ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឿ​ន រូ​ហ្ស៉ា បង្ហាញ​មហិច្ឆតា​ចង់​ប្រឡូក​​សិល្បៈ​ឱ្យ​ជាប់លាប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​គ្រង​តំណែង​តួអង្គ «​ព្កុល​មាស​» តារា​សម្តែង​ជើង​ថ្មី​នាង អឿ​ន រូ​ហ្ស៉ា បាន​​បង្ហាញ​មហិច្ឆតា​ចង់​ប្រឡូក​ការងារ​សម្តែង​ឲ្យ​បាន​ជាប់លាប់ ត្បិត​នោះ​គឺជា​ការងារ​ដែល​នាង​ស្រឡាញ់ ក្រោ​ពី​ការងារ​ត្រូវ​ជំនាញ​ដែល​សិក្សា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​គ្រង​តំណែង​តួអង្គ «​ព្កុល​មាស​» តារា​សម្តែង​ជើង​ថ្មី​នាង អឿ​ន រូ​ហ្ស៉ា បាន​​បង្ហាញ​មហិច្ឆតា​ចង់​ប្រឡូក​ការងារ​សម្តែង​ឲ្យ​បាន​ជាប់លាប់ ត្បិត​នោះ​គឺជា​ការងារ​ដែល​នាង​ស្រឡាញ់ ក្រោ​ពី​ការងារ​ត្រូវ​ជំនាញ​ដែល​សិក្សា ក្នុង​ពេល​ដែល​តារារ​រូប​នេះ​មានឱកាស​បាន​បង្ហាញ​​វត្តមាន​សម្តែង​ជា​លើក​ដំបូង​ក្នុង​រឿង «​ទេពធីតា​ព្កុល​មាស​»​។

ត្បិត​មិន​មាន​ជំនាញ​ច្បាស់លាស់​នៅ​ក្នុង​ការ​សម្តែង​នេះ​ក៏​ដោយ ប៉ុន្តែ អឿ​ន រូ​ហ្ស៉ា នៅ​តែ​ឈ្មូ​ស​ឈ្មុល​ស្វែងរក​ឱកាស​នៃ​ការ​សម្តែង​បន្ថែម​ទៀត បើ​ទោះបីជា​បច្ចុប្បន្ន​មាន​តារា​ថ្មី​ៗ​ជា​ច្រើន​កំពុង​តែ​ប្រជែង​ទីផ្សារ​គ្នា ដើម្បី​បាន​សម្តែង​ជា​បន្តបន្ទាប់​ក៏​ដោយ​។

ជា​និស្សិត ទើប​បញ្ចប់​បរិប​ត្រ​ផ្នែក​ទេសចរណ៍ អឿ​ន រូ​ហ្សា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា មុន​ឈាន​ជើង​ចូល​ប្រឡូក​សិល្បៈ​នា​ពេល​នេះ​នាង​គ្រាន់​ជា​មេ​គ្គុ​ទេស​នាំ​ភ្ញៀវ​ដើរ​កំសាន្ត​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ ហើយ​ពេល​ដែល​នាង​បាន​បញ្ចប់​ការ​សិក្សា​នោះ គឺ​នាង​ក៏​មានឱកាស​ធ្វើតេស្ត​សម្តែង​រឿង «​ទេពធីតា​ព្កុល​មាស​» នេះ​តែ​ម្តង​។

នាង​បញ្ជាក់​ថា រឿង​ខាងលើ​នេះ គឺជា​ការ​សម្តែង​របស់​នាង​លើក​ដំបូង​បំផុត ព្រោះ​កន្លង​មក នាង​មិន​ដែល​បាន​សម្តែង​ជា​ខ្សែ​រឿង​ពេញ​ដូចនេះ​ឡើយ ព្រោះ​កន្លង​មក នាង​តែ​ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម​ច្រើន ហើយ​នាង​ត្រឹម​បាន​ធ្វើ​ជា​វី​ដេ​អូ​ខ្លី​បង្ហាញ​ពី​វប្បធម៌ និង​ការងារ​សង្គម​ពាក់ព័ន្ធ​ច្រើន​នឹង​សប្បុរសធម៌​។

នាង​ថា មុន​ពេល​ដែល​នាង​ថត​រឿង «​ព្ពុល​មាស​» នេះ ក៏​ធ្លាប់​បាន​ចូលរួម​ថត​រឿង​ខ្លី និង​ថត​ម៉ូត​សម្អាង ជាដើម ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ​នាង​ក៏​នៅ​តែ​មាន​គេ​ទាក់ទង​ថត​ស្ព​ត និង​សម្អាងការ​ជា​បន្តបន្ទាប់​ផង​ដែរ ក្រោយ​ពី​គេ​បាន​ស្គាល់​នាង​កាន់តែ​ច្រើន​តាម​រយៈ​រឿងបុរាណ​មួយ​នេះ​។

ទោះជា​យ៉ាងណា តារា​រូប​នេះ​លើក​ឡើង​ថា ការ​មានឱកាស​សម្តែង​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង «​ព្តុ​លមាស​» នេះ​នាង​ក៏​មិន​នឹក​ស្មាន​ដល់​ផង​ដែរ​ថា តើ​មូលហេតុ​អ្វី​បាន​ម្ចាស់​ផលិតកម្ម​ជ្រើសរើស​រូប​នាង​ឲ្យ​ចូល​សម្តែង? ប៉ុន្តែ​វា​អាច​មក​ពី​ខាង​ផលិតកម្ម​ដែល​មាន​បំណង​ចង់​ប្រ​ម៉ូត​តួ​ថ្មី​ឲ្យ​មាន​ឱកាស​បាន​បញ្ចេញ​ទេព​កោសល្យ​នៃ​ការ​សម្តែង​។

យ៉ាងណា នាង​ទទួលស្គាល់​ថា ការ​ចេញ​ថត​ភាពយន្ត​លើក​ដំបូង​នេះ នាង​ពិតជា​មានការ​ពិបាក​ច្រើន ប៉ុន្តែ​ដោយសារ​តែ​បាន​ទទួល​ការ​ណែនាំ​ពី​អ្នកដឹកនាំ​រឿង និង​ការ​សួរនាំ និង​បង្ហាត់បង្ហាញ​ខ្លះ​ពី​រៀមច្បង​មួយ​ចំនួន​ដែល​បាន​ចូល​ថត​រឿង​នេះ​ដែរ​នោះ ទើប​នាង​អាច​សម្តែង​បាន​រហូត​ចប់​សាច់​រឿង​។

បើ​តាម អឿ​ន រូ​ហ្ស៉ា បន្ទាប់​ពី​បង្ហាញ​វត្តមាន​សម្តែង​រឿង​ភាគ​ជា​លើក​ដំបូង​នេះ បច្ចុប្បន្ន​នាង​ក៏​មាន​ផលិតកម្ម​មួយ​កំពុង​ទាក់ទង​ឲ្យ​នាង​ចូលរួម​សម្តែង​ជា​ថ្មី​ផង​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ប្រាប់​នៅឡើយ​ទេ​ថា ជា​រឿង​អ្វី ព្រោះ​អ្វី​ៗ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ច​ចារ​គ្នា​នៅឡើយ​។

តារា​សម្តែង​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​រូប​នេះ​បាន​បន្ថែម​ថា ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​សម្តែង​ភាពយន្ត​លើក​ដំបូង​នា​ពេល​នេះ នាង​ចង់​ចាប់​យក​ឱកាស​សម្តែង​ថ្មី​ៗ​បន្ថែម​ទៀត ព្រោះ​ជា​ការងារ​ដែល​នាង​ស្រឡាញ់​មួយ​ផ្នែក បន្ទាប់​ពី​ការងារ​ដែល​ត្រូវ​ជំនាញ​ដែល​នាង​បាន​សិក្សា​នោះ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​វិញ អឿ​ន រូ​ហ្ស៉ា បាន​ស្នើ​សុំ​មិន​បកស្រាយ​អ្វី​ឡើយ ព្រោះ​នាង​រឿង​នេះ​នាង​ចាត់ទុកជា​រឿង​ឯកជន​ផ្ទាល់ខ្លួន ខណៈ​ពេល​ចំពោះ​មុខ​នាង​គិតតែ​ចាប់​ឱកាស​បាន​សម្តែង​ឲ្យ​បាន​ជាប់លាប់​នឹង​ច្រើន​ជា​មុន​សិន ចំណែក​រឿង​ស្នេហា​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់​។

ជា​ការ​កត់សម្គាល់ ទស្សនិកជន​ដែល​និយម​តាមដាន​រឿង​ភាគ​ខ្មែរ​ដែល​បាន​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ប្រាកដ​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​ទេព​កោសល្យ​សម្តែង​របស់ អឿ​ន រូ​ហ្ស៉ា ដែល​សម្តែង​ជា​តួអង្គ «​ព្កុល​មាស​» ពេល​ធំ ដែល​មាន​អត្ត​ចារិក​ស្លូតបូត ស្រគត់ស្រគុំ ខណៈ​ពេល​រឿង​នេះ​កំពុង​ចាក់​ផ្សាយ ។ បើ​ទោះបីជា​ការ​សម្តែង​លើក​ដំបូង​របស់​នាង​នា​ពេល​នេះ​ហាក់​មាន​ចំណុច​ខ្វះខាត​ខ្លះ​ៗ​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ផ្ទៃរឿង​នាង​នាង​ពិតជា​អាច​សម្តែង​បាន​យ៉ាង​សាក​សម​មិន​ចាញ់​តារា​ចាស់​ៗ​មួយ​ចំនួន​ទៀត​ឡើយ ហើយ​តារា​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ឱកាស​បាន​សម្តែង​រឿង​ថ្មី​ៗ​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ