រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ទ្រី ធី ឯកទេសវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ៖ ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ខួរក្បាល (Acute Subdural Haematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចរហូតដល់រយៈពេលមួយអាទិត្យ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់ (subdural haematoma)។
លោកវេជ្ជបណ្ឌិត ទ្រី ធី បានបញ្ជាក់ថា ៖ ជាទូទៅវាកើតឡើងបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរភាគច្រើន បើកបរក្នុងសភាពស្រវឹង មិនមានមួកការពារ បើកបរលើសល្បឿនកំណត់ ការធ្លាក់ពីលើទីខ្ពស់ និងការរអិលដួលបោកក្បាលជាងដើម។ល។
ជំងឺនេះ ទាមទារឲ្យអ្នកជំងឺចូលសម្រាកពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់ យកឈាមកកនៅក្នុងខួរក្បាលចេញ។ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារ២របៀប ៖
១- បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូងនិងសួត
២- បណ្ដាលមកពីការបែកសរសៃអាក់ទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល
៣- ការខូចខាតដល់ជាលិកាខួរក្បាលដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល ។
ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សសៃឈាមខួរក្បាល ហើយជាលទ្ធផលវានឹងធ្វើឱ្យមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាលដែលជាអ្នកបញ្ជាវិញ្ញាណទាំងប្រាំរបស់យើង។
ក) ការប៉ះពាល់ ៖
ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាច បណ្តាលឲ្យអ្នកជំងឺបាត់បងជីវិតបាន។ អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺ៖
-អាយុក្រោម 40ឆ្នាំមានហានិភ័យ 20% នៃការស្លាប់
-អាយុចាប់ពី 40 ឆ្នាំទៅ 80ឆ្នាំមានហានិភ័យ 65% នៃការស្លាប់
-ចាប់ពី 80ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ 88%
ការជាសះស្បើយពីជំងឺនេះ ត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានដូចជាដុំឈាមតូចឬធំ ការមកដល់មន្ទីរពេទ្យលឿនឬក៏យឺត។ ជួនកាលអ្នកជំងឺត្រូវញាំញីដោយស្នាកស្នាមរបួសដែលជាសំណល់របស់ជំងឺនេះទាំងផ្លូវកាយនិងផ្លូវចិត្តជារៀងរហូតក៏មានដែរ។
ខ) រោគសញ្ញា៖
រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH អាចកើតឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា ៖
-ការឈឺក្បាលខ្លាំង ឬតិច
-ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក
-ការវង្វេង
-ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ
-ទន់ត្របកភ្នែក ងងុយជាប់រហូត
-ពិបាកនិយាយ ឬនិយាយមិនចេញ
-ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ
-ទន់ ឫពិការមួយចំហៀងខ្លួន
-ការបាត់បង់ស្មារតី ឬសន្លប់។
គ) ការព្យាបាល ៖
ការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។ រីឯដុំឈាមដែលមានទំហំចាប់ពី១០ មីលីម៉ែត្រ ឬធំជាងនេះ នឹងត្រូវធ្វើការវះកាត់យកចេញដោយក្រុមវេជ្ជបណ្ដិតជំនាញ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
ការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា(physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំលេង (speech therapists)ផងដែរ។ ចូរចាំថា អ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។
លោកវេជ្ជបណ្ឌិត ទ្រី ធី ឯកទេសវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតបានរំលឹកថា ៖ ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាលហើយមានរោគសញ្ញា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកជំងឺឈាមកកក្នុងខួរក្បាលឬស្រទាប់ខួរក្បាល និងធ្វើការព្យាបាលឲ្យបានទាន់ពេល ៕
ចែករំលែកព័តមាននេះ