រាជធានីភ្នំពេញ ៖ ព្រះនាងតូច នរោត្តម ជេនណា ដែលប្រិយមិត្តអ្នកគាំទ្របានស្គាល់ និងដឹងជាក់ច្បាស់ពីសមត្ថភាព និងទេពកោសល្យល្អរបស់ទ្រង់នៅក្នុងទម្រង់សិល្បៈ មិនថា សមត្ថភាពសម្តែង ការច្រៀងទម្រង់សម័យ និងមរតកដើមក៏ដូចជា ការបញ្ចេញក្បាច់រាំនោះទេ ពេលនេះព្រះនាងតូចកំពុងតែឈានជើងទៅមុខមួយកម្រិតធំនោះ គឺការចូលសម្តែងនៅក្នុងខ្សែភាគយន្តរបស់កូរ៉េថែមទៀតផង ។

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់មហាជនអ្នកគាំទ្រ ក្រោយពីទទួលបានដំណឹងថា ព្រះនាង តូចនរត្តម ជេនណា បានសម្រេចក្តីប្រាថ្នាមួយទៀតរបស់ទ្រង់ ហើយអ្នកគាំទ្ររបស់ទ្រង់បានចូលរួមសម្តែងការត្រេកអរជាអនេក ពេលដែលទ្រង់ដែលជាអាយដលក្នុងដួងចិត្ត ត្រូវបានជ្រើសតាំងចូលរួមសម្តែងជាមួយនឹងខ្សែភាគយន្តរឿងកូរ៉េមួយ ។

នេះបើយាងតាមការបង្ហោះរបស់ KR Arts Cambodia កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដែលជាសាលាបង្រៀនតន្ត្រីមួយរបស់កូរ៉េ ។

យ៉ាងណាមិញ ការមានវត្តមានរបស់ព្រះនាងតូចពេញទៅដោយសមត្ថភាពទាំងវ័យក្មេងបែបនេះពីព្រោះតែមួយរយៈកន្លងមកនេះ មហាជនបានសម្លឹងឃើញពីទេពកោសល្យរបស់ទ្រង់ដែលសម្តែងបានយ៉ាងសាកសមនៅក្នុងខ្សែភាគយន្តរឿងខ្មែរ ដែលមានចំណងជើងថា « ទេពធីតាព្កុលមាស» ដែលនៅក្នុងរឿងមួយនេះទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជនទៅលើស្នាដៃសម្តែងដំបូងរបស់ព្រះនាងផ្ទាល់ ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាអាចនឹងមានវត្តមានរបស់ព្រះនាងនៅក្នុងខ្សែភាគយន្តថ្មីនេះក៏ដោយ តែមិនទាន់មានព័ត៌មានលម្អិតអំពីខ្សែភាគយន្តរឿងមួយនេះថា ទ្រង់នឹងត្រូវសម្តែងជាតួអង្គបែបណា ហើយគ្រោងនឹងចាប់ផ្តើមសម្តែងនៅពេលណាអោយពិតប្រាកដនោះទេ ៕
ចែករំលែកព័តមាននេះ