រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងល្អមួយសម្រាប់វិស័យហោះហើរ ព្រោះក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ូតេហ្គីតូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី២២ សីហា ២០២០ នេះ កម្ពុជា និងជប៉ុនបានឯកភាពគ្នាក្នុងការបើកជើងហោះហើរឡើងវិញ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍ បន្ទាប់ពីជើងហោះហើររវាងប្រទេសទាំងបានផ្អាកមួយរយៈ ព្រោះតែកូវីដ១៩ ។
នៅក្នុងនោះរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ លោកម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើសុំសម្ដេចតេជោ ឲ្យមានការបើកដំណើរការឡើងវិញរវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យមានការហោះហើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច និងធុរកិច្ច។ ជាការឆ្លើយតបសម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានគាំទ្រឱ្យមានការបើកដំណើរការឡើងវិញនូវជើង ហោះហើរ ពីប្រទេសជប៉ុន មកកាន់កម្ពុជាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយ ដែលជាការធ្វើ ដំណើរទៅវិញទៅមករវាងប្រជាជន នៃប្រទេសទាំងពីរ ដែលនាំដល់ការពង្រីកទំនាក់ទំនងកាន់តែខ្លាំងក្លាថែមទៀត ។ ពិសេសជំរុញដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
សម្ដេចមានប្រសាសន៍បន្តថា ការបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ សម្ដេចស្នើឲ្យមានការហោះហើរឡើងវិញ របស់ក្រុមហ៊ុន ANA Airline ដោយការហោះហើរឡើងវិញរបស់ក្រុមហ៊ុននេះ នឹងអាចឱ្យដំណើរការឡើងវិញនៃប្រទេសទាំងពីរ វិលទៅរកភាពធម្មតា ដោយអនុវត្តវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ សម្ដេចមានប្រសាសន៍៖ « ការហោះហើរឡើងវិញនេះ អាចជំរុញឱ្យមានការកើនឡើងនៃទំហំពាណិជ្ជកម្ម ការវិនិយោគនៃប្រទេសទាំងពីរថែមទៀត» ។
លោកម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានសំដែងការអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងអបអរសាទរចំពោះសម្ដេចតេជោ ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ដែលនាំដល់ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បញ្ជាក់ដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ សម្រាប់កម្ពុជាផងដែរ។ សម្ដេចបានថ្លែងអំណរគុណចំពោះជំនួយទាំងឡាយរបស់ជប៉ុន ដែលបានជួយដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរជប៉ុនមកដល់កម្ពុជាមានចំនួនជិត៤ម៉ឺននាក់ ខណៈឆ្នាំ២០១៩កន្លងទៅនេះ ភ្ញៀវទេសចរ ជប៉ុនមកដល់ប្រទេសកម្ពុជា មានប្រមាណជាង១០ម៉ឺនាក់។
ចំណែកទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកាលពីឆ្នាំ២០១៩ មានប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅកាន់ប្រទេសជប៉ុនប្រមាណ១.២ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកាន់កម្ពុជា វិញជាង៨០០លានដុល្លារអាមេរិក ។ ក្នុងរយៈពេល០៦ ខែឆ្នាំ ២០២០ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅកាន់ប្រទេ សជប៉ុន មានប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមក កាន់ព្រះរាជា ណាចក្រកម្ពុជា មានជាង ៣០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ