រាជធានីភ្នំពេញ ៖ សំរាមនៅតែជាបញ្ហាបង្កអោយប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពរាជធានីភ្នំពេញយ៉ាងខ្លាំង ខណៈពេលដែលអាជ្ញាធរបានទាញយកសំរាមមកគ្រប់គ្រងទារប្រាក់ពីបងប្អូនប្រជាពលរដ្ឋ ដោយចេញសេចក្តីជូនដំណឹងគំរាមបញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណង់រឹងជាសាធារណៈ តែការប្រមូលមិនទាន់តាមសំណូមពរ។ បញ្ហានេះបង្កឱ្យមានការរិះគន់ជាខ្លាំងពីមហាជន។
ប៉ុន្មានថ្ងៃនេះ នៅក្នុងថ្ងៃឈប់សម្រាកគេឃើញសង្កេតឃើញនៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ គេឃើញសំរាមបានគរនៅរាយប៉ាយតាមដងផ្លូវ ជះក្លិនស្អុយអាសោចនៅមុខផ្ទះប្រជាពលរដ្ឋ បង្កអោយមានការប៉ះពាលដល់បរិស្ថាន និងសោភណ្ឌភាពរាជធានីភ្នំពេញយ៉ាងខ្លាំង ដែលកន្លែងខ្លះបានចាក់គររាប់សប្តាហ៍មកហើយ មិនថា តែថ្ងៃសម្រាកនោះទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅតាមដងផ្លូ បេតុង មុខវិហាអ៊ិស្លាម នៅក្នុងភូមិត្រពាំងពោធិ៍ និងផ្លូវបេតុងក្នុងភូមិចាក់ជ្រុក ក្នុងខណ្ឌពោធិ៍សែនជ័យ ទាំងផ្លូវនានាមុខវត្តក្រាំងធ្នង់ ខណ្ឌសែនសុខ ជាដើមសុទ្ធតែគំនរសំរាម ។
តាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរគំនរសំរាម បានអោយដឹងថា រយៈពេលប្រមាណជិត១សប្តាហ៍មកហើយ មិនឃើញភ្នាក់ងារប្រមូលសំរាមក្រុមហ៊ុន ស៊ិន ទ្រី ក៏ដូចជាអាជ្ញាធរសង្កាត់ មកប្រមូលសំរាមនោះទេ ទុកអោយសំរាមគរសឹងក្លាយជាកូនភ្នំទៅហើយ ។
គំនរសំរាមខ្លះទៀត ត្រូវបានគេយកទៅចាក់ក្នុងដីឡូតិ៍ស្ទើររាប់ខែ។ នេះដោយសារតែកន្លែងខ្លះ ភ្នាក់ងារប្រមូលសំរាមមិនបានប្រមូលសំរាមអោយបានដិតដល់ទៅយកដល់មុខផ្ទះជាហេតុធ្វើអោយប្រជាពលរដ្ឋមួយចំនួន ក៏បានដឹកយកទៅបោះចោលតែម្តង ។
ប្រជាពលរដ្ឋក៏បានអោយដឹងទៀតថា ទោះបីជាយ៉ាងណា គាត់នៅតែបង់ប្រាក់ថ្លៃសេវា ប្រមូលសំរាម បើភ្លេចបង់តែ១មួយខែ ពេលទៅបង់ត្រូវពិន័យគុណនឹង២ ។ ទន្ទឹមនឹងការប្រមូលសំរាមមិនបានដិតដល់ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាម្ចាស់អាជីវរម្ម សេវាកម្ម និងស្ថានប័នឯកជន ដែលពុំទាន់បានបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមអោយបានទាន់ពេលវេលា បើពុំដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការដូចខាងក្រោម ៖
១-បញ្ចេញឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង ជាសារធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ នានា ,
២.កត់ត្រាជាបំណុលហើយ អនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្ម ឬសេវាកម្ម ជាបណ្តោះអាសន្ន,
និង៣.អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
បញ្ហាសំរាមនេះ កន្លងមកត្រូវគេដឹងថា មានក្រុមហ៊ុនចំនួន៣ ដេញថ្លៃ វិនិយោគរួច ហើយតែមិនទាន់ដំណើរការនៅឡើយ ៕
ចែករំលែកព័តមាននេះ