្លួនឯងស៊ឹងតែបានគ្រប់បែបយ៉ាង អីចឹងពេលយើងនាំផលិតផលរបស់យើងទៅលក់នៅប្រទេសចិនក៏ពិបាកក្នុងការប្រកួតប្រជែង»។
បើតាមនាយិកាក្រុមហ៊ុនលីលី «ការនាំចេញរបស់យើងទៅប្រទេសចិន នៅមានកម្រិតនៅឡើយ តែយើងសង្ឃឹមថាបើមាន FTAនេះចេញមកយើងក៏រំពឹងថាការនាំចេញរបស់យើងអាចនឹងមានច្រើនជាងពេលមុន។តែខ្ញុំទទួចស្នើសុំឱ្យដល់ការនំចេញ នាំចូលឱ្យលក្ខណខណ្ឌដូចគ្នា អីចឹងខាងយើងនឹងមានឱកាសច្រើនសម្រាប់ផលិតផលឬកសិផលរបស់ខ្មែរយើងផលិតចេញមកវាក៏មិនចាញ់របស់គេដែរ តែយើងគ្រាន់តែខ្វះចំណុចបញ្ជាក់ស្តង់ដាសម្រាប់ការនាំចេញ»៕
ចែករំលែកព័តមាននេះ