ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​សំខាន់​ចំនួន​៥​ជំរុញ​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើន​រហូត​ដល់​ជាង​៤២​ម៉ឺន​តោន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ស្ថិត​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០ កន្លង​មកនេះ​មាន​រហូត​ដល់​ជាង​៤២​ម៉ឺន​តោន​កើនឡើង​ជាង​៣៨% បើ​ប្រៀបធៀប និង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ស្ថិត​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០ កន្លង​មកនេះ​មាន​រហូត​ដល់​ជាង​៤២​ម៉ឺន​តោន​កើនឡើង​ជាង​៣៨% បើ​ប្រៀបធៀប និង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៩ ។

ការ​នាំ​ចេញ​មាន​ស្ទុះ​កើនឡើង​រហូត​ដល់​ជាង​៤២​ម៉ឺន​តោន​នេះ គឺ​ពឹងផ្អែក​ទៅ​លើក​ក្តា​សំខាន់​ចម្បង​ៗ​ចំនួន​៥ ។ យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤២៦.០៧៣ តោន ក្នុង​រយៈពេល​៧​ខែ នៅ​ក្នុង​ឆ្នាំ​២០២០ ដែល​គិត​ជា​កំណើន​មាន​ប្រមាណ​ជា ៣៨.៣៣% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៩ ។

បើ​យើង​ប្រៀបធៀប​កំណើន​ក្នុង​រយៈពេល​៥​ឆ្នាំ ចុង​ក្រោយ (២០១៥-២០១៩) នោះ យើង​ឃើញ​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​យើង​ក្នុង​រយៈពេល​៧​ខែ ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២០​នេះ មាន​ភាព​មិន​នឹងនរ​ដែល​មាន​មធ្យមភាគ​ក្រោម​១% ។

បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គូសបញ្ជាក់​ថា « ចំពោះ​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០ នេះ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នេះ គឺ​ដោយសារ​កត្តា​សំខាន់​៖១ – តម្រូវការ​ស្បៀង​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩​នៅ​តាម​បណ្តា​ប្រទេស​នាំ​ចូល ,២ -​ការ​ថយ​ចុះ​នៃ​អត្រាពន្ធ​នាំ​ចូល​របស់​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ពី ១៧០​អឺ​រ៉ូ មក ១៥០​អឺ​រ៉ូ ,៣ -​បរិមាណ និង​សុពលភាព​នៃ​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​នៅ​មាន​ចំនួន​ច្រើន រួម​នឹង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅ​កាន់​ទីផ្សារ​ហុងកុង អូស្ត្រាលី រុ​ស្សី និង ញូ​ហ្សេ​ឡេ​ន​ជាដើម​,៤-​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភេទ​អង្ករ ពី​អង្ករ​កិន​ធម្មតា​ទៅ​រក​ទីផ្សារ​អង្ករសម្រូប អង្ករ​សរីរាង្គ ,៥-​ការ​រក្សា​បាន​កំណើន​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​ប្រ៊ុ​យ​ណេ និង​ប្រទេស​ហ្កា​ប៊ុ​ង ដែល​ប្រទេស​ទាំង​បី​នេះ​កាន់កាប់ ចំណែក​ទីផ្សារ​ប្រទេស​កម្ពុជា​ជិត​១៥% នៃ​បរិមាណ​អង្ករ​នាំ​ចេញ​សរុប​» ។

សម្រាប់​រយៈពេល ៧​ខែ​នៃ​ឆ្នាំ​២០២០ នេះ ចំណូល​ដុល​ពី​ការ​នាំ​ចេញ​អង្ករ​បាន​ចំនួន ២៨៥.៨០​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ ចំពោះ​ការ​នាំ​ចេញ​អង្ករ​ប្រចាំខែ​កក្កដា ដែល​ជា​ទូទៅ គឺជា​ខែ​ដែល​ការ​នាំ​ចេញ​បាន​ចំនួន​តិច​ជាងគេ​នៃ​ចំនួន​ខែ​ទាំងអស់​ប្រចាំឆ្នាំ គិត​ជា​មធ្យម​ក្នុង​ខែកក្កដា​នេះ មាន​ប្រហែលជា ២៦ ០០០ តោន ក្នុង​មួយ​ខែ ដោយសារ​ខែកក្កដា ជា​ខែ​ចុងរដូវ​នៃ​ស្តុក​ស្រូវស្រាល ដូច​ជា​សែន​ក្រអូប សុមាលី និង​ពពួក​ស្រូវ​ប្រកាន់​រដូវ ដូច​ជា​ផ្ការំដួល​ផង​ដែរ​។

សម្រាប់​ខែកក្កដា ឆ្នាំ​២០២០ នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ២៨ ៤១៣ តោន ដែល​មាន​បរិមាណ​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​២០១៥ បាន​នាំ​ចេញ​ចំនួន ២៨ ៤៩២ តោន តែ​ខុស​គ្នា​ត្រង់​ខែកក្កដា ឆ្នាំ​២០២០ ភាគច្រើន​ជា​អង្ករ​ក្រអូប អង្ករ​សរីរាង្គ ខណៈ​ដែល​ឆ្នាំ​២០១៥ ភាគច្រើន​ជា​អង្ក​រស ធម្មតា​។ ការ​នាំ​ចេញ​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ គិត​ជា​ទឹកប្រាក់​បាន​ចំនួន ២០.១២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ប្រភេទ​អង្ករ​នាំ​ចេញ​ចាប់តាំងពី​ឆ្នាំ ២០១៦ យើង​ឃើញ​ថា​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​មាន​កំណើន​ជា​លំដាប់ រីឯ​អង្ក​រស និង​អង្ករ​ចំហុយ​មាន​ទំនោរ​ធ្លាក់​ចុះ​ជា​គំហុក​ចាប់ពី​ឆ្នាំ​២០១៨​មក តែ​មាន​កំណើន​វិញ​ខ្លះ នៅ​ឆ្នាំ​២០២០​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រីឯ​អង្ករ​សរីរាង្គ​នៅ​មាន​ទំនោរ​កំណើន​ជា​បណ្តើរ​ៗ​។ សំរាប់​៧​ខែ​ក្នុង​ឆ្នាំ ២០២០​នេះ អង្ករ​ក្រអូប​មាន​កំណើន​ប្រមាណ​ជិត ៣២% ហើយ​អង្ក​រស មាន​កំណើន​កើន​ជាង​៨២% ហើយ​អង្ករ​សរីរាង្គ​មាន​កំណើន​ជាង ១៦% បើ​ប្រៀប​ទៅ​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ