រាជធានីភ្នំពេញ ៖ មានករណីជម្លោះប្រតាយប្រតប់គ្នាមួយបានកើតឡើងរវាងអ្នកលក់ផ្លែស្វាយ ជាមួយនឹងអ្នកទារភាស៊ីថ្លៃអនាម័យ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៥ មករា ២០១៥ នៅចំណុចខាងកើតផ្សារនាគមាស ផ្លូវ២៣៤ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោគ ។ អ្នកលក់ផ្លែស្វាយមានឈ្មោះ សុខ រឹម ភេទស្រី អាយុ៣៥ឆ្នាំ ហើយដើមហេតុដែលឈានទៅដល់ការប្រតាយប្រតប់គ្នានេះគឺផ្តើមចេញពីរឿងទារថ្លៃភាស៊ីអនាម័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺមានបុរសម្នាក់ដែរជាអ្នកទារថ្លៃភាស៊ីប្រចាំផ្សារនាគមាស បានដើរមកទារលុយថ្លៃភាស៊ីអនាម័យពីស្រ្តីអ្នកលក់ផ្លែស្វាយកែវល្មៀត ដោយសារតែម្ចាស់ផ្លែស្វាយថាលក់មិនដាច់ សុំឱ្យអ្នកទារថ្លៃអនាម័យនោះលើកលែងកុំយកថ្លែអនាម័យម្តង តែបុរសនោះនៅតែមិនព្រមហើយបម្រុងទាញយកផ្លែស្វាយរបស់ស្រ្តីនោះ ក៍បង្កឱ្យមានការប្រតាយប្រតប់គ្នាកើតឡើងតែម្តង ។ ហើយបើតាមស្រ្តីអ្នកលក់ផ្លែស្វាយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងពីរទៅបីដងមកហើយ ដែល២ទៅ៣ថ្ងៃមុនបុរសម្នាក់នេះក៍បានមកទារថ្លៃអនាម័យដូចគ្នានេះដែរ ហើយពេលគាត់លក់មិនទាន់ដាច់ ក៏សុំពន្យាពេលចាំលក់ដាច់ចាំមកយក តែបុរសនោះមិនព្រមក៏ទាញយកផ្លែស្វាយកែវល្មៀតរបស់គាត់ចំនួន២ ថង់ទៅបាត់ដែលសរុបជាលុយមានចំនួនពី៤ទៅ៥មឺុនរៀល ស្រាប់តែមកដល់ថ្ងៃនេះក៏មានជម្លោះប្រតាយប្រតប់គ្នាកើតឡើងតែម្តង ។
សូមបញ្ជាក់ថា សម្រាប់កន្លែងលក់ផ្លែស្វាយរបស់ស្រ្តីខាងលើពីមុនមួយកន្លែង តម្រូវឱ្យបង់ថ្លៃអនាម័យចំនួន៥០០រៀល តែពេលនេះមួយកន្លែងថ្លៃអនាម័យឡើងដល់១០០០រៀលទៅវិញ ។
ចែករំលែកព័តមាននេះ