រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញស្ត្រីបានចូលប្រឡូក ឬធ្វើអាជីវកម្មហាក់មានភាពផុលផុសច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅក្នុងការប្រកមមុខរបរអាជីវកម្មរបស់ពួកគាត់កំពុងជួបបញ្ហាប្រឈមចំពោះមុខចំនួន៣ ដែលរាំងស្ទះដល់ការរីចម្រើន ។

លោកជំទាវ អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាមានប្រសាសន៍ថា « តាមការសម្រង់មតិ ឬស្ទង់មតិរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា យើងឃើញថា ភាពប្រឈមរបស់ស្ត្រីមានចំនួន៣៖ ទី១- កង្វះចំណេះដឹងទៅលើអាជីវកម្ម, ទី២- ខ្វះលុយ ឬដើមទុន និងទី៣-គឺខ្វះទីផ្សារ» ។

លោកជំទាវបន្តថា នៅក្នុងធ្វើអាជីវកម្មរបស់គាត់ គឺគាត់ចង់ឱ្យមានការរីកចម្រើន ប៉ុន្តែប្រឈមរបស់ពួកគាត់ គឺបញ្ហាទាំង៣ខាងលើ ហើយបើប្រៀបធៀបទៅ និង៥ឆ្នាំមុនគាត់កាន់តែលំបាកជាងនេះ ដោយសារគាត់អត់ដឹងថា ខ្លួនគាត់ត្រូវការអ្វីនោះទេ ។ តែបច្ចុប្បន្ននេះនៅពេលគាត់ប្រលូកក្នុងអាជីវកម្ម ធ្វើឱ្យគាត់ទទួលបានបទពិសោធន៍ទើបដឹងខ្លួនថា គាត់ខ្វះខាត អីចឹងគាត់ខ្វះចំណេះដឹង ខ្វះលុយ និងកង្វះខាតទីផ្សារ» ។

បើតាមប្រធានសមាគមសង្កេតឃើញថា នៅពេលស្ត្រីបានដឹងពីចំណុចខ្វះខាតពួកគាត់បានចូលរួមជាមួយសមាគម ដើម្បីឱ្យដោះស្រាយ ឬជួយបំពេញនៅចំណុចខ្វះខាតជូនពួកគាត់រហូតដល់សមាគមមានសមាជិកជាង៦០០នាក់ មកពីគ្រប់វិស័យនាពេលសព្វថ្ងៃ ។ លោកជំទាវសង្កត់ធ្ងន់ថា« ការរីកចម្រើនរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម មានភាពប្រសើជាងពេលមុនៗតិចតួចវាមិនទាន់បំពេញនូវតម្រូវការរបស់គាត់ទាំងអស់បានទេ។ដោយសារខ្វះខាតអ្វីដែលគាត់ចង់បានជាចម្បងទៅតាមផ្នែក ។ តែទន្ទឹម និងនេះខាងសមាគមព្យាយាមបង្កើតកម្មវិធីជាច្រើន ដើម្បីរកដំណោះស្រាយជូនពួកគាត់ (ស្ត្រី)» ។
ទន្ទឹមនឹងការធ្វើអាជីវកម្មរបស់ស្ត្រីប្រឈមបញ្ហាទាំង៣ខាងលើ ហើយបើស្ត្រីមិនមានការយល់ដឹងពីការគ្រប់គ្រងឬចាត់ចែងហិរញ្ញវត្ថុក្នុងគ្រួសារថែមទៀតនោះ ពិតណាស់វានឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសារក៏ដូចសង្គមជាតិ ។

បើតាម ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា «បើសិនស្ត្រីទាំងអស់គាត់មិនមានការយល់ដឹងផ្នែកហិរញ្ញវត្ថុនោះទេ មានន័យថា គាត់នឹងមានការលំបាកក្នុងការគ្រប់គ្រងទាំងនៅក្នុងជីវភាពគ្រួសារនិងអាជីវកម្ម ។ អីចឹងវាប៉ះពាល់ទៅដល់គ្រួសារទាំងមូលក៏ដូចជាសង្គមជាតិ ដោយសារគាត់មិនដឹងថា ប្រាក់ចំណូលរបស់គាត់ប៉ុណ្ណឹងត្រូវបែងចែកយ៉ាងម៉េចឱ្យជីវភាពគ្រួសារគាត់រស់បានសាកសមល្មម ។ បើគាត់មិនចេះចាត់ចែងហិរញ្ញវត្ថុនេះ នោះវាអាចជាជាវិបត្តិធ្ងន់ធ្ងរមួយ»។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនគារជាតិនៃកម្ពុជាថ្មីៗនេះបានមានប្រសាសន៍ថា«នៅពេលដែលស្ត្រីកាន់តែច្រើនមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ នោះពួកគាត់នឹងមានលទ្ធភាពកាន់តែខ្ពស់ និងឱកាសកាន់តែច្រើនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រួសារ និងសហគមន៍តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ ការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុនាពេលមានអាសន្ន ដែលកត្តាទាំងនេះនឹងនាំឲ្យគ្រួសារ និងសហគមន៍មានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចាំបាច់នានា ដូចជាសេវាអប់រំ សុខភាព អនាម័យ និងទឹកស្អាត ជាដើម» ។

លោកជំទាវសង្កត់ធ្ងន់ថា«ដូច្នេះ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រី នឹងដើរតួនាទីជាគ្រឹះក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី»៕
ចែករំលែកព័តមាននេះ