រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងចិន ឬហៅថា FTA នៅមួយរយៈចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយភាគធំយល់ថា FTA វានឹងផ្តល់ប្រយោជន៍ច្រើនទៅប្រទេសចិនជាជាងកម្ពុជា។

តើពិតឬទេដែលថាកម្ពុជាទទួលបានអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងប្រទេសចិននេះ? ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់ FTA នេះបើតាមមន្ត្រីជំនាញដែលធ្វើការងារលើកិច្ចចរចាបានអះអាងថា FTA វាមិនបានធ្វើឱ្យប៉ះពាល់ដល់សហគ្រាសធុនតូចនិងមធ្យម ឬហៅថា SMEs របស់កម្ពុជានោះទេ។ តែផ្ទុយទៅវិញ FTAវានិងជួយគាំទ្រដល់ SMEs ហើយទស្សនៈដែលយល់ថា FTAនេះផ្តល់អត្ថប្រយោជន៍ច្រើនទៅឱ្យចិនវាមិនពិតនោះទេ។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា « អ្វីដែលយើងបានបើកឱ្យគេរួចពន្ធតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា ចិននោះសុទ្ធតែផលិតផលដែល យើងមិនដែលបានផលិតទេ ហើយផលិតផលទាំងអស់នោះគឺវាបម្រើឱ្យផលិតកម្មសម្រាប់នាំចេញផលនិងផលិតកម្មសម្រាប់វិនិយោគបន្តនៅក្នុងស្រុកយើង»។

លោករដ្ឋលេខាធិការបញ្ជាក់ថា «អីចឹងផលិតផលភាគច្រើនអត់បានធ្វើឱ្យប៉ះពាល់ដល់ SMEs របស់យើងទេ ប៉ុន្តែវាជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់SMEs ដោយសារផ្នែកផ្សេងៗវាបានជួយគាំទ្រដល់SMEs ដូចជាE-commerce ,ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រោមខ្សែក្រវ៉ាត់ផ្លូវមួយ កិច្ចសហប្រតិបត្តិការផ្សេងៗទាំងនោះវាជួយពង្រឹងដល់SMEsរបស់យើងទៅវិញទេ»។

បើតាមមន្ត្រីតំណាងឱ្យខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចារផ្នែកទំនិញលើកឡើងថា អ្វីដែលយើងបានធ្វើរវាងកម្ពុជានិងចិននេះ(FTA)គឺធ្វើឱ្យប្រសើជាងអ្វីដែលយើងបានទទួលនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិនដែលបានអនុវត្តអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។នៅក្រោមកិច្ចព្រមព្រៀងនោះការបើកទីផ្សារទំនិញរបស់កម្ពុជាចូលទៅក្នុងទីផ្សារចិន គឺមានចំនួន៩៤.៧%នៅលើបន្ទាត់ពន្ធរបស់ចិនចំនួនជាង៨.០០០មុខទំនិញ។
តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តថា ក្រោមកិច្ចព្រមព្រៀងនេះយើងបានសម្រេចបានប្រសើជាងអ្វីដែលយើងបាននៅក្នុងអាស៊ាន ចិនមានជាង៣០០មុខទំនិញនោះ ហើយមុខទំនិញភាគច្រើនវាស្ថិតនៅក្នុងប្រភេទមុខទំនិញផលិតផលកសិកម្មនិងផលិតផលសម្រេចកើតចេញពីឧស្សាហកម្មកែច្នៃ។
លោកសង្កត់ធ្ងន់ថា «ខ្ញុំចង់បញ្ជាក់ថាទស្សនៈដែលយល់ថា ចិនអាចនឹងមានផលប្រយោជន៍ច្រើននៅក្នុងកិច្ចព្រមព្រៀងFTA ជាងកម្ពុជា គឺសុំឱ្យបោះចោលនូវការគិតអវិជ្ជមាននេះចេញ។ហេតុអ្វី0x017d7 ទោះបីអត់មាន FTAនេះ យើងដឹងហើយចិនគឺជាប្រទេសអ្នកផលិតធំ ទោះបីអត់មាន FTAនេះក៏យើងនៅតែត្រូវការនាំទំនិញមកពីប្រទេសចិនដដែល»។
លោកលើកឡើងថាពាក់ព័ន្ធពាណិជ្ជកម្មទំនិញ ជាគោលដៅសំខាន់របស់ FTAគឺយើងសម្រុតពន្ធនាំចូល ពន្ធគយគឺសិទ្ធិអធិបតេយ្យរបស់ប្រទេសមួយ នៅពេលយើងចរចារបាន FTA វាក្លាយទៅជាកាតព្វកិច្ចភាគីទាំងសងខាងមានលក្ខណៈឋិតថេរទៅមុខ។ ម្លោះហើយយើងសម្រុតពន្ធទំនិញរបស់យើងចូលទៅប្រទេសចិនបានច្រើនភាគរយ។បានន័យថាកុំឱ្យមានគំនិតសុទិដ្ឋិនិយមថាចិនអាចនឹងទទួលបានប្រយោជន៍ច្រើនពី FTAនេះជាងកម្ពុជា គឺមិនមែនទេ។
បើតាមលោក សុខសុភ័ក្ត្រ ពាក់ព័ន្ធនិង FTA នេះក្រសួងនិងផ្សព្វផ្សាយជូនប្រជាជន។ ពួកខ្ញុំនឹងធ្វើនិងចុះទៅតាមសមាគមនិងខេត្តឱ្យពួកគាត់ត្រូវត្រៀមអ្វីខ្លះ។រាជរដ្ឋាភិបាលបានឯកភាពឱ្យបង្កើតក្រុមជំនាញមួយស្ថិតនៅក្រោមឆ័ត្រគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្វើជំរុញចលនាទាំងអស់នោះ៕
ចែករំលែកព័តមាននេះ