កុមារវ័យជំទង់ជាង៩០% អាចស្គាល់ប្រភេទអាហារយ៉ាងតិចចំនួន៥ ក្នុងចំណោម១០ប្រភេទ
- ភ្នំពេញ
ខេត្តកំពង់ចាម ៖ តាមការវាយតម្លៃចុងក្រោយនៃគម្រោងរយៈពេលបីឆ្នាំរបស់អង្គការ Save the Children បានបង្ហាញថា គម្រោងរបស់អង្គការបានបង្កើនចំណេះដឹងស្តីពីអាហារូបត្ថម្ភដល់កុមារវ័យទាំងពីរភេទជាង៩០% អាចស្គាល់ប្រភេទអាហារយ៉ាងតិចចំនួន៥ ក្នុងចំណោម១០ប្រភេទ ក្នុងខេត្តកំពង់ចាម បើប្រៀបធៀបជាមួយការចាប់ផ្តើមគម្រោងដំបូងដោយមានប្រមាណត្រឹមតែ ២២% ប៉ុណ្ណោះដែលបានដឹង ។

គម្រោងនេះមានគោលដៅធ្វើឱ្យលទ្ធផលអាហារូបត្ថម្ភមានភាពប្រសើរឡើង ក្នុងចំណោមក្រុមមនុស្សវ័យជំទង់ទាំងបុរស និងស្ត្រីដែលមានវ័យ១៥ ដល់១៩ឆ្នាំ ចំនួន៥ពាន់នាក់ នៅក្នុងសាលាចំនួន៧ ដែលស្ថិតក្នុងស្រុកចំនួន២នៃខេត្តកំពង់ចាម ។
លោកស្រីអេលីហ្សាប៊ែត ភៀស Elizabeth Pearce នាយិកានៃអង្គការ Save the Children ប្រចាំកម្ពុជា បានឱ្យដឹងថា«យើងឃើញមានការផ្លាស់ប្តូរជាច្រើន ចំពោះឥរិយាបថរបស់កុមារវ័យជំទង់ដូចជា ពួកគេចាប់ផ្តើមបរិភោគអាហារពេលព្រឹក មិនបរិភោគអាហារឬភេជ្ជសៈដែលមានជាតិខ្លាញ់ និងផ្អែមខ្លាំង និងចាប់ផ្តើមបរិភោគអាហារដែលមានតុល្យភាព រួមទាំងបន្លែនិងផ្លែឈើ»។

លោកស្រី Pearce បានគូសបញ្ជាក់ទៀតថា គម្រោងនេះទទួលបានភាពជោគជ័យទៅលើសកម្មភាពដែលមានភាពច្នៃប្រឌិតជាច្រើនដូចជា ការប្រើប្រាស់ទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងទៅលើអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ ។ លោកស្រីមានសុទិដ្ឋិនិយមលើគម្រោងនេះថា សាលារៀន សហគមន៍ មណ្ឌលសុខភាព និងអាជ្ញាធរថ្នាក់ខេត្តនឹងទទួលខុសត្រូវបន្តលើសកម្មភាពអាហារូបត្ថម្ភសម្រាប់មនុស្សវ័យជំទង់ក្នុងតំបន់របស់ពួកគាត់។

លោកស្រីបន្តថា ដើម្បីធានាបាននូវនិរន្តភាពនៃគម្រោង វាពិតជាសំខាន់ណាស់ដែលអ្នកពាក់ព័ន្ធ រួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងកម្មវិធីជាតិស្តីពីអាហារូបត្ថម្ភបន្តប្រើប្រាស់កញ្ចប់សម្ភារៈអប់រំ ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការអប់រំអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ និងធានាពង្រីកនូវការអនុវត្តល្អទាំងនេះទូទាំងប្រទេស។

យោងតាមការស្ទង់មតិប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ ២០១៤ បានឱ្យដឹងថា កុមារវ័យជំទង់ប្រមាណមួយភាគបួននៃប្រជាជនកម្ពុជា មិនត្រូវបានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រផ្នែកតម្រូវការអាហារូបត្ថម្ភ និងសុខភាពឱ្យបានជាក់លាក់នោះទេ។ ជាងមួយភាគបួននៃកុមារីវ័យជំទង់ មានបញ្ហាខ្វះទម្ងន់ ខណៈប្រមាណជាពាក់កណ្តាលនៃកុមារីទាំងនោះមានសភាពស្លេកស្លាំងទៀតផង។

លោកគ្រូអ្នកគ្រូក្នុងសាលាគោលដៅបានឱ្យដឹងថា កុមារីវ័យជំទង់ភាគច្រើនមិនសូវខ្វាយខ្វល់ពីអាហារូបត្ថម្ភ ហើយជាញឹកញាប់ពួកគេចូលចិត្តបរិភោគអាហារសំបូរខ្លាញ់ច្រើន និងផ្អែមខ្លាំង។ កត្តានេះពិតជាជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ការសិក្សា និងការផ្ចង់ក្នុងថ្នាក់រៀនរបស់ពួកគេ។ លោកស្រី Pearce បញ្ជាក់ថា «អាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់គួរតែបញ្ចៀបទៅក្នុងកម្មវិធីសិក្សាសាលា ក៏ដូចជាយុទ្ធសាស្ត្រ និងគោលនយោបាយអាហារូបត្ថម្ភរបស់រដ្ឋាភិបាល រួមមានផែនការសកម្មភាព និង គោលការណ៍ណែនាំដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ (NSFSN) ឆ្នាំ២០១៩ ដល់២០២៣»។
គួរបញ្ជាក់ផងដែរថា សម្រាប់សមិទ្ធផលនៃគម្រោងនេះ កុមារវ័យជំទង់ចំនួន ៧៧នាក់(ក្នុងនោះមានស្រី ៤៨នាក់) ត្រូវបានជ្រើសរើសជាភ្នាក់ងារអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ក្នុងសាលាគោលដៅ និងទទួលបានវគ្គបណ្តុះបណ្តាលឱ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដោយលើកកម្ពស់ការអប់រំផ្សព្វផ្សាយចំណេះដឹង ក្នុងចំណោមមិត្តភ័ក្តិរបស់ពួកគេ អំពីសុខភាព និងអាហារូបត្ថម្ភ។
អង្គការ Save the Children បានអនុវត្តគម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ នៅឆ្នាំ២០១៨ ដោយទទួលបានមូនិធិពីក្រុមហ៊ុន GSK ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនឱសថធំជាងគេលើពិភពលោក៕
ចែករំលែកព័តមាននេះ