ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សុខាភិបាល​ខេត្ត​ប្រកាស​ថា​ការ​កើត​ជំងឺ​គ្រុន​ឈី​ក​មិន​ធ្ងន់ធ្ងរ​ទេ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់ និង​ក្រុង​កោះ​រ៉ុ​ង ថា​មាន​ករណី​កើត​ជំងឺ​គ្រុន​ឈី​ក​ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​នោះ មន្ត្រី​ជំនាញ​ផ្នែក​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០២០​ថា ករណី​ជំងឺ​គ្រុន​ឈី​ក​នៅ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​នៅ​ស្រុក​ព្រៃ​នប់ និង​ក្រុង​កោះ​រ៉ុ​ង ថា​មាន​ករណី​កើត​ជំងឺ​គ្រុន​ឈី​ក​ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​នោះ មន្ត្រី​ជំនាញ​ផ្នែក​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០២០​ថា ករណី​ជំងឺ​គ្រុន​ឈី​ក​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​កើត​មាន​ខ្លះ​នៅ​តាម​មូលដ្ឋាន​ស្រុក និង​ក្រុង មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ ។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​កូនចៅ សាច់​ញាតិ​កើតរោគ​សញ្ញា​ដូច​ជា​ក្តៅខ្លួន​ខ្លាំង ចេញ​កន្ទួល​រមាស់ និង​ឈឺសន្លាក់​ដៃជើង សង្ស័យ​ថា​ជា​គ្រុន​ឈី​ក សូម​នាំ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ថា ការ​បញ្ជាក់​បាន​ថា​ជា​ជំងឺ​គ្រុន​ឈី​ក​ពិតប្រាកដ លុះណាតែ​យក​សំណាក​អ្នកជំងឺ​ទៅ​ពិសោធន៍​​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ជំងឺ​នេះ​មិន​បណ្តាល​ឱ្យ​រង​គ្រោះ​ដល់​អាយុជីវិត​ដូច​ជា​ជំងឺគ្រុនឈាម​ឬ​ជំងឺឆ្លង​ផ្សេង​ទៀត​ទេ ប៉ុន្តែ​មាន​ផល​ប៉ះពាល់​មក​លើ​សុខភាព​ខ្លះ​និង​ខាតបង់​ពេលវេលា ដែល​ចាំបាច់​ពលរដ្ឋ​ត្រូវ​ចូលរួម​រក្សា​អនាម័យ​និង​សម្លាប់​មូស​ខ្លា​នៅ​ក្បែរ​ផ្ទះ ។

ជាមួយ​គ្នា​នេះ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ប្រាប់​នៅ​ថ្ងៃ​ដដែល​នោះ​ថា បច្ចុប្បន្ន​នៅ​ក្នុង​មន្ទីរពេទ្យ​មិន​មាន​អ្នកជំងឺ​គ្រុន​ឈី​កមួយ​ករណី​ណា​កំពុង​ព្យាបាល​ឡើយ ចំណែក​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល ជា​ប្រភេទ​ជំងឺ​ទូទៅ​ដែល​មាន​ទាំង​កុមារ​និង​មនុស្ស​ចាស់ ។

ចំពោះ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈី​ក ៖

១-​ជំងឺ​គ្រុន​ឈី​ក​បង្ក​ឡើង​ដោយ​វីរុស​ឈី​ក តាម​រយៈ​មូស​ខ្លា ។ ជំងឺ​នេះ​កើត​លើ​មនុស្ស​គ្រប់​វ័យ។

២-​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈី​ក​៖
ជំងឺ​គ្រុន​ឈី​ក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង
-​គ្រុនក្តៅ​៣​ទៅ​៤​ថ្ងៃ
-​ឈឺសន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង
-​មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក
ជំងឺ​នេះ​មិន​បណ្តាល​ឱ្យ​អ្នកជំងឺ​ស្លាប់​នោះ​ទេ លើកលែងតែ​មាន​ជំងឺ​ផ្សេង​ៗ​រួម​ផ្សំ​ដូច​ជា​៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺរលាកស្រោមខួរ​ជាដើម ។

៣-​វិធានការ​ការពារ​ជំងឺ​គ្រុន​ឈី​ក​៖
-​បំបាត់​ប្រភព​ដង្កូវទឹក មូស​ខ្លា
-​ប្រមូល​រាល់​វត្ថុ​ដក់​ទឹកបាន កម្ទេច​ឬ​កប់​ចោល
-​បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ
-​កុំ​ដេក​នៅ​ទី​ងងឹត​នៅ​ពេល​ថ្ងៃ ត្រូវ​ដេក​ក្នុង​មុង
-​កុមារ មនុស្ស​ចាស់ ត្រូវ​ស្លៀក​សម្លៀក​បំពាក់​វែង​ៗ​ការពារ​មូស​ខាំ
-​បើកទ្វារ បង្អួច​ផ្ទះ​ឱ្យ​ពន្លឺ​ថ្ងៃ​ចេញចូល​គ្រប់គ្រាន់ ដើម្បី​ដេញ​មូស​ខ្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ