ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ នៅ​ទីស្តីការក្រសួង​យុត្តិធម៌ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក…

រាជ​ធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ នៅ​ទីស្តីការក្រសួង​យុត្តិធម៌ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

ពិធី​ខាងលើ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​, ថ្នាក់ដឹកនាំ​នៃ​ក្រសួងយុត្តិធម៌​,​លោក យូ ប៊ុ​ន​ទ្បេ​ង ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​, ​លោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ រួម​ទាំង​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ជា​ច្រើន​ទៀត ។

លោក ច្រឹង ខ្មៅ អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ត្រូវ​បាន​ផ្ទេរ​មក​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនួស​លោក កែវ សុធា ដែល​ត្រូវ​បាន​ផ្ទេរ​ឱ្យមក​បម្រើ​ការងារ​នៅ​ក្រសួង​យុ​តិ្ត​ធម៌ តាម​រយៈ​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៧២០/៧៦៩ ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​។

ក្នុង​ពិធី​នេះដែរ​ ​លោក​រដ្ឋមន្ត្រី​បាន​សំដែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ ជូន​ចំពោះ​លោក ឃួ​ង ស្រេង ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ដែល​កន្លង​មក​បាន​ជួយ​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ល្អ​ចំពោះ​លោក កែវ សុធា ឲ្យ​អនុវត្ត​នូវ​តួនាទី​ខ្លួន​ដោយ​ប្រសិទ្ធភាព​។

លោក​រដ្ឋមន្ត្រី សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក ច្រឹង ខ្មៅ នឹង​ខិតខំ​យកចិត្តទុកដាក់​បំពេញភារកិច្ច​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត ជា​ពិសេស​ពង្រឹង​កិច្ចសហការ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់ ទាំងអស់ ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ផ្អែក​តាម​តួនាទី និង​ភារកិច្ច​ដែល​ច្បាប់​ប្រគល់​ឱ្យ​រៀង​ៗ​ខ្លួន និង​សូម​ជូនពរ លោក ច្រឹង ខ្មៅ ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ភារកិច្ច​នេះ ក្នុង​មុខ​តំណែង​ជា​ព្រះរាជអាជ្ញា​ថ្មី​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ឱកាស​​នេះដែរ​ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​កាត់ក្តី​ឱ្យ​បាន​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ ក៏​ដូច​ជា​លើកកម្ពស់​ការ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​មាន​ភាព​ងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ដល់លោក ច្រឹង ខ្មៅ ជា​ព្រះរាជអាជ្ញា​ថ្មី​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​លោក តាំង ស៊ុន​ទ្បា​យ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​អស់លោក លោកស្រី​ជា ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​សាលា​ជម្រះក្តី​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រទេស ដូច​ខាងក្រោម​៖

ទី​១-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើ​ជា​គោលការណ៍​ក្នុង​ការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន ក៏​ដូច​ជា​ក្នុង​ការ​ដឹកនាំ​អង្គភាព​សាលា​ជម្រះក្តី​។

ទី​២-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការ​កាត់ក្តី​មួយ​ប្រកប​ដោយ​អ​នា​គតិ ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ការ​វៀរចាក​នូវ​អ​គិត​ធម៌​ទាំង​៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន នៅ​មុន​ពេល​ខ្លួន​ចូល​កាន់​តំណែង​។

ទី​៣-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ យុត្តិធម៌​ ។

ទី​៤-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា កន្លង​ទៅ​នេះ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម«​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុក​រលួយ​»​។

ទី​៥-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ល្អជា​មួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​តុលាការ ក៏​ដូច​ជា​ប្រសិទ្ធភាព​នៃ​ការ​បម្រើសេវា​យុ​តិ្ត​ធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។

​លោក​​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «ក្រសួងយុត្តិធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បន្ត​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែម​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ