ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា គាំទ្រ​ផែនទី​ចង្អុល​ផ្លូវ ក្នុង​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ ក្រោយ​វិបត្តិ​​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​ជំនួប​កិច្ចប្រជុំ​រវាង​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៧)…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ជំនួប​កិច្ចប្រជុំ​រវាង​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៧) និង​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ បាន​គាំទ្រ​ចំពោះ​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ក្នុង​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសច​ណ៍​ក្រោយ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ​។

លោក​ថោ​ង ខុន បាន​លើក​ឡើង​ជូន​អង្គប្រជុំ​អំពី​ការងារ​សំខាន់​ៗ​ជា​អាទិភាព​ដែល​ក្រសួង​ត្រូវ​អនុវត្ត​ក្នុង​ដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែល​រួម​មាន​៖ ការ​បង្កើន​ភាព​ជឿជាក់ និង​ទុកចិត្ត (Building Trust & Confidence) ការ​ផ្តល់​តម្លៃ​សមរម្យ (Right Price) ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ពិសេស (Green Travel Bubble) និង​ការ​សម្រួល​បែបបទ​នៃ​ការ​ធ្វើ​ដំណើរ (Travel Facilitation) ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​អំពី​ការ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ពិសេស​ក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​វែង​ខាង​មុន​នេះ ដោយ​ក្រសួង​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ចំនួន៧​ប្រភេទ​សេវាកម្ម សំដៅ​ធានា​ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ផង និង​ផ្តល់​សេវាកម្ម​ដល់​ទេសចរ​ជាតិ និង​ទេសចរ​បរទេស ដែល​នឹង​ទៅ​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ប្រកបដោយ​សុវត្ថិភាព គុណភាព តម្លៃ​សមរម្យ មាន​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អ ក្នុង​នោះ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស់ លាង​សំអាត​ដៃ និង​រក្សា​គម្លាត​សង្គម​។

គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​លោក​ ថោ​ង ខុន និង​មន្ត្រីរាជការ​ក្នុង​គ្រា​លំបាក​នៃ​កូ​វី​ដ​១៩ ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល និង​វឌ្ឍនភាព​ជា​ច្រើន​ក្នុង​វិស័យ​ទេសចរណ៍​នា​ពេល​កន្លង​មក ព្រមទាំង​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ យុទ្ធ​សា​ស្ត និង​ផែនទី​បង្ហាញផ្លូវ​ដ៏​ត្រឹមត្រូវ ច្បាស់លាស់ ដើម្បី​ជំរុញ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​ងើបឡើង​វិញ​។

គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ក៏​បាន​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ដែល​ក្រសួងទេសចរណ៍​បាន និង​កំពុង​ជួប​ប្រទះ ហើយ​បាន​ផ្តល់​អនុសាសន៍​ជា​ធាតុ​ចូល​បន្ថែម និង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រសួង​ក្នុង​ជំរុញ​ការ​អនុវត្ត​គោលដៅ​យុទ្ធសាស្ត្រ​ទាំង​បួន កា​រ​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ (Road Map) ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​ការ​សិក្សា​លើ​គោលការណ៍ «Travel Bubble» ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស និង​ប្រទេស ក្នុង​គោលដៅ​ជំរុញ​ចលនា​ទេសចរណ៍​។

លោក​ហ៊ុន ម៉ា​នី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​បន្ត​បេសកកម្ម​របស់​ខ្លួន ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស ដោយ​ផ្តោត​ការ​គិតគូរ​លើ​កត្តា​សំខាន់​បី​ក្នុង​នោះ​រួម​មាន​៖ កត្តា​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ កត្តា​បច្ចេកទេស និង​កត្តា​មហាជន (​សាធារណ​មតិ​)​។

លោក​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ក្នុង​ដំណាក់​វិបត្តិ​កូ​វី​ដ​១៩​នេះ ការ​កសាង បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ មិន​ថា​ក្នុងស្រុក ឬ​ភ្ញៀវ​អន្តរជាតិ ពិតជា​មាន​សារសំខាន់​បំផុត ស្រប​ពេល​នឹង​ការ​ខិតខំ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​លក្ខណៈ​ស៊ីសង្វាក់​ទាំង​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ និង​ការ​ផ្សព្វផ្សាយ​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​សុខ​សុវត្ថិភាព និង​ភាព​កក់ក្តៅ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ